ពាក់កណ្ដាល​ឆ្នាំ​២០២០​ ឥណ្ឌូណេស៊ី​នឹង​សហការ​ជាមួយ​កម្ពុជា​រៀបចំ​វេទិកា​ផ្គូផ្គង​ធុរកិច្ច​ដើម្បី​បង្កើន​ការវិនិយោគ​បន្ថែម

ភ្នំពេញ ៖ លោក​Sudirman Haseng ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា នៅ​ដើម​ខែមិថុនា ឆ្នាំ​២០២០​នេះ ស្ថានទូត នឹង​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​រៀបចំ​វេទិកា​ផ្គូផ្គង​ធុរកិច្ច ក៏ដូចជា​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​នឹង​មាន​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន ឥណ្ឌូណេស៊ី ជាច្រើន​ចូលរួម។

លោក​Sudirman Haseng ថ្លែង​បែបនេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ទីស្តីការ​ក្រសួង​នាពេល​ថ្មីៗ​នេះ​។​

ក្នុង​ជំនួប​នោះ បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​កិច្ចពង្រឹង​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​វិស័យ​វិទ្យាសាស្ត្រ និង​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម ក្នុង​កាលៈទេសៈ ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នឹងត្រូវ​ប្តូរ​ឈ្មោះ​ពេញលេញ​តាមផ្លូវ​ច្បាប់ ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នាពេល​ខាងមុខនេះ។

ក្នុងឱកាស​នោះ​ផងដែរ លោក​Sudirman Haseng ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ តែងតែ​ផ្ដល់នូវ​សារៈសំខាន់​ពី​គ្នា​ទៅវិញទៅមក​ទាំង​លើ​វិស័យ​រដ្ឋ​និង​ឯកជន​ពិសេស​លើវិស័យ​ឧស្សាហកម្ម​និង​ការវិនិយោគ​តែម្ដង​។

លោក​ទូត​បានបន្ត​ថា នៅ​ដើម​ខែមិថុនា ឆ្នាំនេះ ស្ថានទូត នឹង​សហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​រៀបចំ​វេទិកា​ផ្គូផ្គង​ធុរកិច្ច ក៏ដូចជា​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​នឹង​មាន​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន ឥណ្ឌូណេស៊ី​ជាច្រើន ចូលរួម​ផង​ដែរ។

លោក​ទូត​បាន​បន្ថែម​ទៀត​ថា ក្នុង​នោះ​ក៏បាន​អ​ញ្ជើញ​តំណាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ឡាវ និង ភូមា​ចូលរួម​ស្វែងយល់​ផ្លាស់ប្តូរ​បទពិសោធន៍​ផងដែរ។

នា​ឱកាស​នោះ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ការស្វាគមន៍ និង​បាន​បញ្ជាក់ថា ​កម្ពុជា​-​ឥណ្ឌូណេស៊ី មានឱកាស នៃ​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយគ្នា​លើ​កម្មវត្ថុ​អាជីវកម្ម​ជា​ច្រើ​ន ដែល​ភាគី​ទាំងពីរ​ត្រូវ​ប្រឹងប្រែង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព នៃ​សក្តានុពល ដែល​ភាគី​ទាំងពីរ​មាន ដោយ​យើង​មើល​ឃើញ​ថា ប្រទេស​ឥណ្ឌូនេស៊ី មាន​ប្រជាជន​ច្រើន និង​កាន់សាសនា​ម៉ូ​ស្លី​ម។ ដូច្នេះ​ការវិនិយោគ​គួរផ្តោត​ទៅ​លើកម្មវត្ថុ​អាជីវកម្ម​មួយចំនួន​ដែលមាន​អាទិភាព ដូចជា​ ឧស្សាហកម្ម​ផលិត​ម្ហូប ហា​ឡា​ល -​ការនាំចេញ​សំលៀកបំពាក់ ស្បែកជើង​និង​វាយនភ័ណ្ឌ​-​កា​រប​ង្កើត​រោង​ម៉ា​ស៊ី​ន​កិនស្រូវ​កែច្នៃ​អង្ករ​សម្រាប់​នាំចេញ -​ការ​ចិញ្ចឹម​សត្វ​និង​នាំចេញ​ផ្លែ​ឈើ​ជា​ដើ​ម។ មួយវិញទៀត កម្ពុជា នឹង​ប​ង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នា​ពេល​ខាង​មុខ ដែល​ត្រូវ​ទិញ​វត្ថុធាតុដើម​ពី​ប្រទេស​ឥណ្ឌូណេស៊ី។

កិច្ចការ​នេះ ជា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​សហការ​ប​ង្កើត​ឲ្យ​មាន​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ដោយ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដោយមាន​រយៈ​ពេល​កំណត់​ទៀងទាត់​ណាមួយ។ លោក​ទេសរដ្ឋមន្ត្រី​ចាត់ទុកថា នេះ​ជាការ​ចាប់​ផ្តើម​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី តាមផ្លូវ​ទឹក​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី​បន្ថែមថា ចំពោះ​គម្រោង​រៀបចំ​វេទិកា​ផ្គូផ្គង ធុរកិច្ច រវាង​កម្ពុជា និង ឥណ្ឌូណេស៊ី ដោយមាន​ការ​អ​ញ្ជើ​ញ​ភាគី​ឡាវ និង​ភូមា​ចូលរួម​ផង​ដែរ​នោះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត សូម​គាំទ្រ​និង​ស្វាគមន៍ ហើយ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជាក់​ជាមិនខាន ហើយ​នឹង​ពិភាក្សា​ពី​អត្ថប្រយោជន៍​និង​ការចាំបាច់​នៃ ការ​ជំរុញ​សហគ្រាស ឌីជីថល​តែម្ដង​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114