ពលរដ្ឋកម្ពុជា​ប្រមាណ ៥លាននាក់ កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់តាមអេឡិចត្រូនិក

ភ្នំពេញ÷បច្ចុប្បន្នមានប្រជាជនប្រមាណ ៥លាននាក់កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់តាមអេឡិចត្រូនិក ដែលឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យធនាគារកំពុងបន្តការរីកចម្រើនយ៉ាងឆាប់រហ័ស រួមចំណែកដល់ការគាំទ្រ នៃសេដ្ឋកិច្ចជាតិ។ សេចក្តីប្រកាសព័ត៌មានស្តីពី សន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំ ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែមករានេះ នៅសាលសន្និសីទចតុមុខបានបង្ហាញថា តាមរយ:ការរីកចម្រើននេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ២៤,៥% ហើយឥណទានបានកើន២៦%។ បណ្តាញប្រតិបត្តិការ និងពិពិធកម្មសេវាហិរញ្ញ វត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានបន្តពង្រឹង និងបានជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយបច្ចុប្បន្នចំនួនគណនីប្រាក់ បញ្ញើបានកើនឡើងដល់ប្រមាណ ៧,៥ លានគណនី និងគណនីឥណទានកើនដល់ ៣,១លានគណនី។ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ស្របតាមការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ ប្រកបដោយឆាប់រហ័ស សុវត្តិ ភាព និងងាយស្រួល។ ការីកចម្រើននេះដែរ ដែលបច្ចុប្បន្នមានប្រជាជនប្រមាណ ៥លាននាក់កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់តាមអេឡិចត្រូនិក។

ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍន៍ស្តង់ដារ QR code ដើម្បីសម្រួលដល់ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឆ្លងដែន។ លើសពីនេះ ប្រព័ន្ធបាតង់ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ហើយប្រព័ន្ធរីថែលផេ(Retail Pay) ក៏ត្រូវបានដាក់ឱ្យដំណើរការជាបឋមបន្ថែមលើប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានស៊ែស្ទិចដែលកំពុងទទួលបានការចូលរួមពីគ្រឹះស្ថានសមាជិកថ្មីៗបន្ថែមទៀត៕

អត្ថបទ៖ សុងយោ