ពលរដ្ឋ​ជាង​២០​គ្រួសារ ដាក់​វេន​បន្ត​គ្នា​ប្រកប​របរ​ដុត​ក្រឡាន ​ដើម្បី​រក្សា​អត្តសញ្ញាណ​ផលិតផល​មួយ​ ភូមិ​មួយ ​​

ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង/​ខេត្ត​ស្ទឹងត្រែង​បាន​ដាក់​វេន​បន្ត​គ្នា​ប្រកប​របរ​ដុត​ក្រឡាន ​ដើម្បី​រក្សា​អត្តសញ្ញាណ​ផលិតផល​មួយ​ ភូមិ​មួយ​ប្រយោជន៍​បង្ហាញ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ​ឲ្យ​ចាប់អារម្មណ៍ ហើយ​មុខរបរ​នេះ​ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ជីវភាព​ធូរធារ​។​

លោក​ កែវ ​ប៊ុន​ឈឿន ​មេភូមិ​ហាង​ខូ​បាន – បាន​បញ្ជាក់​ថា​ តប​តាម​ការណែនាំ​របស់​គណៈ​កម្មាធិការ​ស្តារ ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ ​បាន​បង្កើត​មុខរបរ​ដុត​ក្រឡាន​ទុកជា​អត្តសញ្ញាណ​មួយ​បង្ហាញ​ពី​ភាព​ប៉ិនប្រសព្វ​ និង​សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ-​អន្តរជាតិ​​មក​ឃើញ​ជា​រៀងរាល់ថ្ងៃ​។​

លោក​ថា បច្ចុប្បន្ន​របរ​នេះ ​បងប្អូន​ បាន​ស្រុះស្រួល​គ្នា​ផលិត​បន្តវេន​គ្នាឲ្យ​មាន​ជាប្រចាំ​ ដើម្បី​រក្សា​អត្តសញ្ញាណ​ផលិតផល​មួយ​ភូមិ​មួយ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ ​និង​ធ្វើ​នេសាទ​ អញ្ចឹង​កសិករ​ធ្វើ​ក្រឡាន ខ្លះ​ធ្វើស្រែ ​ផ្អាក​ពី​ក្រឡាន ​ទៅធ្វើ​ស្រែ​វិញ ​នេះ​ចំណុច​១។ ចំណុច​២ គឺថា​ផ្អាក​ពី​ក្រឡាន​ដោយសារ​អត់​ឫស្សី​ធ្វើ​ក្រឡាន​ ទៅ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រក​ត្រី​ធ្វើ​ផ្អក​ប្រហុក​ចុះ​ស្រែ​ចម្ការ​ទៀត។ ​អ្នក​ដែល​ធ្វើ​ក្រឡាន​អត់​ឫស្សី​ខ្លះ​ ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ អត់​មាន​អ្នកណា​ទំនេរ​ទេ​ព្រោះ​ដំណាក់កាល​នេះ​ កំពុង​រក​បន្តបន្ទាប់​ជា​លក្ខណៈ​គ្រួសារ​និ​មួយៗ​។​

លោក​ចាន់​ វាសនា ​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ដែរ​បាន​បញ្ជាក់ថា នេះ​ជា​ការ​ងារ​ប្រចាំថ្ងៃ​របស់​អ្នកភូមិ ដែល​មាន​ទម្លាប់​តាំងពី​ដូនតា​មក ដូចជា​ការ​ធ្វើ​នេសាទ ដុត​ក្រឡាន​លក់​ និង​ដាំ​បន្លែបង្ការ​បន្ថែម​ទៀត ​ដើម្បី​ជីវភាព​រស់នៅ​។

លោក​យល់ថា ការងារ​នៅផ្ទះ​រក​បាន​ប្រាក់ចំណូល​តិចតួច​ តែ​វា​ប្រសើរ​ជាង​ទៅ​លក់​កម្លាំង​ពលកម្ម​ ឬ​ធ្វើ​ចំណាកស្រុក ​នាំ​ឲ្យ​ជួប​ហានិភ័យ​ផ្សេងៗ។ ចំពោះ​ខ្ញុំ​យល់ថា​ ការងារ​នេះ ​នៅផ្ទះ​នេះ​ ពិតជា​មិន​សូវ​បាន​លុយ​ដូចជា​ការ​ធ្វើ​ចំណាកស្រុក​មែន។ ប៉ុន្តែ​ការងារ​នៅផ្ទះ ​យើង​អាច​មើល​ក្រុម​គ្រួសារ​យើង​ក្នុង​ផ្ទះ​ផង ​ហើយ​យើង​បាន​ផល​នៅផ្ទះ​ក៏​សមរម្យ​ដែរ​។​

លោកស្រី​ឈាវ​ លីន ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ហាង​ខូ​បាន បាន​បញ្ជាក់ថា អ្នកភូមិ​នេះ​បាន​គាំទ្រ​ចំពោះ​ការ​យល់​ឃើញបែបនេះ​ ព្រោះ​វា​ជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នកភូមិ​ផ្សេងៗ​ទៀត​អនុវត្ត​តាម ហើយក៏​ជា​ចំណែក​មួយ​អាច​ជួយ​កាត់បន្ថយ​បាន​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​។​

សូម​បញ្ជាក់​ថា ​៖ ​របរ​ដុត​ក្រឡាន​ដូនតា​យើង​ច្រើន​ធ្វើឡើង​នៅ​ពេល​ច្រូតស្រូវ​ថ្មី​យក​មក​ដុត​ក្រឡាន​ ឬ​ដុល​អំបុក​រសជាតិ​ស្រូវ​ថ្មី​ តែ​បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​យើង​យក​មក​ធ្វើជា​អាជីព​សម្រាប់​ចិញ្ចឹមជីវិត​៕

អត្ថបទ ៖ ងិន​ លីម​

សូមចុចអាន ៖ សិប្បកម្មកន្ទេលពីដើមផ្អាវ ជា​អត្តសញាណ​អ្នក​ស្រុកអង្គរធំ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114