BREAKING NEWS
Search

ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​រដូវ​កាល​ឆ្នាំ ​២០១៨ បន្ត​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៩ ខណៈ​ក្រុម Down Town Sport ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​

ពានរង្វាន់​លី​គ​បាល់ទាត់​ក្នុង​សាលឆ្នាំ ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើងដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រៀម​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៩​ របស់ខ្លួន​នៅ​ចុងសប្ដាហ៍​នេះ ដោយមាន​៥​គូ​ផ្សេងគ្នា ខណៈ​ក្រុម Down Town Sport កំពុង​ឈរ​កំពូល​តារាងបណ្តោះអាសន្ន​។​

​សរុប​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ មាន​ក្រុម​ឪម៉ាល់ ជួប​ក្រុម Fan Sport FT នៅវេលា​ម៉ោង ​២:៣០ នាទី​រសៀល​ ថ្ងៃ​សៅរ៍ ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ហើយ​ក្រុម​អាណាចក្រ​បៃតង ជួប​ក្រុម ​ស​.​ស​.​យ​.ក កំចាយមារ នៅ​ម៉ោង​ ៤​ល្ងាច​ និង​ក្រុម Panda ប៉ះ​ក្រុម​ឆន្ទៈ​កីឡា នៅ​ម៉ោង ​៥:៣០ ​នាទី​ល្ងាច​។ ចំពោះ​ក្រុម B.A United វិញ​ត្រូវ​ជួប​ក្រុម Down Town Sport វេលា​ម៉ោង​៤​ល្ងាច ថ្ងៃអាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ហើយ​ក្រុមយុវជន​៧​មករា ប៉ះ​ក្រុម Home Sport FC នៅ​ម៉ោង​ ៥:៣០ ​នាទី​ល្ងាច​។​

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ ក្រោយ​ប្រកួត​បាន​៩​លើក​ម្នាក់​មក​ឃើញថា ​ក្រុម Down Town Sport FC​ ឈរ​លេខ​១ មាន​១៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម ស​.​ស​.​យ​.​ក កំចាយមារ ឈរលេខ​២ មាន​១៥​ពិន្ទុ​ ស្មើគ្នា​ជាមួយ Home Sport Fc​ ឈរ​លេខ​៣ ហើយ​ក្រុម​លេខ​៤​ ឪម៉ាល់ និងក្រុម​លេខ​៥ Fan Sport FT មាន​១៥​ពិន្ទុ​ដែរ ​តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ចំណែក​ក្រុមអាណាចក្រ​បៃតង លេខ​៦ មាន​១១​ពិន្ទុ​។ ក្រុម​លេខ​៧ Panda FC មាន​១០​ពិន្ទុ​។ ចំណែក​ក្រុមឆន្ទៈ​កីឡា ឈរ​លេខ​៨ មាន​៧​ពិន្ទុ ក្រុមយុវជន​៧​មករា ឈរ​លេខ​៩ មាន​៦​ពិន្ទុ និង​ក្រុម​ B.A United លេខ​១០ មាន​៤​ពិន្ទុ​។​

​តាម​គោលការណ៍ ​កីឡាករ​ដែល​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន ​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ ហើយមាន​អាយុ​ចាប់ពី​ ១៦ ​ឆ្នាំ​ឡើងទៅ (​កីឡាករ​ក្រោម​អាយុ​ ១៨ ​ឆ្នាំ​ ត្រូវមាន​អត្តសញ្ញាណប័ណ្ណប្រជាជន ឬ​មាន​លិខិត​អនុញ្ញាត​ពី​អាណាព្យាបាល​)​។ ក្រុម​នីមួយៗ​អាច​ចុះឈ្មោះកីឡាករ​ជា ​៣​ ដំណាក់កាល ​ដោយ​ដំបូង​ត្រូវមាន​កីឡាករ​ចំនួន​ ២០​ នាក់ ហើយ​ក្នុងនោះមាន​អ្នកចាំទី​ ២ ​នាក់​។ ដំណាក់កាល​ទី​២ គឺ​ចុះបញ្ជី​ ១២​ នាក់​ចុងក្រោយ (​ពី​ចំនួន​ ២០​ នាក់ដំបូង​) ហើយ​មាន​អ្នកចាំទី​យ៉ាងតិច​ ២​ នាក់ និង​ដំណាក់កាល​ទី​៣ ក្នុង​ថ្ងៃ​ប្រកួត​ចុះឈ្មោះកីឡាករ​ ៥ ​នាក់ និង​កីឡាករ​បម្រុង ​៧​ នាក់​។ កីឡាករ​ដែល​មិនអាច​ចុះឈ្មោះ​ចូល​លេងបាន ​គឺជា​សមាជិក​ក្នុង​ក្លិប​ដែល​ចូល​លេង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ ​២០១៨ ជា​សមាជិកក្នុង​ក្លិប​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ក្លិបជា​សមាជិក​លី​គ​លំដាប់​ទី​២ ប្រចាំឆ្នាំ​ ២០១៨​។​

​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែមិនា រហូតដល់​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិកចំនួន ​១០ ​ក្រុម​ លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្តជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុច្រើនជាងគេ​នឹង​ដណ្តើមបាន​ជើងឯក​តែម្តង​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១ ​និង​ប្រាក់រង្វាន់ ​២០ ​លាន​រៀល​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114