ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី នៅ​ចំណុច​មាត់​អូរ ​ត្រូវ​ភ្លើង​ឆេះ​ខូចខាត​អស់ទាំង​ស្រុង

បន្ទាយមានជ័យ ​៖ ​ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ ​ប្រក់​ស័ង្កសី ​នៅ​ចំណុច​មាត់​អូរ​ ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ​នៅ​វេលា​ម៉ោង​១និង២០នាទី​ រសៀល​ថ្ងៃទី ២៦ ​ខែកុម្ភៈ ​ឆ្នាំ​២០២០ ​នៅ​ចំណុច​មាត់​អូរ​ព្រំដែន ​ភូមិ​គីឡូ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​។

លោក គាត ហ៊ុល ​អភិបាល​​​ក្រុង ​ប៉ោយប៉ែត​ បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​កើតហេតុ​នោះ​ ប្រជាពលរដ្ឋ​បាន​ឃើញ​ ភ្លើង​ឆេះ​ពី​ក្នុង​ផ្ទះ ​ឈ្មោះ មូល ធី ប្រពន្ធ​ ឈ្មោះ ហៀ​ច ផល្លា ​ដែលមាន​ទំហំ ៤.៥​ម៉ែត្រ × ៥​ម៉ែត្រ​ធ្វើ​អំពី​ឈើ ​ប្រក់​ស័ង្កសី​យ៉ាង​សន្ធោសន្ធៅ។

ភ្លាមៗ​នោះ​ លោក​អធិការ​នគរ​ន​បាល​ក្រុង​បាន​ដឹកនាំ​ ​កម្លាំង​នគរបាល​ ជាច្រើន​នាក់​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចំនួន​២​គ្រឿង មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ នៅ​ជិត​ផ្ទះ​ពួតដៃ ​គ្នា​ពន្លត់ភ្លើង​យ៉ាង​សស្រាក់សស្រាំ ១​ម៉ោង​ក្រោយមក ​ភ្លើង​រលត់​អស់ទាំង​ស្រុង ​មិន​រាលដាល​ ដល់ផ្ទះ​ជិតខាង​ទេ​។​

តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹងថា​ ករណី​ភ្លើង​ឆេះ​នេះ ​ប្រហែល​មកពី​ទុស្សេ​ខ្សែភ្លើង​ ពេល​ម្ចាស់​មិន​នៅផ្ទះ ​ចំណែក​ទ្រព្យសម្បត្តិ​ និង​ផ្ទះ​ខូចខាត​អស់ទាំង​ស្រុង​ មិនដឹងថា​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​នោះទេ​៕​

អត្ថបទ៖ ​​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114