BREAKING NEWS
Search

ពលរដ្ឋ​៨៩​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ឈូក ទទួល​អំណោយ​​​កាកបាទ​ក្រហម​

កំពត ៖ កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ លោក ជាវ តា​យ រួម​ទាំងអភិបាលរង​ខេត្ត សមាជិក សមាជិកា​សាខា អនុ​សាខា​កាកបាទក្រហម និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម បាន​នាំ​យក​អំណោយ​មនុស្ស​ធម៌​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​៨៩​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ស្រុក​ឈូក​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោក ជាវ តា​យ ប្រធាន​គណៈកម្មា​ធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត បាន​បញ្ជាក់​ថា ជានិច្ចកាល កាកបាទក្រហម​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​បាន​បំពេញបេសកកម្ម​មនុស្ស​ធម៌ រួមសុខ​រួមទុក្ខ រំលែក​លំបាក ជាមួយ​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​ទូទាំង​ប្រទេស ពោល​ទីណា​មានទុក្ខ​លំបាក ទីនោះ មាន​កាកបាទក្រហម​ជានិច្ច​ដោយ​មិនបាន​រើសអើង​។

ជាក់ស្ដែង ស្ថិតក្នុង​ស្ថានភាព​ប្រទេសជាតិ និង​ពិភពលោក ​រួមគ្នា​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពត តែង​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​សាធារណៈ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត ចុះ​ដល់​មូលដ្ឋាន ដើម្បី​អប់រំ​ផ្សព្វផ្សាយ ពី​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩ និង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ ស្បៀងអាហារ​ទំនុកបម្រុង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ការ​ខ្វះខាត ដោយ​មិន​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​មិនបាន​ដឹង​ និង​មិនបាន​ដោះស្រាយ​ឡើយ​។

​លោក ជាវ តា​យ ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ប្រកាន់ខ្ជាប់ អនាម័យ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ឧស្សាហ៍​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ ឬ​ទឹក​អាល់កុល ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ ចៀសផុត​ការឆ្លង នៃ​វីរុស​កូ​វីដ​-១៩​ ដ៏​កាច​សាហាវ​នេះ មក​លើ​សង្គម​គ្រួសារ​ និង​សហគមន៍​យើង ព្រោះ​ជំងឺ​កាច​សាហាវ​នេះ​នៅ​ពុំ​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ​នាបច្ចុប្បន្ន ក្នុង​ពិភពលោក​យើង​នេះ​។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាលខេត្ត ក៏បាន​សំណូមពរ​ និង​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ បង្កបង្កើនផល​កសិកម្ម ដាំ​ដុះ​ចិញ្ចឹម​សត្វ ដើម្បី​ជួយ​ដោះស្រាយ​សម្រាល​ការ​ខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​ក្រើនរំលឹក​ណែនាំ​ដល់​សមាជិក​គ្រួសារ​ចូលរួម​អនុវត្ត​ច្បាប់​នានា​របស់​រាជ​រដ្ឋា​ភិបាល​ឲ្យ​បាន​ល្អ ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែង​អបាយមុខ គ្រឿងញៀន។ បើកបរ​ត្រូវមាន​ការ​ប្រុងប្រយ័ត្ន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​សេចក្ដីសុខ និង​ការពារ​អាយុជីវិត​​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។​

​ចំពោះ​អំណោយ​ដែល​បាន​នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ​នាឱកាស​នោះ សរុប​ចំនួន​៨៩​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូ មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គីឡូ ទឹក​សុទ្ធ​១​យួរ និង​ថវិកា​រួមមាន ​៖ ពលរដ្ឋ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​៤​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន​២០​ម៉ឺន​រៀល សរុប​ស្មើនឹង ៨០០,០០០​រៀល​។​

របើក​ដំបូលផ្ទះ​ធ្ងន់ធ្ងរ​៦២​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​៤​ម៉ឺន​រៀល សរុប​ស្មើនឹង ២,៥៦០,០០០​រៀល​។ របើក​ដំបូល​ស្រាល​ចំនួន​២១​គ្រួសារ ដោយ​មួយ​គ្រួសារ​ទួល​បាន​ថវិកា​២​ម៉ឺន​រៀល សរុប​ស្មើនឹង​៤២០,០០០​រៀល​។​

​ជាមួយនេះ លោក​អភិបាលខេត្ត ​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៧២​ម៉ឺន​រៀល ជូន​ដល់​យុវជន និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ និង​គ្រូពេទ្យ​ផង​ដែរ​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ ភ្លៀង​មួយ​មេ​លាយ​ឡំ​ នឹង​ខ្យល់​កន្ត្រាក់​បោក​បក់​​ខ្លាំង​ បណ្ដាល​ឱ្យ​ផ្ទះ​ពលរដ្ឋ​ ៤​ស្រុក​រង​ការ​ខូច​ខាត




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114