ពលរដ្ឋ​ គាំទ្រ ​ពេល​ឃើញ​កម្លាំង​អាវុធហត្ថ​រាជធានី​ ចាត់​វិធានការណ៍​លើ​រថយន្ត​​ស្លាក​លេខ ខ ម សេះ​ហោះ ​ពិសេស​ឡាន​ដឹក​ដី​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ​ក៏​ដូច​អ្នកដំណើរ​ ពិសេស​អ្នករស់នៅ​ភ្នំពេញ ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ បន្ទាប់ពី​ឃើញ​កម្លាំង​អាវុធហត្ថ​រាជធានី​ បាន​និង​កំពុងតែ​ចាត់​វិធានការណ៍​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​ នៅ​រាជធានី​ភ្នំពេញ​ ពិសេស​ក្រុម​ឡាន​ដឹក​ដី​ ដឹក​ថ្ម​ ដឹក​ខ្សាច់ ​ពាក់​ស្លាក​លេខ ខ ម លោតឆ័ត្រ​នោះ​តែម្ដង ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ក្រសួង​ការពារ​ជាតិ​។

ការត្រួតពិនិត្យ​នេះ​ បានធ្វើ​ឡើង​ពី​សំណាក់​កម្លាំង​កង​យានយន្ត នៃ​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្តន៍​ការងារ ត្រួតពិនិត្យ​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ​ក្លែងក្លាយ​, ប័ណ្ណបើកបរ ខេមរភូមិន្ទ​, បក​កញ្ចក់​ខ្មៅ ,​អាវុធជាតិផ្ទុះ​, វិទ្យុ​ទាក់ទង​, និង​បក​កញ្ចក់​នៅ​លើ​កំណាត់​ហាណូយ កែង​ផ្លូវ​មហាវិថី​ឈ្នះ​ចាប់​ថ្ងៃទី​០៤​ធ្នូ​តទៅ។​

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៤ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ថា សកម្មភាព​កម្លាំង​កង យានយន្ត នៃ មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត ត្រួតពិនិត្យ អាវុធជាតិ​ផ្ទុះ​ផង​ និង រថយន្ត​ដែល​បំពាក់​ស្លាក​លេខ ខេមរភូមិន្ទ​ក្លែងក្លាយ ពិសេស​ឡាន​ដឹក​ដី​តែម្ដង មិនដឹង​គេ​អាង​អី​បាន​ហ៊ាន​ប្រើ​ស្លា​ក ខ ម មក​រកស៊ី​ឯកជន​ខ្លួនឯង​ទៅវិញ​ ហើយ​ឡាន​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ខ្លះ​ ពាក់​ស្លាក​លេខ​សេះ​ហោះ​ទៀត​។ រថយន្ត​ប្រភេទ​នេះ ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​។​

​ក្រៅពី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ​និង ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែងក្លាយ​មក​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ។​ ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅលើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​នាពេល​រាត្រី ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ ក្នុងនាម​ជា​អ្នក​បម្រើ​រាស្ត្រ​ដោយ​ទឹកចិត្ត​ស្មោះត្រង់​៕


អត្ថបទ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114