ពន្ធនាគារ​ខេត្ត​កណ្តាល ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ទណ្ឌិត​ចំនួន​៣៣​នាក់​

​កណ្ដាល ៖ លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត​រយៈពេល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ បាន​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​បន្ធូរ​បន្ថយ​ទោស និង​លើកលែងទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ពិធីបុណ្យ​ពិសាខបូជា​ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០ នេះ​ថា ក្នុង​១​ឆ្នាំ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​មានការ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ចំនួន​៣​ដង គឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បុណ្យ​ពិសាខបូជា និង​ព្រះរាជ​ពិធីបុណ្យ​តាំងតុ​។​

លោក​បន្ត​ថា ការ​ទទួល​ស្គាល់​ទោសកំហុស​របស់​ទណ្ឌិត​មានការ​តាំងចិត្ត​កែប្រែ​ខ្លួន​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ ក្នុង​សង្គមជាតិ គោរព​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​របស់​ពន្ធនាគារ សកម្ម​ក្នុង​ការងារ​ពលកម្ម និង​ខិតខំ​ការរៀនសូត្រ​ជំនាញ​វិជ្ជាជីវៈ គឺជា​រឿង​សំខាន់​ណាស់ ពិសេស​ចំពោះ​ទណ្ឌិត​ដែល​បានស្នើ​សុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដើម្បី​បានរស់នៅ​ប្រកបដោយ​សេចក្តីសុខ​ជាមួយ​អ្នក​នៅ​ក្នុង​សង្គម​ទាំងមូល​នៅពេល​ចេញ​ក្រៅ​ឃុំ​។

លោក​បាន​លើក​ឡើង​ថា ទណ្ឌិត​ទាំងឡាយ​ដែល​អាច​ស្នើសុំ​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស ​ត្រូវមាន​ល​ក្ខ​ណៈ​សម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​កំណត់​ដោយ​ច្បាប់​។ ចំពោះ​ទណ្ឌិត​ដែល​អាច​ស្នើសុំ​ការលើកលែងទោស​បាន​លុះត្រាតែ​បានទទួល​រង​ទោស ២​ភាគ​៣ នៃ​ទោស​ដាក់​ពន្ធនាគារ​មានការ​កំណត់​របស់ខ្លួន ឬ​១៥​ឆ្នាំ ចំពោះ​ទោស​ដាក់​ពន្ធនាគារ​មួយជីវិត​។ ហើយ​ចំពោះ​ទណ្ឌិត​ទាំងឡាយណា​ដែល​អាច​សុំ​បន្ធូរបន្ថយ​ទោស​បាន​លុះត្រាតែ​ទណ្ឌិត​នោះ​បាន​ទទួលទោស​ចំនួន ១​ភាគ​៣ នៃ​ទោស​ដាក់​ពន្ធនាគារ​មាន​កាលកំណត់​របស់​ខ្លួន ឬ​បាន​ទទួលរង​ទោស​៧​ឆ្នាំ​ចំពោះ​ទោស​ដាក់​ពន្ធនាគារ​មួយជីវិត​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ទោស​ដែល​មិនមែន​ជា​កម្មវត្ថុ​ក្នុង​ការ​លើកលែងទោស បន្ធូរ​បន្ថយ​ទោស ឬ​ពិបាក​ក្នុងការ​លើកលែងទោស និង​បន្ថយទោស​នោះ ​គឺមាន​ដូចជា​ ទោស​ចាប់ជំរិត​ទារ​ប្រាក់ ប្លន់​សម្លាប់ ទោស​ផលិត និង​ជួញដូរ​គ្រឿងញៀន ភេរវកម្ម ជន​ប្រដាប់​អាវុធ ទណ្ឌិត​ទទួល​ទោស​ច្រើនដង ទណ្ឌិត​ដែល​ជាប់ពន្ធនាគារ​ច្រើនដង ទណ្ឌិត​ធ្លាប់​ល្មើស​ជាប់​ពិន័យ​ជាដើម​។​

សូមជម្រាបថា តាម​របាយការណ៍​រប​ស់ លោក​ឧត្តម​អគ្គានុរក្ស ចា​ត ស៊ីនាង ប្រធាន​ពន្ធនាគារ បាន​ឲ្យ​ដឹង​ថា អង្គភាព​ពន្ធនាគារ​ខេត្ត​កណ្ដាល​បាន​លើក​យក​ទណ្ឌិត​ចំនួន​៣៣​នាក់​ ស្រី​២​នាក់ មក​ដាក់​ជូន គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត​រយៈពេល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ធ្វើការ​ពិភាក្សា និង​សម្រេច ដែលជា​លទ្ធផល​ទណ្ឌិត​ដែល​បាន​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រួមមាន ៖ ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស​រយៈពេល ៦ ខែ​មាន​ចំនួន ៨នាក់​ជា​លទ្ធផល​សម្រេច​ឲ្យ​៧នាក់ ទណ្ឌិត​ដែល​បាន​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​រយៈពេល​៩ខែ​មាន​ចំនួន​៣​នាក់ ជា​លទ្ធផល​សម្រេច​ឲ្យ​បាន​ទាំង​៣​នាក់ ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​រយៈពេល ១២​ខែ​ មាន៤នាក់ សម្រេច​ឲ្យ​៣​នាក់ និង​ទណ្ឌិត​ដែល​ស្នើសុំ​លើកលែង​ទោស​ចំនួន​៣​នាក់​ សម្រេច​ឲ្យ​២​នាក់​។​

ដោយឡែក ​ទណ្ឌិត​ ដែល​សុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ក្នុង​ពិធីបុណ្យ​ពិសាខបូជា​រួម​មាន​ ៖ ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស​រយៈពេល៦​ខែ មាន​ចំនួន៧​នាក់​ សម្រេច​ឲ្យ​៥​នាក់ ទណ្ឌិត​ដែល​សុំ​បន្ធូរបន្ថយ​ទោស​រយៈពេល៩ខែ​ គ្មាន​ទណ្ឌិត​ដែល​សុំ​បន្ធូរបន្ថយ​ទោស​រយៈពេល​១២​ខែ មាន​៧​នាក់ សម្រេច​ឲ្យ​១​នាក់ និង​សុំ​លើកលែងទោស​១​នាក់ ត្រូវបាន​សម្រេច​យល់ព្រម​លើកលែង​ឲ្យ​ផងដែរ៕

អត្ថបទ ៖ មុនី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114