ផ្សិត​ប៉ក់​លក់​បាន​តម្លៃថោក​ បន្ទាប់ពី​ផ្សិត​ដែល​គេ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​គរ​ច្រើនពេក
BREAKING NEWS
Search

ផ្សិត​ប៉ក់​លក់​បាន​តម្លៃថោក​ បន្ទាប់ពី​ផ្សិត​ដែល​គេ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​គរ​ច្រើនពេក

រតនគិរី ​​៖ ​ផ្សិត​ប៉ក់​ឫ​ផ្សិត​ផូង​ផាំង​ គឺជា​ប្រភេទ​ផ្សិត​ភ្នំ​ម្យ៉ាង​ ដែល​សំបូរ​នៅ​ស្រុក​បី​ប៉ុណ្ណោះ​គឺ​ស្រុក​លំផាត់​ស្រុក​កូន​មុំ​និង​ស្រុក​វើ​ន​សៃ​ហើយ​ជា​ប្រភេទ​ផ្សិត​ ដែល​លក់​បាន​ថ្លៃ​និង​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ខុស​ពី​ផ្សិត​ធម្មតា​។

​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​ ផ្សិត​ប្រភេទ​នេះ​ កើត​ចេញពី​ផេះ​ផង់​នៃ​ភ្លើង​ឆេះ​ព្រៃ​កន្លង​មក​ លុះ​ត្រូវ​បានការ​ស្រោចស្រព​ដោយ​ដំណក់ទឹកភ្លៀង​ ក៏​កើត​ចេញ​ជា​ផ្សិត​នេះ​ឡើង​ ហើយ​ផ្សិត​ប្រភេទ​នេះ​ គឺ​ខុស​ពី​ផ្សិត​ធម្មតា​ ត្រង់​វា​ដុះ​នៅ​ក្នុង​ដី ​ដែល​មាន​រាង​មូល​ដូច​ពង​ក្រួច​ ហើយ​គេ​អាច​សម្គាល់​បាន​ ដោយ​ឃើញ​មាន​ដី​ពើង​ប្រះ​ឡើង​លើ​នៅ​តំបន់​ ដែល​ធ្លាប់​មាន​ភ្លើង​ឆេះ​ព្រៃ​កន្លង​មក ហើយ​បើ​យើង​មិន​ត្រូវ​បាន​បង្ហាញ​ពី​អ្នក​ធ្លាប់​រក​ផ្សិត​នេះ​ទេ​នោះ​ យើង​មិន​អាច​រក​វា​ឃើញ​ឡើយ​។

​បើ​តាម​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ដែល​មក​រក​ផ្សិត​ប៉ក់ ឬ ​ផ្សិត​ផូង​ផាំង​នេះ​បាន​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត​ឆ្ងាយ​រួម​មាន​បងប្អូន​ក្នុង​មូលដ្ឋាន​ផ្ទាល់​ មកពី​ស្រុក​លំផាត់​ និង ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​ព្រំប្រទល់​នៃ​ស្រុក​កូន​មុំ​។ ​ពួក​គាត់​បាន​វេចបាយ​ម្ហូប​ចេញ​ទៅ​រក​ផ្សិត​នេះ​តាំងពី​ព្រលឹម រហូត​ដល់​ម៉ោង​៣​ទៅ​ដល់​ម៉ោង​៤​រសៀល​ ទើប​ពួក​គាត់​វិល​ត្រលប់​មក​ផ្ទះ​វិញ​។

អ្នករក​ផ្សិត​ប៉ក់​ម្នាក់​ បាន​ប្រាប់​ថា​ ពួកគាត់​អាច​រក​ចំណូល​ពី​ផ្សិត​ប៉ក់​នេះ​ ក្នុង​មួយ​ថ្ងៃ​ចាប់ពី​១៥​ទៅ​៣៥​ម៉ឺន​រៀល​ ហើយ​ថ្ងៃ​ខ្លះ​លើស​លើស​នេះ​ ក៏មានដែរ​ ចំណែក​តម្លៃ​លក់​ឲ្យ​ឈ្មួញ​កណ្តាល​គឺ​១២,០០០​រៀល​ ក្នុង​១​គីឡូក្រាម​។ ​ប៉ុន្តែ​តម្លៃ​នេះ​ទាប​ជាង​ឆ្នាំ​មុន​ដោយ​ឆ្នាំ​មុន​ៗ​លក់​បាន​រហូត​ដល់​៣​ម៉ឺន​រៀល​ឡើង​ក្នុង​១​គីឡូក្រាម​។

​ចំណែក​ឈ្មួញ​កណ្តាល​ឈ្មោះ​ស្រីរ័ត្ន​ បាន​ឲ្យ​ដឹង​ថា ​ពួក​គាត់​ម្នាក់​ៗ​បាន​ចំណាយ​លុយ​ទិញ​ផ្សិត​ប្រភេទ​នេះ​ចាប់ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ហើយ​ឈ្មួញ​នៅ​អន្លង់វែង​ខេត្តព្រះវិហារ​ មក​ទទួល​ទិញ​បន្ត​យក​ទៅ​លក់​នៅ​ច្រក​ព្រំប្រទល់​ខ្មែរ​-​ថៃ​។​ ប៉ុន្តែ​ផ្សិត​ឥឡូវ​ក៏បាន​ចុះ​ធ្លាក់​ថ្លៃ​នៅ​ត្រឹមតែ​១៣,០០០​រៀល​តែប៉ុណ្ណោះ ​ដោយសារ​ផ្សិត​នៅជាប់​ព្រំប្រទល់​ថៃ​បាន​ចាល​ច្រើន​។

ក្រុម​ឈ្មួញ​ដែល​តែងតែ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា​ផ្សិត​ប៉ក់​កាលពីមុន​លក់​បាន​តម្លៃ​ខ្ពស់​ មាន​តែ​លក់​ឲ្យ​ប្រទេស​ថៃ​ទេ​ ប៉ុន្តែ​ឥឡូវនេះ​បាន​ធ្លាក់​ថ្លៃ​បន្តិច​ហើយ​បន្ទាប់ពី​ផ្សិត​នៅ​ព្រំប្រទល់​ថៃ​លក់​មិនទាន់​ចេញ​អស់នោះ​។

បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​យក​ផ្សិត​ប៉ក់ ​ឬ ផ្សិត​ផូង​ផាំង​នេះ​ មក​ស្ងោ​ ឬ ​ឆា​ក៏​បាន​ដោយ​វា​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ពី​ផ្សិត​ទូទៅ​។

គួរ​បញ្ជាក់​ថា​ ផ្សិត​ប៉ក់​នេះ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ផ្សិត​នេះ​និង​ដុះ​រហូត​ដល់​ពេល​ដែល​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ទើប​ផ្សិត​នេះ​ឈប់​ដុះ​ហើយ​កសិករ​អាច​ដើរ​ជីក​ផ្សិត​នេះ​បាន​យក​មក​លក់​ចាប់ពី​ពាក់កណ្តាល​ខែមេសា​រហូត​ដល់​ខែកក្កដា​ទើប​ផ្សិត​នេះ​ផុត​រដូវ​កាល​សម្រាប់​ប្រមូល​ផល​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114