ពលរដ្ឋ​ឃុំ​ត្រងិល ខ្វះ​ទឹក​ប្រើប្រាស់​ជាង​៤​ខែ ​ក្នុង​រដូវប្រាំង សំណូមពរ​អាជ្ញាធរ​ជួយ​ដោះស្រាយ

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ៣ , ៤​នាក់ នៅ​ភូមិ​អណ្តូង​រនុក ភូមិ​ខ្លែង​ពណ៌ កំពុង​បូមទឹក​ពី​អណ្តូង​នៅ​វាល​ស្រែ​ដាក់​ធុង​ដឹក​តាម​គោយន្ត នៅក្នុង​ភូមិ​ទំនប់​ឃុំ​ត្រងិល ស្រុក​កំពង់លែង ដើម្បី​ដឹកយក​ទៅប្រើ​ប្រាស់​តា​ម​គ្រួសារ​ នៅ​ព្រឹ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​បាន​និយាយ​ឲ្យ​ដឹងថា ​៖ រៀងរាល់ឆ្នាំ​ពួក​គាត់ ក៏​ដូចជា​អ្នកស្រុក​នៅតាម​ភូមិ​មួយចំនួន នៅ​រដូវប្រាំង ​ចាប់ពី​ខែ​១២ រហូតដល់​ខែ​៤ តែង​នាំគ្នា​មក​បូមទឹក​ក្នុង​អណ្តូង​លូ​នៅទីនេះ ដើម្បី​ដឹកយក​ទៅប្រើ​ប្រាស់​តាម​គ្រួសារ ព្រោះតែ​អណ្តូង​លូ​ ឬ​អណ្តូង​បុក នៅ​តាម​ភូមិ​ពួកគាត់​បាន​រីងស្ងួត​អស់ហើយ គ្មាន​ទឹក​ប្រើប្រាស់​ឡើយ។

ដោយឡែក​អ្នកភូមិ​ដែល​គ្មាន​គោយន្ត​ដឹក​ទឹក​ដូច​គេ ត្រូវ​ទិញ​ទឹក​ពី​គេ​ក្នុង​១​គោយន្ត ដែលមាន​ទឹក​ប្រមាណ៧៥០​លីត្រ ថ្លៃ​ពី​១​ម៉ឺន ទៅ​៣​ម៉ឺន​រៀល តាម​ភូមិ​ជិត​ ឬ​ឆ្ងាយ រហូតដល់​ខែវស្សា​មាន​ភ្លៀង​ធ្លាក់​ និង​តាម​អណ្តូង​ក្នុងភូមិ​មានទឹក​ប្រើប្រាស់​វិញ ទើប​ឈប់​មក​បូម​ទឹក​នៅទីនេះ។ ប៉ុន្តែ​អណ្តូង​លូ​នៅ​ទី​នេះ ​ក៏ត្រូវ​រីងស្ងួត ​ចេញ​មិន​ទាន់​ដែរ នៅក្នុង​ខែ​២ ដោយ​សារ​អ្នកភូមិ​មក​បូម​ច្រើន ដែល​ក្នុង​១​ថ្ងៃ​ៗ​មិន​ក្រោម​២០​ ទៅ​៣០ គោយន្ត​ឡើយ តែ​ទុក​ក្នុង​រយៈពេល​២​ម៉ោង ​អណ្តូង​លូ​នេះ អាច​ចេញ​ទឹក​មក​វិញ ដែល​អាច​បូម​បាន​២​គោយន្ត នឹង​រីងស្ងួត​ទៀត។

ពួកគាត់​បាន​ព្រួយបារម្ភ​ថា​ ឆ្នាំនេះ ​ធាតុអាកាស​ក្តៅ​ខ្លាំង ​សង្ស័យ​ថា អណ្តូង​មួយ​ពីរ​ដូចនេះ​នៅតាម​វាលស្រែ ​ក្នុងភូមិ​ទំនប់ នឹងត្រូវ​រីង​ទឹក​អស់​ជាមិនខាន គឺ​ពួកគាត់​ពិតជា​ជួប​ការលំបាក​ធំ​ហើយ។ ដូច្នេះ ស្នើសុំ​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ជួយ​គិតគូរ​ដោះស្រាយ​ទឹក​ឲ្យ​ពួកគាត់​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង។ ដោយឡែក​ ប្រជាពលរដ្ឋ​មួយចំនួនទៀត​គិតថា បើ​ថ្នាក់លើ​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​មក​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​តាម​ផ្ទះ ក៏​ជាការ​ដោះស្រាយបាន ប៉ុន្តែ​ត្រូវ​ប្រើ​រថយន្ត​ច្រើន​គ្រឿង ទើប​ដោះស្រាយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បាន។

ទាក់ទង​នឹង​រឿង​ទឹក​ខាងលើនេះ លោក សុខ រិ​ន ប្រធានការិយាល័យ​កសិកម្ម​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹងថា នៅក្នុង​ឃុំ​ត្រងិល ​ប្រជាពលរដ្ឋ​ខាងលើ​ពិតជា​មក​ដឹក​ទឹក​យក​ទៅប្រើ​ប្រាស់​រៀងរាល់ថ្ងៃ ដោយសារតែ​ខ្វះខាត​ទឹក​ប្រើប្រាស់​ពិតមែន។ រឿងនេះ ​លោក​ក៏បាន​ធ្វើ​របាយការណ៍​រាយការណ៍​ជូន លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រួចហើយ ដើម្បី​រក​វិធី​ជួយ​ដោះស្រាយ​ទឹក​ជាមួយ​មន្ទីរ​ធនធាន​ទឹក​ខេត្ត ជួយ​ប្រជាពលរដ្ឋ៕


អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114