BREAKING NEWS
Search

ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​ ត្រូវ​បាន​ជួសជុល​ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ នៅ​សង្កាត់ សាលា​កំរើក​ក្រុង​សៀមរាប​ ​

សៀមរាប​ ៖​ ផ្លូវ​មួយ​ខ្សែ​មាន​ទទឹង​ប្រវែង ​៦​ម៉ែត្រ​ និង​បណ្ដោយ​ប្រវែង​ ៧០០​ម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវ​បេនឡាន​ចាស់​ដល់​ខាងក្រោយ​ផ្សារ​លើ​ធំថ្មី​ស្ថិត​ក្នុង ភូមិសាស្ត្រ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ខេត្តសៀមរាប ​ត្រូវបាន​ជួសជុល ឡើងវិញ​ដោយ កងវិស្វកម្ម សម្តេចតេ​ជោ ហ៊ុន សែន សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៧​។​

ក្នុង​ឱ​កាស​ទៅ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ​លោក​ឧកញ៉ា សៀង​ ណាំ​ អ្នកតំណាងរាស្ត្រ​មណ្ឌល សៀមរាប​ បានឲ្យដឹង​ថា​ ការជួសជុល​ផ្លូវ​នេះ​ឡើងវិញ​គឺ​ឆ្លើយតប​ទៅនឹង​ការ​សំណូមពរ​របស់​​ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​សង្កាត់​សាលា​កំរើក​ និង​ប្រជាពលរដ្ឋ​ដែល​ចង់បាន​ផ្លូវ​ល្អ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​​ ក៏ដូចជា​ការ​ដឹក​ទំនិញ​ផ្សេងៗ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។

លោក​បាន​បន្តថា ​បច្ចុប្បន្ន​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ​ហ៊ុន សែន ​ជា​ប្រមុខ​បាន​យកចិត្តទុកដាក់​ណាស់​ចំពោះ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ដោយ​បាន​ជំរុញ​ការ​ស្តារ​ស្ថាបនា​ និង​អភិវឌ្ឍ​​ហេ​ដ្ឋា​រ​ចនា​សម្ព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន​គ្រប់​ទីកន្លែង ទូទាំង​ប្រទេស ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​​​ប្រទេស​លើ​គ្រប់វិស័យ ដើម្បី​លើក​កម្ពស់ ជីវភាព រស់នៅ របស់ប្រជាជន​។

លោក​ឧកញ៉ា​ សៀង ណាំ បាន​បញ្ជាក់​ទៀត​ថា ​បន្ទាប់​ពី​កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​ជួសជុល​រួចហើយ ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លែង​លំបាក ដូចពេលមុន​ទៀតហើយ ប្រជាពលរដ្ឋអាចធ្វើដំណើរ​បាន​ស្រួល ហើយ​សិស្សានុសិស្ស​ ក៏​អាចធ្វើ​ដំណើរ​ទៅ​សាលារៀន​លែង​លំបាក​ទៀត​ដែរ​។ នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ ទៀត​ក្នុង ចំណោម​សមិទ្ធផល​ជាច្រើន ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​ក្នុង​ខេត្តសៀមរាប និង​ឯកឧត្តម​ផ្ទាល់​ព្រមទាំង​សប្បុរសជន​នានា បាន​ជួយ​អភិវឌ្ឍន៍​ភូមិ សង្កាត់​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​៕​

 

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684