ផ្លូវ​ជាតិ​លេខ ៣ សាងសង់​សម្រេច​បាន ៧០ ភាគរយ គ្រោង​ដាក់​កាមេរ៉ា​ ចាប់​អ្នក​ល្មើសចរាចរណ៍

ឯកឧត្ដម​ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ផ្លូវ​ជាតិ​លេខ ៣ នឹង​បញ្ចប់​ការ​សាងសង់​លឿន​ជាង​ផែនការ​ដែល​គ្រោង​​ទុក​នៅ​ចុង​ឆ្នាំ​​ ២០២២។

ក្នុង​ពេល​ការ​ចុះ​ពិនិត្យ​​គុណភាព​សាងសង់​នៅ​ព្រឹក​នេះ​ លោក​បញ្ជាក់​ថា ​​ផ្លូវ​នេះ​ធ្វើ​រួច ៧០ ភាគរយ​ និង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២១។ ទាក់ទង​គុណភាព​វិញ លោក​ថា ការ​សាងសង់​ស្រប​តាម​បទដ្ឋាន​ត្រឹមត្រូវ ប៉ុន្តែ​មន្រ្តី​របស់​លោក​នឹង​តាមដាន​ត្រួត​ពិនិត្យ​បន្ត​ទៀត។

កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែល​មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ បែងចែក​ជា​ពីរ​កំណាត់​គឹ​ចាប់ពីចោមចៅ ដល់បែកគូស ត្រូវសាងសង់ជា ៤គន្លង មាន​ប្រវែង៦៩គីឡូម៉ែត្រ និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជា ២គន្លង។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​​ថា ចាប់​ពី​ចោមចៅ​ទៅ​បែកគូសក្រាលបេតុងកៅស៊ូ (AC) កម្រាស់​ ៩ តឹក និង​ពី​បែក​គូស​ដល់​ទី​រួម​ខេត្ត​កំពតចាក់​​កម្រាស់​កៅស៊ូ ៧ តឹក។

បើតាម​លោក​រដ្ឋមន្រ្តី​ ផ្លូវជាតិ​លេខ ៣ ក្រោយ​ការ​សាងសង់​រួច នឹង​ដាក់​កាមេរ៉ា​បន្ថែម ដើម្បី​គ្រប់គ្រង​ការ​ធ្វើចរាចរណ៍​ កាត់​បន្ថយ​គ្រោះថ្នាក់​របស់​យានយន្ត​ដែល​បើក​លើស​ល្បឿន​កំណត់៕