ពលរដ្ឋ​ខ្មែរ​ដែល​សល់​ជីវិត​ពី​សង្គ្រាម កំពុង​ជាប់​បន្ទុក​ធ្ងន់​ធរ ​ក្នុង​ការ​សងបំណុល​សង្គ្រាម
BREAKING NEWS
Search

ពលរដ្ឋ​ខ្មែរ​ដែល​សល់​ជីវិត​ពី​សង្គ្រាម កំពុង​ជាប់​បន្ទុក​ធ្ងន់​ធរ ​ក្នុង​ការ​សងបំណុល​សង្គ្រាម

ភ្នំពេញ ​៖ មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​អះអាង​ថា មកដល់ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​អ្នក​សល់​ជីវិត​ពី​សង្គ្រាម បាននឹងកំពុង​ជាប់​បន្ទុក​ធ្ងន់​ធរ​បន្ថែមទៀត នៃ​ការ​សង​បំណុល​ចូលរួម​សង្គ្រាម​ឥណ្ឌូចិន ដែល​បម្រើ​គោលនយោបាយ​បរទេស​អាមេរិកកាំង​ជំនាន់​ឆ្នាំ​១៩៧០ ដល់​១៩៧៥​។

ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បែបនេះ គឺជា​ការចូលរួម​ឆ្លើយតប​ទៅ​និង​ប្រធានបទ​ដ៏​ក្តៅ​មួយ ដែល​កំពុង​លេចធ្លោ​នៅលើ​បណ្តាញ​ព័ត៌មាន​នា​ប្រទេស​កម្ពុជា ដែល​គួរ​ចាប់​អារ​ម្ម​ណ៍ គឺ​ការទាមទារ​ឲ្យ​អាមេរិក​លុប​បំណុល ដែល​កម្ពុជា​ជំពាក់ កាលពី​សម័យ​សាធារណរដ្ឋ​របស់​លោក​សេនាប្រមុខ លន់ ណុល នា​អំឡុង​ឆ្នាំ​១៩៧០ ហើយ​នៅ​ពេល​នេះ ក៏​មាន​ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​លុប​ចំ​ណុល​នេះ​ផងដែរ​។​

លោក ផៃ ស៊ី​ផាន លើកឡើង​ថា ការពិសោធន៍​ដ៏​អាក្រក់​របស់​មនុស្សជាតិ រួម​ទាំង​ការ​ទទួលស្គាល់​ផង​ដែរ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៥ គឺ​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​គោលនយោបាយ​បរទេស​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​​ជ្រៀតជ្រែក ដែល​ធ្វើ​ឲ្យ​បាត់បង់​ស្ថេរភាព និង​សន្តិភាព​របស់​ប្រជាជាតិ​ដទៃ ហើយ​លោក​សន្យា​ប្រាប់​ពិភពលោក ថា​នឹង​បញ្ឈប់​គោលនយោបាយ​នេះ​។

តាម​លោក ផៃ ស៊ី​ផាន ថា ការ​លុប​បំណុល​នេះ គឺជា​ផ្នែក​សីលធម៌​មួយ​របស់​សហរដ្ឋអាមេរិក​ចំពោះ​កម្ពុជា ដែល​បាន​លើក​ឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយក៏​ជាការ​ផ្សះផ្សា​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ​ដោយ​សង្គ្រាម និង​ក៏​ជា​ដំណើរការ​មនុស្សធម៌​ពង្រឹង​បន្ថែម​នូវ​ទំនុកចិត្ត​ទំនាក់ទំនង​ល្អ រួមជាមួយ​សហប្រតិបត្តិ​ការ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។

លោក ផៃ ស៊ី​ផាន បញ្ជាក់ថា ការស្នើសុំ​លុប​បំណុល​នេះ គឺជា​ឆន្ទៈ​រួម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​និន្នាការ ចំពោះ​រដ្ឋបាល​វ៉ាស៊ីនតោន នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី នៃ​គោលនយោបាយ​បរទេស​របស់​សហរដ្ឋ​អាមេរិក​។ កម្ពុជា​ចង់​ឃើញ​មានការ​ដោះស្រាយ​មួយ​ក្នុង​ពេលវេលា​សមស្រប និង​រាល់​ទិដ្ឋភាព​ណាមួយ ដែល​កម្ពុជា និង​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ទទួលបាន​ជោគជ័យ ចាក​ចេញពី​ទំព័រ​ប្រវត្តិសាស្ត្រ នៃ​សង្គ្រាម​ដ៏​ជូ​ចត់​ពិបាក​ទទួលយកបាន​ពី​ភាគី​ទាំងពីរ​។

តាម​របាយ​ការ​ណ៍​ ដែល​ត្រូវ​បាន​ឯកភាព​ដោយ​ប្រធានាធិបតី Bill Clinton នៅ​ឆ្នាំ​២០០០​បាន​ឲ្យ​ដឹង​ថា អាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​តាំងពី​ដើម​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​ដើម​ឆ្នាំ​១៩៧៥ ហើយ​តាម​ទិន្នន័យ ដែល​បញ្ចេញ​ជា​ឯកសារ​ចំហ លោក Bill Clinton បាន​ទទួល​ស្គាល់​ថា អាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ជិត​២​លាន​៨​សែន​តោន ដោយ​គិត​រយៈពេល​ចាប់ពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​១៩៦៥ ដល់​១៩៧៣​ប៉ុណ្ណោះ​។ គ្រាប់បែក​នោះ​មាន​ដូច​ជា គ្រាប់បែក​ធម្មតា គ្រាប់បែក​មាន​កូន​គ្រាប់​បែក​ចង្កោម និង​គ្រាប់បែក​គីមី នៅ​ជាង​១១​ម៉ឺន​ទីតាំង និង​មានការ​ហោះហើរ​ទម្លាក់​គ្រាប់​ជិត​២៥​ម៉ឺន​ជើង។

នៅ​ក្នុង​វេទិកា​សេដ​កិច្ច​ពិភពលោក កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង ដោយ​ស្នើ​ឱ្យ​លោក ដូ​ណា​ល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក ពិចារណា​លើ​ការ​លុប​បំណុល ដែល​ប្រទេស​កម្ពុជា បាន​ជំពាក់​កាលពី​សម័យ​សាធារណរដ្ឋ​របស់លោក​សេនាប្រមុខ លន់ ណុល នា​អំឡុង​ឆ្នាំ​១៩៧០​។

សម្តេច​លើកឡើង​យ៉ាង​នេះ​ថា “​មិនមែន​សូ​វៀត​មក​វាយ​គ្នា​យ​កដី​កម្ពុជា ដី​វៀតណាម ដី​ឡាវ វាយ​គ្នា​ជាមួយ​អាមេរិក​ទេ អាមេរិក​មក​ឈ្លានពាន​តែម្តង នេះ​ជា​រឿង​ពិត ហើយ​ឥឡូវ​គ្រាប់បែក និង​គ្រាប់​មិនទាន់​ផ្ទុះ​របស់​អាមេរិក​នៅ​ច្រើន​ណាស់ ដែល​អាមេរិក​គួរតែ​ត្រូវ​បង់ថ្លៃ​ឲ្យ​បាន​ច្រើន​ចំពោះ​ប្រទេស​កម្ពុជា ចំពោះ​វៀតណាម និង​ចំពោះ​ឡាវ ដើម្បី​បំផ្លាញ​ចោល​នូវ​គ្រាប់​ទាំងអស់​នេះ ប៉ុន្តែ​ពួកគេ​មិន​ត្រឹមតែ​មិនបាន​ធ្វើ​ទេ គេ​ថែមទាំង​ទា​របំណុល​ពី​យើងខ្ញុំ​ក្នុង​ឋានៈ​ជា​អ្នក​ជនរងគ្រោះ​នៃ​សង្គ្រាម​ទៅវិញ​។ ឥឡូវ​យើងខ្ញុំ​ទៅជា​អ្នក​ជំពាក់​បំណុល​អាមេរិក ដែល​ត្រូវតែ​អំពាវនាវ​ចំពោះ​រដ្ឋាភិបាល​ត្រាំ ដែល​កំពុង​ឡើង​កាន់​អំណាច​បាន​ប៉ុន្មាន​ម៉ោង​នេះ សុំ​ឲ្យ​លុបចោល​បំណុល ដែល​កម្ពុជា​ជំពាក់​ក្នុង​ជំនាន់​រដ្ឋាភិបាល​ខុសច្បាប់ ដែល​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ គាំទ្រ​ដោយ​អាមេរិក ជំពាក់​រាប់រយ​លាន​ដុល្លារ ហើយ​ឲ្យ​យើងខ្ញុំ​ជា​អ្នក​សង ហើយ​ជា​បំណុល​កខ្វក់ គួរតែ​ត្រូវ​គាំទ្រ​នូវ​ការលុបចោល​នូវ​បំណុល​នោះ​”​។

ដោយឡែក​នៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៍​ដែរ​ថា បើ​គ្មាន​អាមេរិក គឺ​គ្មាន​រដ្ឋប្រហារ​ទម្លាក់​សម្ដេច ព្រះ​នរោត្តម សីហនុ​ទេ កម្ពុជា​ក៏​មិនបាន​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​វិនាសកម្ម ហើយ​កើតមាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត​នោះ​ដែរ​។ ដូច្នេះ​អាមេរិក ត្រូវ​ពិចារណា​បញ្ហា​នេះ ហើយ​ប៉ះប៉ូវ​សង​កម្ពុជា​វិញ​តាមរយៈ​ការ​លុបចោល​បំណុល ដែល​កម្ពុជា​ជំពាក់​ក្នុង​ជំនាន់​សាធារណរដ្ឋ​ខ្មែរ​របស់លោក​សេនាប្រមុខ​លន់​ណុល​។​

សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​លើកឡើង​យ៉ាង​នេះ​ថា “​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​នាំ​ឲ្យ​កម្ពុជា​កើតមាន​សង្គ្រាម​ឆេះឆាប ពេញ​ផ្ទៃ​ប្រទេស ស្អប់​សម្ដេចព្រះ​នរោត្តម សីហនុ និង រដ្ឋាភិបាល​របស់​ព្រះអង្គ ពួកគេ​សម្រេចចិត្ត​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ ។ ផ្ដើម​ចេញពី​រដ្ឋប្រហារ​នោះ​ហើយ​ ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាត់បង់​អស់​នូវ​កាលានុវត្តនភាព​បាត់បង់​ទាំងអស់​នូវ​អ្វី ដែល​ជា​ទ្រព្យសម្បត្តិ​និង​សិទ្ធិសេរីភាព ដែល​ខ្លួន​ធ្លាប់​មាន ទី​ចុង​បំផុត​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម វិនាសកម្ម​មួយ​ដែល​ឈ្លានពាន​ដោយ​ចក្រ​ព័ទ្ធ​អាមេរិក ហើយ​បន្ត​មក​ក៏​កើតមាន​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​។

យើង​ត្រូវ​មើល​ឲ្យ​ឆ្ងាយ​លើស​ពី​នេះ មិនមែន​ប៉ុល​ពត​កើតឡើង​ដោយ​ឯងៗ​ទេ បើសិន​អាមេរិក​មិន​ទម្លាក់​សម្ដេចព្រះ​នរោត្តម​សីហនុ​។ ច្បាស់​ណាស់​សង្គ្រាម​មិនបាន​កើតឡើង​នៅ​កម្ពុជា​ទេ​ហើយ​ប៉ុលពត​ក៏​គ្មាន​ភ័​ព្ធ​វាសនា​នឹង​ឡើងកាន់​អំណាច​នោះទេ​”​។

សម្ដេច​តេ​ជោ​បាន​បន្ថែម​ទៀត​ថា ដោយសារតែ​អាមេរិក​ទើប​កម្ពុជា មាន​របប​ប៉ុល ពត កើតសង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស បើ​គ្មាន​អាមេរិក គឺ​គ្មាន​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្តម សីហនុ ហើយក៏​គ្មាន​របប​ប្រល័យពូជសាសន៍ ប៉ុលពត​នោះដែរ​។ សម្តេច​បាន​លើក​ជា​សំណួរ​ថា តើ​អាមេរិក​ត្រូវ​ទទួល​ពាក់​រង្វាន់​ណូ​ប៊ែ​ល ឬ​ក៏ ​ត្រូវ​ទទួលយក​នូវ​ការកាត់ទោស​នៅ​តុលាការអន្តរជាតិ​ស្តី​ពី​ការបង្កើត​សោកនាដកម្ម​សម្រាប់​ប្រជាជន​កម្ពុជា​និង បង្កើត​សោកនាដកម្ម​សម្រាប់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​ជាពិសេស​នៅ​វៀតណាម និង​ឡាវ ដែល​ហៅថា​សង្គ្រាម​ឥណ្ឌូចិន​។ តើ​គេ​ត្រូវ​ឆ្លើយតប​យ៉ាងណា ចំពោះ​អ្វីដែល​បានកើត​កាលពី​ពេលមុន​ហើយ​បះ​ប៉ូវ​អោយ​កម្ពុជា​។

សម្តេច​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​របស់​លោក ដូ​ណា​ល់​ត្រាំ នឹង​ពិចារណា​អំពី​បំណុល ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អា​មេ​រិច​ក្នុង​ជំនាន់​សាធារណរដ្ឋ​ខ្មែរ របស់​លោក​សេនាប្រមុខ លន់ ណុល។ យើង​ពិបាក​នឹង​ការ​ពន្យល់​ប្រជាជន​កម្ពុជា ដើម្បី​អោយ​ទទួលស្គាល់​បំណុល ដែល​ទិញ​គ្រាប់បែក និង​គ្រាប់កាំភ្លើង​មក​ទម្លាក់ និង​សម្លាប់​ប្រជាជន​កម្ពុជា ហើយ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក នឹង​ង​ពិចារណា​ដោយ​ដិតដល់​ទៅលើ​វិនាសកម្ម ដែល​ខ្លួន​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រាប់ទាំង​គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ​យ៉ាងច្រើន​។​

ជាមួយនឹង​លើកឡើង​ខាងលើនេះ សម្តេច​តេ​ជោ​គិតថា ស្ថានទូត​អា​មេ​រិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ក៏​នឹង​យក​បញ្ហា​នេះ​ទៅ​ពិចារណា​អោយ​ដិតដល់​នូវ​កំហុស​អតីតកាល​របស់​ខ្លួន ដោយ​មិន​ត្រូវ​បានប្រែក្លាយ ទៅជា​គុណសម្បត្តិ​របស់​អា​មេ​រិក​នោះ​ទេ ព្រោះ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន​កម្ពុជា មាន​ច្រើន​រាប់មិនអស់​ដោយសារ​កា​រ​ធ្វើ​រដ្ឋប្រហារ​ដែល​គាំទ្រ និង​ការឈ្លានពាន​ដោយ​រដ្ឋការ​អា​មេ​រិក​នា​សម័យ​នោះ ទើប​ជា​ដើមចម​ឲ្យ​កើតមាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ដូច្នេះ​ឯកអគ្គរដ្ឋទូត​អាមេរិក និង​មន្ត្រីការទូត​របស់ អាមេរិក​មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ខុស​ពី​បំណងប្រាថ្នា ដែល​យើង​ចង់បាន​ធ្វើជា​មិត្តភក្តិៗ​របស់​អាមេរិក​។

សម្តេច​បន្ត​ថា ខណៈ​យើង​ទាំងអស់​គ្នា​កំពុង​សប្បាយ​នៅ​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត​មួយ ដែល​ជោកជាំ​ដោយ​ឈាម និង​ទឹកភ្នែក​នេះ ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ប្រទេស​នៅ​ម​ជ្ឈិម​បូព៌ា​នៅ​អ៊ីរ៉ាក់ នៅ​សេរី នៅ​លី​ប៊ី នៅ​យេ​មែន និង​នៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា​អេ​ហ្សិ​ប កំពុង​តែ​មាន​បញ្ហា​កាប់សម្លាប់​គ្នា​។ ដូច្នេះ​នេះ​ជា​លទ្ធផល​នៃ​ការធ្វើ​បដិវត្ត​ពណ៌ ហើយ​មេខ្លោង​នៃ​បដិវត្ត​ពណ៌ ឬ​មេខ្លោង​នៃ​ការឈ្លានពាន ដោយ​យោធា និង​អ្នកគាំទ្រ​នៃ​បដិវត្ត​ពណ៌​ទាំងអស់ សូម្បីតែ​នៅ​កម្ពុជា តើ​គួរ​ត្រូវ​ទទួល​រង្វាន់​ណូ​ប៊ែ​ល ឬ​ក៏​ត្រូវ​ទទួល​ការ​ថ្កោលទោស​នៅ​ពេល​ដែល​មាន​ប្រជាជន​យ៉ាង​ច្រើន​កំពុងតែ​ទទួលរង​គ្រោះ ?

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​រង​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា គឺ​លោក David Josar បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ តាម​សារ​អេ​ឡិ​ក​ត្រ​រូប​និក​ថា “​បំណុល​ទ្វេភាគី ដែល​ប្រទេស​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក គឺជា​រឿង​ពិភាក្សា​គ្នា​យូរ ហើយ​វា​ជា​អ្វី​ដែល​យើង​ចង់​ដោះស្រាយ​អោយ​ចេញ​។ តែ​វា​ត្រូវ​មាន​ការពិភាក្សា​បន្ថែម​ទៀត មុន​ពេល​យើង​អាច​ដើរ​ទៅមុខ​បាន​លើ​រឿង​នេះ​” (Cambodian bilateral debt to the United States is a long standing topic of conversation and something we would like resolved. However additional discussions are needed before we are able to move forward on this topic.)​។

ចំពោះ​បញ្ហា​បំណុល​នេះ ដោយសារ​តែ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​បរទេស ក៏​ដូចជា​អ្នកវិភាគ​មួយចំនួន​ជំរុញ​ឲ្យ​អាមេរិក​ទារបំណុល​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៧ ក្រុមការងារ​វិទ្យុ ABC បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​វិទ្យុ​អាស៊ីសេរី ដែល​យុទ្ធនាការ​នេះ បាន​ធ្វើ​ឡើង​តាម​បណ្តា​ផ្លូវ​មួយចំនួន​នៅតាម​ជាយក្រុង ដោយមាន​សរសេរ​លើប​ដា​ជញ្ជាំង​រថយន្ត ដាក់ថា “​ប្រឆាំង​វិទ្យុ​អាស៊ីសេរី ដែល​គាំទ្រ​អាមេរិក​ទារ​លុយ​ខ្មែរ​” ហើយ​យុទ្ធនាការ​នេះ នឹង​ធ្វើ​ឡើង​រហូត​មានការ​គាំទ្រ​ច្រើន ហើយ​ពួកគេ​នឹង​ទៅ​ធ្វើ​បាតុកម្ម​នៅមុខ​វិទ្យុ​អាស៊ីសេរី និង​មុខ​ស្ថានទូត​អាមេរិក​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114