BREAKING NEWS
Search

ពលរដ្ឋ​ខ្មែរ​មកពី​ថៃ តាម​ច្រក​អន្តរជាតិ​អូ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជិត ៤០០​នាក់ ត្រូវ​បាន​ត្រួតពិនិត្យ

​ឧ​ត្ត​រ​មានជ័យ​ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង​ជិត ៤០០​នាក់ ត្រូវបានធ្វើ​ការត្រួតពិនិត្យ តែ​រក​ពុំ​ឃើញ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​សង្ស័យ និង​មាន​រោគសញ្ញា​មាន​ជំងឺ COVID-19 នោះទេ​។

លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ​ថា គិត​ត្រឹម​ម៉ោង ៣និង៤០​នាទី​ថ្ងៃនេះ ប្រជាពលរដ្ឋ​ខ្មែរ ៣៤៩​នាក់ ក្នុង​នោះ​មាន​ស្រី ១៧០​នាក់ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូ​ស្មាច់ ត្រូវបានធ្វើ​ការត្រួតពិនិត្យ តែ​រក​មិនឃើញ​មាន​ពលរដ្ឋ​ណា​ម្នាក់ សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ទេ​។

​លោក ឃ្លោក ហួត បាន​ថ្លែង​បញ្ជាក់​ទៀត​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ៣៤៩​នាក់ ដែល​បានធ្វើការ​ត្រួតពិនិត្យ​នោះ មាន ១១២​នាក់ រស់​នៅ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​មាន​ស្រី ៦៦​នាក់​ផងដែរ ក្រៅពីនោះ​គឺ​រស់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ។

លោក​បញ្ជាក់​ទៀត​ថា សកម្មភាព​ត្រួតពិនិត្យ​ក្នុងឱកាស​នោះដែរ យើង​បានធ្វើ​ការ​សួរនាំ ក៏ដូចជា​ការ​វាស់​កំដៅ តែ​មិនមាន​អ្នក​ណាមួយ​សង្ស័យថា មាន​ជំងឺ​កូ​វីដ​១៩​ទេ និង​បាន​ចែក​សេចក្តីណែនាំ ពី​ការដាក់​ខ្លួន​ដាច់ដោយឡែក​ចំនួន ១៤​ថ្ងៃ ពេល​ទៅ​ដល់​លំនៅឋាន​វិញ​។

ជាមួយគ្នា​នោះ​លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត បាន​ថ្លែង​បញ្ជាក់​ថា គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ខេត្ត បាន​បើក​កិច្ចប្រជុំ​មួយ​ក្រោម​វត្តមាន​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩​ខេត្ត បាន​សម្រេច​យក​ទីតាំង​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន ធ្វើជា​ទីតាំង​សម្រាប់​ដាក់​បំរុង​នៅពេល​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ មាន​ជំងឺ​កូវីដ​១៩ ដោយពេល​នេះ យើង​បាន​រៀប​ចំ​គ្រែ​និង​សម្ភារ​មួយចំនួន​ហើយ លោក​បាន​បញ្ជាក់​ថា សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូតមកដល់​ល្ងាច​នេះ គឺ​មិនទាន់​នរណា​ម្នាក់ មាន​ជំងឺ​កូវីដ​១៩​នោះ​ទេ​៕
​ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114