ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់ AFC Cup 2020 នឹង​ចាប់ឆ្នោត​វគ្គ​ចែក​ពូ​ល នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩

តាម​ការ​ឲ្យ​ដឹង​ពី​សហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ( AFC ) បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​នៃ​ការប្រកួត​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​តំបន់ AFC Cup 2020 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ​ស្នាក់​ការ​កណ្ដាល​សហព័ន្ធ​បាល់ទាត់​អាស៊ី ឯ​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដោយមាន​ការចូលរួម​ពី​តំណាង​សហព័ន្ធ​តាម​ប្រទេស​ជា​សមាជិក និង​តំណាង​ក្លិប​មាន​កៅអី​ប្រកួត។

​ក្រុម​ដែល​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ​វគ្គ ( Qualifying Play-off Round ) មានដូច​ជា កម្ពុជា គឺ​ព្រះខ័ន​រាជ​ស្វាយរៀង​ដែល​ជា​ម្ចាស់​ជើងឯក​ក្របខណ្ឌ លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ហើយ​អាច​ប៉ះ​ប្រជែង​ណាមួយ​ក្នុង​វគ្គ​ជម្រុះ Play-Off ចំណោម​ក្រុម​ដូចជា PSM Makassar ជើងឯក Indonesian Cup, Master 7 ជើងឯក​រង​លី​គ​កំពូល​ឡាវ​, Indera ក្រុម​លេខ​៤​លី​គ​កំពូល​ប្រ៊ុយណេ​, Yangon United ជើងឯក Aung San Shield និង Lalenok ជើងឯក​លី​គ​កំពូល​ទី​ម័​រ​ខាងកើត​។

គួរ​ដឹង​ដែរ​ថា វគ្គ Play-Off សម្រាប់​ក្លិប​នៅ​តំបន់​អាស៊ាន ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​ពី​ចន្លោះ​ថ្ងៃទី​២១-២២ មករា និង​ជើង​ទី​ពីរ ថ្ងៃទី​២៨-២៩ មករា ឆ្នាំ​២០២០​។

ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2020 ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ( AFC ) បានបង្ហាញ​កាលពីពេល​ថ្មីៗ​កន្លង​មក​នេះ ដោយ​ក្នុង​នោះ​សម្រាប់​កម្ពុជា មានតែ​ក្លិប​ចំនួន ៣​ប៉ុណ្ណោះ ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ពី AFC នោះ​គឺ ព្រះខ័ន​រាជ​ស្វាយរៀង​, បឹងកេត និង អង្គ​រថា​យ​ហ្គឺ​រ ខណៈ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បំពេញបែបបទ​ស្នើ​សុំ​ឲ្យ​ក្លិប​ចំនួន ១២​។​

​ដូចនេះ ព្រះខ័ន​រាជ​ស្វាយរៀង នឹង​ជា​ក្លិប​បាល់ទាត់​កម្ពុជា ទី ៤ ដែល​ចេញទៅ​ប្រកួត​ពានរង្វាន់​លក្ខណៈ​អន្តរជាតិ បន្ទាប់ពី ក្លិប បឹងកេត ( ២០១៧, ២០១៨ ) ភ្នំពេញ​ក្រោ​ន ( ២០១៧ ) និង ណាហ្គា​វើ​ល ( ២០១៧, ២០១៩ )៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114