ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​បេតុង​ខាង​ក្រោយ​វត្ត​ទួល​សន្តិ​វ័ន ខណ្ឌ​ឬ​ស្សី​កែវ អាច​នឹង​ឆាប់​ខូច ​ដោយសារ​បញ្ហា​មួយ​នេះ

ភ្នំពេញ ៖ បន្ទាប់ពី​ទទួលបាន​ការ​សំណូម​ពី​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការផ្សាយ​ទូរទស្សន៍ កាសែត អំពី​បញ្ហា​ផ្លូវ​ខូច ដោយសារតែ​រថយន្ត​ធុន​ធំ​ជា​អ្នក​បំផ្លាញ ឥឡូវ​រហូតមកដល់​ពេលនេះ​បញ្ហា​ផ្លូវ​ខូច​នោះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ស្ថាបនា​ជា​ផ្លូវ​បេតុង​រួចរាល់​ជា​ស្ថាពរ​ហើយ។

បើទោះបី​ទទួលបាន​ផ្លូវ​បេតុង​ស្អាត​បែបនេះហើយ​ក្តី បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ក៏នៅ​មានការ​ព្រួយ​បារ​ម្ភ​អំពី​ការ​ខូច​ផ្លូវ​ទៅវិញ ដោយសារតែ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ហើយ​ថែមទាំង​មាន​ទឹក​ដក់​ជាប្រចាំ​បែបនេះ។

ប្រជាពលរដ្ឋ​ប្រាប់​អោយដឹងថា ផ្លូវ​ដែល​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ស្ថាបនា​ជា​ផ្លូវ​បេតុង​នេះ គឺ​ស្ថិតនៅ​ខាងក្រោយ​វត្ត ទួល​សន្តិ​វ័ន ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ប្រវែង ២៧០​ម៉ែត្រ ទំហំ ៨​ម៉ែត្រ កម្រាស់ ២​តឹក ឆ្អឹង​ដែក គឺជា​គម្រោង​ស្ថាបនា​របស់​សាលា​រាជធានី​ភ្នំពេញ។

ដោយ​ឃើញ​ផ្លូវ​បេតុង​ស្អាត​បែបនេះ ពលរដ្ឋ​រស់នៅ​ទីនោះ ក៏បាន​សំណូមពរ​បន្ថែម​នូវ​ប្រព័ន្ធ​លូបង្ហូរទឹក ដោយសារ​តំបន់​ដែល​ពួកគាត់​រស់នៅ​រាប់​ឆ្នាំ​មកហើយ​មិនទាន់មាន​ប្រព័ន្ធ​លូ​ប្រើប្រាស់​នៅឡើយ​នោះទេ។​

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា ផ្លូវ​នេះ​ពី​ដើមឡើយ គឺជា​ផ្លូវដី​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ​លំបាក​ខ្លាំងណាស់ ទឹក​លិច​ផង រអិល​ផង ប៉ុន្តែ​ក្រោយមក​ត្រូវ​អាជ្ញាធរ​ស្ថាបនា​ជា​បេតុង។ នៅពេល​ឃើញបែបនេះ ពួកគាត់​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​ទើបតែ​ស្ថាបនា​បាន​រយៈពេល​ប្រហែល ៤​ទៅ​៥​ឆ្នាំ ស្រាប់​តែមាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ គ្រប់​ប្រភេទ ជាពិសេស​រថយន្ត​ដឹក​ថ្ម ដឹក​ខ្សាច់ ដើម្បី​យកទៅ​សាងសង់ បុរី លឹម ឈាង​ហាក់ នៅ​ខាងកើត​វត្ត ទួល​សន្តិ​វ័ន រយៈពេល​រាប់​ខែ ទើប ធ្វើ​ឲ្យ​ផ្លូវ​១​ខ្សែ​នេះ ចេះតែ​ខូច​ខ្លាំង​ទៅៗ​បែបនេះ។ ឥឡូវ​បាន​ផ្លូវ​បេតុង​ស្អាត​ហើយ​ក្តី ក៏នៅ​មានការ​ព្រួយ​បារ​ម្ភ​អំពី​ការ​ខូច​ផ្លូវ​ទៅវិញ ដោយសារតែ​គ្មាន​ប្រព័ន្ធ​លូបង្ហូរទឹក ហើយ​ថែមទាំង​មានទឹក​ដក់​ជា ប្រចាំ​បែបនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114