BREAKING NEWS
Search

ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឡប់មកវិញ អម​ដោយ​រូបមន្ត​ប្លែក​ជាង​មុន

កម្មវិធី​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (Hun Sen Cup) រដូវ​កាល​ឆ្នាំ​២០១៧ នឹង​ចាប់​ផ្តើម​ប្រកួត​ពី​សប្ដាហ៍​ក្រោយ​តទៅ​ហើយ ដោយ​នឹង​បញ្ចប់​នៅ​ខែតុលា ឯណោះ ខណៈ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ផ្លាស់ប្តូរ​រូបមន្ត​នៃ​ការប្រកួតប្រជែង​ខុសប្លែក​ពី​១០​ឆ្នាំ​កន្លងទៅនេះ។

យោង​តាម​កម្មវិធី​ប្រកួត​ដែល​កំណត់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការប្រកួត​នៅ​ឆ្នាំនេះ​ប្រើពេល​ជាង​១០​ខែ ដោយ​បែង​ចែក​ជា​៥​ដំណាក់កាល​ផ្សេងៗ​គ្នា ខណៈ​ការប្រកួត​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ សប្ដាហ៍​ក្រោយ​នេះហើយ​ស្របពេល​វគ្គ​ផ្ដាច់ព្រ័ត្រ​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ ខាងមុខ​ខាងមុខ​។

ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ នៅ​រក្សា​នៅ​ដដែល ដំណាក់កាល​ទី​១ គឺជា​ការប្រកួត​ជម្រុះ​តាម​តំបន់​មាន​ចំនួន ៦​ពូ​ល​ដោយ​ពូ​ល​A, B និង​ពូ​ល​C មាន ៥​ក្រុម​ក្នុង​មួយ​ពូ​ល ខណៈ​ពូ​ល​D, E និង​ពូ​ល F មាន ៤​ក្រុម​ក្នុង​មួយ​ពូ​ល ហើយ​ក្រុម​លេខ​១ និង​លេខ​២ នៃ​ពូ​ល​នីមួយៗ​នឹងត្រូវ​ឡើងទៅ​ប្រកួត​ខ្វែង​ពូ​ល​នៅ​ដំណាក់កាល​ទី​២​។ ដំណាក់កាល​ទី​១ នេះ​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​១១ ខែមករា​រហូតដល់​ថ្ងៃទី​១១ ខែមីនា រីឯ​ដំណាក់កាល​ទី​២ ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​៥ ខែមេសា​ដល់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧។

ចំណែក​ដំណាក់កាល​ទី​៣ ជា​រូបមន្ត​ថ្មី​ដោយ​បន្ថែម​ពី​ក្រុម​ទាំង​៩ ដែល​លេង​ក្របខណ្ឌ​លីក​លំដាប់​ទី​២ លើក​ទី​១ ក្នុង​ឆ្នាំ​២០១៦ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ឡើង​មក​ពី​ដំណាក់កាល​ទី​២​។ សមាជិក​លី​គ​កំពូល​កម្ពុជា​៤​ក្រុម ក៏ត្រូវ​ចូលរួម​ក្នុង​ដំណាក់​ទី​៣ ផងដែរ ដែល​ជា​ក្រុម​បាត​តារាង​កាលពី​រដូវ​កាល​មុន រួមមាន​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, ស៊ីម៉ាក់​, អាស៊ី​អឺរ៉ុប និង​ក្រុម​វេ​ស្ទើ​ន​។ ដំណាក់កាល​នេះ​ប្រកួត​ចំនួន ២​ជើង ចាប់ពី​ថ្ងៃទី​២ ខែឧសភា​ដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧​។

​ចំពោះ​ដំណាក់កាល​ទី​៤ វិញ​តម្រូវ​ឲ្យ​ក្រុម​លីក​កំពូល​កម្ពុជា​កម្ពុជា ៦​ក្រុម (​លេខ​១​ដល់​លេខ​៦ កាលពី​រដូវ​កាល​មុន​) ដែល​ឈរ​ចាំ​រួមមាន​ក្រុម​បឹងកេត​អង្គរ​, ក្រសួងការពារជាតិ​, ណាហ្គា​វើ​ល​, ព្រះខ័ន​រាជ​ស្វាយរៀង​, ភ្នំពេញ​ក្រោ​ន និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ឡើង​មកពី​ដំណាក់កាល​ទី​៣​។ ប្រកួត​ធ្វើឡើង ២​ជើង​ដូចគ្នា​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣១ ខែឧសភា ដល់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧​។ បន្ទាប់មក​គឺជា​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ឬ​ដំណាក់កាល​ទី​៥ ដែល​នឹងធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​១២ ខែកក្កដា​រហូតដល់​ថ្ងៃទី​០១ ខែតុលា ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​តែម្ដង​។

ការប្រកួត​នឹង​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​ពុធ នៃ​សប្ដាហ៍​នីមួយៗ ខណៈ​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរ​ស្សន៍​បាយ័ន​ព័ត៌មាន (BTV News) ផង​ដែរ​។

សូម​រំលឹក​ថា ​ក្រុម​ក្រសួងការពារជាតិ ជា​ក្រុម​ការពារ​តំណែង​ជើងឯក​ឆ្នាំ​ចាស់ ក្រោយ​យកឈ្នះ​លើ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114