ផ្លូវជាតិលេខ៥៨​ ​តម្លៃ​ប្រមាណ​ជាង ១២២​លានដុល្លារ​សហរដ្ឋអាមេរិក នឹង​​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្អែក​នេះ​ ​​​

ផ្លូវជាតិលេខ៥៨​ មានប្រវែងសរុប១៧៤,១៦​ គ.ម​ (រួមទាំងផ្លូវច្រកព្រំដែន​ ៤កន្លែង​ ៨,៩៨គ.) ពី​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ដល់ឃុំផ្អុង ខេត្តឧត្តរមានជ័យ​ នឹងបើក​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ​ នា​ថ្ងៃ​ស្អែកនេះ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវ​នេះ​សាង​សង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោម​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​ក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ក្រោម​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជា​មួយ​នឹង​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សរុប​ប្រមាណ​ជាង ១២២​លាន ដុល្លារ​សហរដ្ឋអាមេរិក ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) គិត​ចាប់ពី​ផ្លូវជាតិ លេខ​៥ ត្រង់​គ​.​ម ៣៩៩+៩០០ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅកាន់​ផ្លូវជាតិ​លេខ​៦៨ ត្រង់​គ​.​ម ១០១+៥០០ (​ផ្លុ​ង​) ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

គម្រោង​ផ្លូវ​នេះ​បាន​ចាប់​ដំណើរ​ការ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥ និង​ត្រូវ​បាន​បញ្ចប់​ការងារ​សាងសង់​ជា​ស្ថាពរ ១០០%​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។​

កំណាត់​ផ្លូវ​នេះ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ តំបន់​ភាគ​ពាយ័ព្យ​ប្រទេស ព្រមទាំង​ការ​ដឹក​ជញ្ជូន​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត ជាពិសេស​កំណាត់​ផ្លូវ នេះ​អាច​សម្រួល​ដល់​ការ​តភ្ជាប់​ជាមួយ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ការពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ពាណិជ្ជ កម្ម​ថែមទៀត​របស់​ប្រទេសជាតិ​៕​