ពលរដ្ឋ​ខ្មែរ​ពីររូប រៀបរាប់​ស្ថានភាព​រស់នៅ​សហរដ្ឋអាមេរិក កំឡុង​ផ្ទុះ​កូ​វីត ១៩ ខ្លាំង

ពលរដ្ឋ​ខ្មែរ​ពីររូប​ដែល​ម្នាក់​ជា​និស្សិត​កំពុង​បន្ត​ការសិក្សា និង​ម្នាក់ទៀត​ជា​ម្ចាស់​ហាង​នំ​ដូ​ណាត់ បាន​រៀបរាប់​ពី​ស្ថានភាព​រស់នៅ​សហរដ្ឋអាមេរិក អំឡុង​ការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19 ខណៈ​មកដល់ពេលនេះ​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​វីរុស កូ​វីត ១៩ ជិត ១៩ ម៉ឺន​នាក់ ហើយ ដែល​ចំនួន​អ្នក​ឆ្លង​កើន​ឡើងជា​រៀងរាល់ថ្ងៃ ចំណែកឯចំនួន អ្នក​ស្លាប់​មាន​ចំនួន ជាង​៤ ពាន់​នាក់។

លោក សន សេដ្ឋភាព ជា​និស្សិត​ខ្មែរ និង​បុគ្គលិក​បម្រើ​ការងារ​មួយ​រូប ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​ញ៉ូ​យក នៃ​សហរដ្ឋអាមេរិក​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា «​នៅ​ទី​នេះ មាន​អ្នក​ឆ្លង​វីរុស​កូ​វីត​១៩​ច្រើន ដូច្នេះ យើង​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​។ ខ្ញុំ​នៅផ្ទះ និង​ធ្វើការ​ពី​ផ្ទះ​មក ជាង​ពីរ​សប្តាហ៍​មកហើយ​»។

លោក​បន្ត​ថា «​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ទីនេះ​ច្រើន​ដែរ ពួកគេ​ភាគច្រើន​នៅផ្ទះ ហើយ​ចេញ​ក្រៅ​ពេលដែល​ចាំបាច់ និង​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស់ និង​ស្រោមដៃ។ រីឯ​«​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ភាគច្រើន​បិទ ដោយសារ​មិន​សូវ​មាន​អ្នកចេញ​ក្រៅ តែ​ក៏មាន​ហាង​មួយចំនួន​នៅ​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់ទី​កន្លែង​ដែរ​»​។

លោក​បន្ថែម​ថា «​សំណាងល្អ​ដែល​ខ្ញុំ​រស់នៅ​ជិត​ហាង​លក់ទំនិញ​។ ខ្ញុំ​មាន​ម្ហូប​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង​។ ភាគច្រើន​ខ្ញុំ​ធ្វើ​ម្ហូប​ញ៉ាំ​ខ្លួនឯង ព្រោះ​វា​មាន​សុវត្ថិភាព​ជាង​យើង​ទិញ​ពី​ខាងក្រៅ​»​។

ចំណែក​លោកស្រី សៀ សុខ​ហាក់ ម្ចាស់​ហាង​ដូ​ណាត់​ជនជាតិខ្មែរ​មួយរូប ក្នុង​រដ្ឋ​ខេន​សាស (Kansas City) នៃ​សហរដ្ឋអាមេរិក​ក៏​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ហាង​របស់​លោកស្រី​ត្រូវ​បាន​បិទទ្វារ តាំងពី​បី​សប្តាហ៍​មុន ចាប់ពី​ផ្តើម​ផ្ទុះ​កូ​វីត ១៩ ដោយសារ​មិន​មាន​ភ្ញៀវ​ចូលមកក្នុង​ហាង ទោះបីជា​រដ្ឋ​មិនបាន​ដាក់​បំរាម​ឲ្យ​បិទ​ហាង​ក៏ដោយ​។ លោក​ស្រី​បន្តថា «​នៅ​ទី​នេះ ប្រជាជន​ភាគច្រើន​ស្តាប់ និង​ធ្វើតាម នៅ​ពេល​ដែល​អាជ្ញាធរ​ប្រាប់​ឲ្យ​នៅផ្ទះ ដោយសារ រដ្ឋ​មាន​ថវិកា​មួយចំនួន​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ។»

ម្ចាស់​ហាង​ដូ​ណាត់​រូបនេះ​ថ្លែង​ថា «​នៅពេល​មិន​មាន​ភ្ញៀវ យើង​រកបាន​ចំណូល​យើង​តិច ដូច្នេះ យើង​មិនអាច​ផ្គត់ផ្គង់​ថ្លៃ​បុគ្គលិក​ដែរ អីចឹង​យើង​ក៏​ត្រូវ​បិទ​ហាង​!» លោកស្រី​បាន​បន្ត​ថា «​តែ​ពេលខ្លះ​យើង​អាច​បើក​លក់​តិចៗ​តាម​មាត់​បង្អួច បានតែ​ដោយសារ​ព្រឹក​ឡើង​ភ្ញៀវ​គាត់​ត្រូវការ​អី​ហូប​»​។

យ៉ាងណាមិញ លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លែង​ដែល​ខ្ញុំ​រស់​នៅ ជា​តំបន់​ជាយក្រុង មិនសូវមាន​វីរុស​កូ​វីត​១៩ ផ្ទុះ​ខ្លាំង​ដូច​នៅតាម​រដ្ឋ​ធំៗ ដូចជា​កាលីហ្វ័រ​ញ៉ា ឬ​ញ៉ូ​យក​នោះទេ ព្រោះ​បើ​ចំនួន​អ្នក​ឆ្លង​វីរុស​មិនមាន​ការថយចុះ ឬ​ប្រសើរឡើង​ទេ ក្រុង​អាច​នឹង​បិទ​តែម្តង​កំឡុង​ពេល​មួយ​សប្តាហ៍​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114