BREAKING NEWS
Search

ពង្រាយ​កម្លាំង​១៦​គោលដៅ ​ស្ទាក់​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ជិត​៥០០​គ្រឿង​នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩ ខែ​កុម្ភៈ​តទៅ ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ឃើញថា សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានចេញ​ប្រតិបត្តិការ​លើ​ការងារ​នេះ​យ៉ាងសកម្ម​និង​ម៉ឺងម៉ាត់ ដោយ​ដាក់ចេញ​ជា​គោលដៅ​រហូតដល់​១៦​គោលដៅ​និង​បាន​ឃាត់​រថយន្ត​ធុន​ធ្ងន់ សរុប​ចំនួន ៤៨៤​គ្រឿង​ផងដែរ សម្រាប់​រយៈពេល​មួយ​យប់​ថ្ងៃទី​០៩​ឆ្លង​ថ្ងៃទី​១០ ខែ​កុម្ភៈ​នេះ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ០០​និង​០០​យប់​ឈានចូល​ថ្ងៃទី​១០​ ខែកុម្ភៈ ​ឆ្នាំ​២០១៨ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បញ្ជា​​ដល់​សមត្ថកិច្ច​ចម្រុះ​រួមមាន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ការ​រាជ​អាវុធ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​តាម​ទីតាំង​គោលដៅ​ចំនួន ១៦​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​ប្រតិបត្តិការ​កាលពី​យប់មិញ បាន​ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់​សរុប​ចំនួន ៤៨៤​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ៦​គ្រឿង​រថយន្ត​ល្មើសច្បាប់​ចរាចរ គ្មាន​ឯកសារ​ចំនួន ៥០​គ្រឿង រថយន្ត​ត្រឹមត្រូវ​តាមច្បាប់​ចំនួន ៤២៨​គ្រឿង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​នេះ រាជរដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​រថយន្ត​ធ្វើ​ចរាចរ​​ចំនួន​៩២៣.៦៥៧​គ្រឿង ក្នុង​នោះ រថយន្ត ២.៩៥៣​គ្រឿង ដឹក​លើស​ទម្ងន់​ចាប់ពី ៤​តោន រហូតដល់ ៤៣​តោន និង​បាន​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៥.៧៧៨.៨២០.០០០​រៀល​ផង​ដែរ។

គួរ​រំលឹក​ថា កាលពី​ម្សិលមិញ​ សម្តេច​តេ​ជោ ហ៊ុន សែន​ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​នេះ​តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ។ បើ​នរណា​មក​តវ៉ា​ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែ​ម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114