BREAKING NEWS
Search

ពលរដ្ឋ​ស៊ី​រី​ស្វែងរក​កូន​របស់​ពួកគេ​យ៉ាង​វីវក់ ​ក្រោយ​ការផ្ទុះ​គ្រាប់បែក​អត្តឃាត​

នាង Fatima Rashid បានជា​សះស្បើយ​វិញ​នៅក្នុង​មន្ទីរពេទ្យ​ស៊ី​រី​ បន្ទាប់ពី​ការផ្ទុះ​អត្តឃាត​មួយ​នៅពេលដែល​នាង​បាន​ក្រឡេកមើល​ក្មេង​ជំទង់​ដែលមាន​ឈាម​ពេញមុខ​។ នាង​មិន​ស្គាល់​កូនស្រី​របស់​នាង​ទេ​។​

ក្រោយមក ក្មេង​ជំទង់​រងរបួស​ម្នាក់​នោះ​ត្រូវបាន​គេ​យក​ឆ្លងដែន​ទៅកាន់​ប្រទេស​ទួរគី​សម្រាប់​ការព្យាបាល​ហើយ​ឥឡូវនេះ Rashid ក៏ដូចជា​ឪពុកម្តាយ​ជាច្រើន​នាក់​ផ្សេងទៀត​ដែរ ​ដែល​រងគ្រោះ​នៅក្នុង​ការវាយប្រហារ​គួរ​ឲ្យ​រន្ធត់​កាលពី​ថ្ងៃ​សៅរ៍​នោះ​គឺ​កំពុង​ស្វែងរក​កូន​របស់​នាង​។​

Rashid បាន​ប្រាប់ AFP នៅ​ជម្រក​មួយ​សម្រាប់​គ្រួសារ​ដែល​តាំង​ទីលំនៅ​ជិត​ព្រំដែន​ស៊ី​រី​-​ទួរគី​ថា “​ខ្ញុំ​បាន​លើក​វាំងនន​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ហើយ​ខ្ញុំ​បានឃើញ​ក្មេងស្រី​ម្នាក់​។ ពាក់កណ្តាល​មុខ​របស់​នាង​ត្រូវ​ខូច​ហើយ​នាង​បាន​ហូរឈាម​។ ខ្ញុំ​មិនដឹងថា​នាង​ជា​កូន​របស់​អ្នកណា​ទេ​”​។​

នាង​និយាយ​ទាំង​ទឹកភ្នែក​ថា “​នៅពេលដែល​ខ្ញុំ​ភ្ញាក់ឡើង​នៅ​ថ្ងៃ​បន្ទាប់ វេជ្ជបណ្ឌិត​បានបង្ហាញ​ខ្ញុំ​នូវ​រូបភាព​ក្មេងស្រី​នោះ​។ ខ្ញុំ​បាន​ចងចាំ​នូវ​អ្វីដែល​កូនស្រី​របស់ខ្ញុំ​ឈ្មោះ Ghadir បាន​ពាក់​។ នោះ​គឺជា​នាង​”​។​

កុមារ​យ៉ាងតិច​៦៨​នាក់​ក្នុងចំណោម​មនុស្ស​១២៦​នាក់​ត្រូវបាន​ស្លាប់​នៅពេលដែល​គ្រាប់បែក​រថយន្ត​អត្តឃាត​បាន​ហែក​ច្រៀក​រថយន្តក្រុង​ដែល​កំពុង​ជម្លៀស​មនុស្ស​ចេញពី​ភូមិ Fuaa និង Kafraya ដែលជា​ភូមិ​ទាំងពីរ​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ឡោមព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​។​

មនុស្ស​រាប់សិប​នាក់​បាន​រងរបួស​ដោយ​ក្នុងនោះ​រួមមាន​ទាំង Fatima ដែលមាន​វ័យ​៣៧​ឆ្នាំ​ និង​កូន​របស់​នាង​ផងដែរ​ដែល​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ទឹកដី​ដែល​ត្រួតត្រា​ដោយ​ក្រុមប្រឆាំង​នៅក្បែរនោះ​ខណៈដែល​អ្នក​ដទៃទៀត​ត្រូវបាន​បញ្ជូនទៅ​ទីក្រុង​អា​ឡេ​ប៉ូ​ដែល​រដ្ឋាភិបាល​កាន់កាប់​។​

Fatima មិនបាន​ទទួលដំណឹង​ពី Ghadir, កូនប្រុស​របស់​នាង​ឈ្មោះ Adele អាយុ​១៥​ឆ្នាំ​, កូនស្រី​អាយុ​១៣​ខែ​របស់​នាង​ឈ្មោះ Rimas អាយុ​១៣​ខែ​ឬ​ប្តី​របស់​នាង​ឈ្មោះ Mohannad ទេ​។​

ការសម្លាប់​រង្គាល​កាលពី​ថ្ងៃ​សៅរ៍​ បានកើត​ឡើងខណៈ​មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​រង់ចាំ​ការជម្លៀស​ចេញពី​ភូមិ Fuaa និង Kafraya ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដ៏​ស្មុ​គ្រ​ស្មាញ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684