ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​ក្រុង​កំពត ១៣៤,៨២៦​គ​.​ម កំពុង​ស្ថាបនា​ឡើងវិញ​បាន​៧៤​ភាគរយ​

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹក​នាំ​គណៈប្រតិភូ​ក្រសួង ចុះ​ពិនិត្យ​គុណភាព នៃ​ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ចោម​ចៅ​ទៅ​ក្រុង​កំពត ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

ការ​ចុះ​ពិនិត្យ​នេះ​ធ្វើឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០។ ក្នុង​គោលបំណង​ពិនិត្យ​គុណភាព​ នៃ​ការសាងសង់ ថា​តើ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក ដែល​បាន​កំណត់​ដែរ ​ឬ​យ៉ាងណា។ ដើម្បី​ធានា​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​ខួង​ពិនិត្យមើល​ស្រទាប់​គ្រឹះ និង​ការ​ពិនិត្យមើល​ការ​បំពាក់​ភ្លើងស្តុប ស្លាក​សញ្ញា​ចរាចរណ៍ ​ធានា​សុវត្ថិភាព​ នៃ​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

សូម​ជម្រាប​ជូន​ថា គម្រោង​ពង្រីក​ និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ ទៅ​ក្រុង​កំពត ដែល​មាន​ប្រវែង​សរុប​ ១៣៤,៨២៦ គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចែក​ជា​ពីរ​ដំណាក់កាល ​៖ ដំណាក់កាល​ទី​១-​ពី​ចោម​ចៅ (​ភ្នំពេញ​) ទៅ​បែក​គុ​ស ប្រវែង ៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ (AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​)​។ ដំណាក់កាល​ទី​២-ពី​បែក​គុ​ស ​ទៅ​ក្រុង​កំពត ​ប្រវែង ៦៤,៩២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ AC កម្រាស់ ៧​សង់ទីម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ១២ ម៉ែត្រ ចែកជា ២​គន្លង​។​

គម្រោង​នេះ​ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេក​ទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd)។​

គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣​នេះ ​មាន​រយៈពេល​៤៨​ខែ តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​ដោយសារ​វឌ្ឍនភាព ​នៃ​ការសាងសង់​បាន​ដំណើរការ​ដោយ​ភាព​រលូន ការសាងសង់​អាច​នឹង​ត្រូវ​បញ្ចប់​មុន​គម្រោង​រយៈពេល​៩​ខែ ពោល​គឺ​នៅ​ចុងឆ្នាំ​២០២១ ខាងមុខនេះ ​គិត​រហូត​មក​ទល់​ពេល​នេះ​ការសាងសង់​សម្រេចបាន​៧៤%​ហើយ​។​

នៅ​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ពិនិត្យ​ការ​បំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព​តាម​ការដ្ឋាន​នីមួយៗ គម្រោង​សាងសង់​ស្ពាន​រំលង​នៅ​ផ្សារ ត្រាំ​ខ្នារ​ថ្មី ទីតាំង​ត្រូវ​បំពាក់​ភ្លើងស្តុប​នៅ​ផ្សារ​ត្រាំខ្នារ ផ្សារ​អង្គតាសោម ផ្សារ​ឈូក និង​ទីតាំង​ដែល​ចាំបាច់​ត្រូវ​បើក​របាំង​ចែកផ្លូវ ក្នុង​គោលបំណង ដើម្បី​ធានា​សុវត្ថិភាព​ នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ប្រមាណ​៣៥០​លាន​ដុល្លារ​/​ឆ្នាំ និង​មាន​អត្រា​អ្នក​ស្លាប់ ប្រមាណ​៥​នាក់​/​ថ្ងៃ​។​

ជា​មួយ​គ្នា​នេះ ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ណែនាំ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ខួង​ស្រទាប់​គ្រឹះ​ទី​មួយ ស្រទាប់​គ្រឹះ​ទី​ពីរ ខួង​បេតុង​កៅស៊ូ (AC) ស្រទាប់​ទី​មួយ ធ្វើតេស្ត FWD និង​ពិនិត្យ​ផ្លូវ​ក្នុង​ក្រុង​កំពត ដែល​ប្ដូរ​ពី​ផ្លូវ AC ទៅ​ផ្លូវ​បេតុង​ផង​ដែរ​។​

ក្រោយពី​ការ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៣ ​ចំនួន​បី​កន្លែង ដោយ​មិនបាន​ជូន​ដំណឹង​ជាមុន (Spot check) លទ្ធផល​បាន​បង្ហាញថា​ ៖ គុណភាព​សំណង់​ស្ថិត​ក្នុង​កម្រិតស្តង់ដារ​មួយ​ល្អ អាច​ទទួលយកបាន ធានាបាន​នូវ​ការប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​ឈានទៅ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ក្នុង​ការ​ថែទាំ​ជួសជុល​។

ឆ្លៀត​ពេលនេះ​ផង​ដែរ​ លោក​ទេសរដ្ឋមន្ត្រី​ បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​រថយន្ត​តាម​ផ្លូវ។ ដើម្បី​ចាប់​ល្បឿន​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ នៅ​ពេល​ធ្វើដំណើរ​ឆ្លង​កាត់​ក្នុង​ទីប្រជុំជន។ ដើម្បី​ធានាឲ្យ​អ្នកបើកបរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ មិន​បើកបរ​លើស​ល្បឿន​កំណត់​ដោយ​ច្បាប់ និង​មាន​ស្មារតី​យកចិត្តទុកដាក់​ក្នុង​ការ​បើកបរ ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ពេល​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ៕
​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

សូមចុចអាន៖ ព្រឹកនេះ ឯកឧត្តម​ស៊ុន ចាន់​ថុល បង្ហើប​ពី​ការ​សាងសង់​ស្ពាន​អាកាស​នៅ​ផ្សារត្រាំខ្នារ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114