ផ្លូវ​មួយ​ខ្សែ​កាត់ ៣ ភូមិ ចាប់ផ្តើម​ធ្វើការ​ស្ថាបនា​

សៀមរាប ៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​ ២​០៣៤៥​ម៉ែត្រ ឆ្លងកាត់​ភូមិ​ចំនួន​៣ គឺ​ភូមិ​កន្ត្រក , គោក​ក្រសាំង និង ភូមិ​ភ្ញា​ជ័យ ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង/ខេត្ត​សៀមរាប ត្រូវ​បាន ​លោក ទៀ សីហា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យមើល​ការសាងសង់​ផ្លូវ និង សកម្មភាព​ក្នុង​ការ​រុះរើ​ខ្លោងទ្វារ របង​ស័ង្កសី ដោយ​ស្ម័គ្រ​ចិត្ត​របស់​ម្ចាស់​ដី​គម្រោង​អភិវឌ្ឍន៍ នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២០។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​នេះ រួម​ដំណើរ​ដោយ​ លោក​អភិបាលក្រុង នាយក​រដ្ឋបាល​ក្រុង អាជ្ញាធរ​សង្កាត់ និង ម្ចាស់​គម្រោង​ផងដែរ។​

តាម​ការ​បញ្ជាក់​របស់​ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ជា​គម្រោង​របស់​សាលាក្រុង ដែល​បាន​កំពុងដំណើរការ​អនុវត្ត​ក្នុង​ការ​សាងសង់​ផ្លូវ ដែល​ឆ្លងកាត់​ភូមិ​កន្ត្រក , គោក​ក្រសាំង និង ភូមិ​ភ្ញា​ជ័យ ត​ភ្ជាប់​នឹង​ផ្លូវ​វាង​ក្រុង​ក្នុង​ភូមិ​គ្រួស ត្រង់​ចំណុច​ជាប់​ផ្លូវ​ចូល​សាលាសង្កាត់​ស្វាយដង្គំ ដែល​មាន​ប្រវែង​២​ពាន់​៣៤៥​ម៉ែត្រ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ប្រវែង​ផ្លូវ​២​ពាន់​៣៤៥​ម៉ែត្រ​នេះ ក៏​មាន​ការ​បរិច្ចាគ​របស់​សប្បុរសជន (​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​) មាន​ប្រវែង១​០៣៧០​ម៉ែត្រ ដោយ​បាន​ធ្វើការ​ចាក់​ក្រាក​កៅស៊ូ DBST ប្រវែង៨៣០​ម៉ែត្រ ទទឹង៧​ម៉ែត្រ និង​ក្រាល​គ្រួស​ក្រហម៥៤០​ម៉ែត្រ ទទឹង១០​ម៉ែត្រ ព្រមទាំង​មាន​ការ​ពង្រីក​ផ្លូវ​ទៅតាម​ទំហំ​បាន​កំណត់​របស់​គណៈកម្មការ​រដ្ឋបាល​ក្រុង។​

តាម​ការ​បញ្ជាក់​របស់ លោក សូត្រ សុ​មុន្នី ម្ចាស់​ដី​គម្រោង​អភិវឌ្ឍន៍ បាន​យល់ព្រម​ដោយ​ស្ម័គ្រ​ចិត្ត​រុះរើ​របង​ស័ង្កសី​បណ្ដោយ​ប្រវែង​៦១២​ម៉ែត្រ កម្ពស់​២​ម៉ែត្រ​មុនគេ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូនដំណឹង។ នៅថ្ងៃនេះ លោក​ក៏បាន​ធ្វើការ​រុះរើ ខ្លោងទ្វារ ដើម្បី​ផ្លូវ​ឲ្យ​ក្រុមការងារ​ធ្វើការ​ស្ថាបនា​ផ្លូវ​នេះ​ឡើង​ផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ប្រវែង​១​០​៣៧០​ម៉ែត្រ​នេះ ​ត្រូវ​បាន​ លោក សូត្រ សុ​មុន្នី ទិញ​ពី​ប្រជា​ពល​រដ្ឋ ដើម្បី​បើក​ធ្វើ​ផ្លូវ​ចូល​ទៅ​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន ហើយ​ពេលនេះ​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​របស់​រដ្ឋ លោក​បាន​បរិច្ចាគ​ដី​ផ្លូវ​នេះ​ដាក់​ជា​សម្បត្តិ​សាធារណៈ​ផង​ដែរ។​

លោក ទៀ សីហា ក៏បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ ​លោក សូត្រ សុ​មុន្នី ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​អភិវឌ្ឍន៍​របស់​សាលាក្រុង​សៀមរាប ហើយក៏​ជា​សកម្មភាព​គំរូ​មួយ ដែល​រដ្ឋបាល​ក្រុង និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សូម​សម្ដែង​ការ​កោតសរសើរ​នូវ​ការ​វិការ​ដ៏​សប្បុរស​នេះ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​សំខាន់ ក្នុង​កិច្ច​អភិវឌ្ឍន៍​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ត្រកាល​ទៀត​ផង។

លោក ដោយ​មើល​ឃើញ​ពី​ផល​ប៉ះពាល់ ក៏ដូចជា​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅមក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ មាន​ផ្លូវ​ជាច្រើន​ខ្សែ​ហើយ​ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​កែលំអ​រចនាសម្ព័ន្ធ​ផ្លូវ​ឲ្យ​បានល្អ​ប្រសើរ​ពីមួយ​ឆ្នាំទៅ​ឆ្នាំ​ ដោយមាន​ការ​ចូល​រួម​សហកា​រ​ពី​បងប្អូន​ប្រជា​ពល​រដ្ឋ​ផង​ដែរ។

លោក​ក៏បាន​សំណូមពរ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ផ្លូវ និង រស់នៅ​អម​សង្ខាង​ផ្លូវ​ទាំង​អស់ ត្រូវ​ចូលរួម​ថែរក្សា​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ឲ្យ​បាន​យូរ​អង្វែង និង អាជ្ញាធរ​រដ្ឋបាល​ក្រុង បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ខេត្ត​សៀមរាប​ ចូលរួម​ការងារ​អភិវឌ្ឍន៍​នានា​ក្នុង​ខេត្ត​សៀមរាប​ទាំងមូល​ផង​ដែរ​៕​

សូមចុចអាន ៖ ប្រឡងបាក់ឌុប​ មាន​ត្រឹមជាប់ ធ្លាក់ មិន​មាន​ការ​ដាក់​ពិន្ទុទេ


អត្ថបទ ៖ គឿន​វេត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114