BREAKING NEWS
Search

ផ្ទុះ​គ្រាប់បែក​នៅក្បែរ​វិមាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស

មន្ត្រីប៉ូលិស​កំពូល​បាន​និយាយថា ការផ្ទុះ​គ្រាប់បែក​ដ៏​គួរ​ឲ្យ​សង្ស័យ​មួយ​បាន​កើតឡើង​នៅ​ថ្ងៃ​អង្គារ​ក្នុង​ឧទ្យាន National Monument របស់​ប្រទេស​ឥណ្ឌូនេស៊ី​ក្បែរ​វិមាន​ប្រធានាធិបតី​នៅ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា​ដោយ​បណ្តាល​ឲ្យ​មន្ត្រី​យោធា​យ៉ាងតិច​ពីរ​នាក់​រងរបួស​។​

អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​និយាយថា លោក​ប្រធានាធិបតី Joko Widodo មិនបាន​ស្ថិតក្នុង​វិមាន​នេះ​ទេ​នៅពេល​ការផ្ទុះ​កើតឡើង​។​

ភ្លាមៗ​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ការផ្ទុះ​នេះ​បណ្តាលមកពី​ការវាយប្រហារ​និកាយ​ឬក៏​យ៉ាងណា​ប៉ុន្តែ​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​មាន​ប្រជាជន​មូស្លីម​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​គឺ​បាន​ទទួលរង​នូវ​ការបះបោរ​ជាថ្មី​ដោយ​ពួក​សកម្មប្រយុទ្ធ​ក្នុងស្រុក​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

លោក Gatot Eddy Pramono មេ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​តាម​ទូរទស្សន៍​មួយ​ថា ការផ្ទុះ​នៅ​ឧទ្យាន​នេះ​ត្រូវបាន​គេ​សង្ស័យថា​បង្កឡើង​ដោយ​គ្រាប់បែក​ផ្សែង​ហើយ​មន្ត្រី​យោធា​ពីរ​នាក់​ដែល​រងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ លោក Eko Margiyono មេបញ្ជាការ​យោធា​ក្រុង​ហ្សា​ការ​តា​បាន​បន្ថែមថា មន្ត្រី​រងរបួស​ទាំងពី​រ​នាក់​កំពុង​បំពេញ​តួនាទី​នៅ​ឧទ្យាន​នេះ​អំឡុងពេល​កើតហេតុ​។​

នៅពេល​សួរថា​តើ​ការផ្ទុះ​នេះ​គឺជា​លទ្ធផល​នៃ​ការវាយប្រហារ​មែនឬ​ទេនោះ លោក Pramono បាន​ឆ្លើយតប​ថា “​យើង​មិនទាន់​ហ៊ាន​អះអាង​ទេពី​ព្រោះ​យើង​កំពុងធ្វើការ​ស៊ើបអង្កេត​”​។​

កាលពី​ខែ​មុន មនុស្ស​ចំនួន​៦​នាក់​បាន​រងរបួស​ប​ន្ទា​ប់​ពី​និស្សិត​អាយុ​២៤​ឆ្នាំ​ម្នា​ក់បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ខាងក្រៅ​ទីស្នាក់ការ​ប៉ូលិស​ក្នុង​ទីក្រុង Medan​។​

ការវាយប្រហារ​នោះ​ត្រូវបាន​គេ​ផ្សារភ្ជាប់​ទៅនឹង​ក្រុម Jamaah Ansharut Daulah (JAD) សម្ព័ន្ធ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​៕ REUTERS
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114