ផ្លូវលំ​ប្រវែង​៤០០០​ម ត្រូវ​បាន​ពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​ធំ សាមគ្គី​គ្នា​រៃ​ថវិកា​ជួសជុល

ឧ​ត្ត​រ​មានជ័យ ​៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ត្រពាំង​ធំ សរុប​ចំនួន​១៧៩​គ្រួសារ បាន​សាមគ្គី​គ្នា​រៃ​ជា​ថវិកា​​ជួសជុល​ផ្លូវលំ​១​ខ្សែ ​ក្នុង​ភូមិ​ប្រវែង​៤០០០​ម​(​បួន​គីឡូម៉ែត្រ​)​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹក​ជញ្ជូន​ផលដំណាំ​ប្រចាំថ្ងៃ។​

​លោក ឈន ចំណូល ​និង​ លោក អៀង វណ្ណ​ដេ​ត អនុ​ភូមិ​ត្រពាំង​ធំ បានឲ្យ​ដឹងថា ដោយសារ​កន្លង​មក​ផ្លូវ​មួយ​ខ្សែ​ខាងលើ​មាន​ផលវិបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ ក៏​ដូចជា​អ្នក​ដែល​បាន​ឆ្លងកាត់​ជា​ប្រចាំ ​ជាពិសេស​ក្នុង​រដូវវស្សា ដោយ​តាម​ផ្លូវ​មាន​ជង្ហុក​ជ្រៅៗ​ ហើយ​ក៏​មាន​អ្នកខ្លះ​ធ្លាប់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុងពេល​ធ្វើដំណើរ​ដោយ​គោយន្ត​កន្ត្រៃ។ ទើប ​លោក ឈន ចំណូល និង​លោក អៀង វណ្ណ​ដេ​ត សមាជិក​ភូមិ បាន​សហការ​ជាមួយ​ប្រធាន​ក្រុម​រដ្ឋបាល​ភូមិ​ ក៏​ដូចជា​កម្លាំង​ប្រជា​ការពារ ​ដឹក​នាំ​ជួសជុល និង​មាន​ការចូលរួម​សាមគ្គី​ពី​ប្រជាពលរដ្ឋ​ទាំង​១៧៩​គ្រួសារ​ ដោយ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​តាម​លទ្ធភាព​រៀងៗ​ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ខាងលើនេះ ​គឺមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​/ស្រុក ប៉ុន្តែ​ចំពោះ​ថវិកា ក៍​ដូចជា​គ្រឿងចក្រ​ចំនួន​១៤​គ្រឿង គឺជា​ការ​សាមគ្គី​គ្នា​ឧបត្ថម្ភ​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំងស្រុង។ ផ្លូវលំ​ប្រវែង​៤០០០​ម ខាងលើ​ បាន​ចាប់ផ្តើម​ជួសជុល​កាលពី​ព្រឹក​ ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២០។​

​ក្នុងពេល​កំពុង​ដំណើរការ​ជួសជុល​ផ្លូវលំ​ខាងលើ ប្រជាពលរដ្ឋ​ បាន​ស្នើ​សុំ​ដល់​ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សូម​លោក​ជួយ​ឧបត្ថម្ភ​សាងសង់​ផ្លូវលំ​ខាង​លើនេះ​ឲ្យ​ក្លាយ​ជា​ផ្លូវ​គ្រួស​ក្រហម ដើម្បី​កាន់តែ​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ ​និង​ដឹកជញ្ជូន​ផលដំណាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ ក៏​ដូចជា​អ្នក​ឆ្លងកាត់​ពី​ភូមិ​នានា​ផង​ដែរ​៕​

សូមចុចអាន ៖ ​អ្នក​បើក​កង់​បី និង​ម៉ូតូ​ធំ​សម្រុក​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ ២​ថ្ងៃ​ក្នុង​សប្ដាហ៍​ចុងក្រោយ ជាង​២៥០០​នាក់

អត្ថបទ ​៖ ​ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114