ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ នៅ​ខេត្ត​សៀមរាប ​មាន​ភ្ញៀវ​​ទេសចរ​ ជាង​២៧​ម៉ឺន​នាក់

សៀមរាប​ ៖ ​របាយការណ៍​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ដ​សៀមរាប បាន​ឲ្យ​អ្នកកាសែត​ដឹង​នៅ​ថ្ងៃ​ទី​១៣​​​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩ នៅ​ខេត្ដ​សៀមរាប មាន​ចំនួន​ប្រមាណ​ជាង ២៧ ម៉ឺន​នាក់ ដោយ​បាន​ថយ​ចុះ​ជាង​ឆ្នាំ​២០១៨​ ប្រមាណ​ជាង​១៣​ភាគរយ។

របាយការណ៍​ដដែល​បាន​បន្ថែមថា ​​ព្រះ​រាជពិធី​បុណ្យជាតិ​ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩​ដល់​ថ្ងៃទី​១២​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ ខេត្ដ​សៀមរាប ទទួលបាន​ភ្ញៀវ​ទេសចរ​​សរុប​ប្រមាណ​ជាង​២៧​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ ២៥ ម៉ឺន​នាក់ និង ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចំនួនៈ ២៦.៥៧៧ នាក់ មានការ​ថយចុះ ១៣,០៤%។

ទោះជា​មានការ​ធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរ​​នៅ​ឆ្នាំនេះ​ក៏ដោយ ក៏​ព្រះ​រាជពិធី​អុំទូក​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​នៅ​ខេត្ដ​សៀមរាប​នេះ បាន​ប្រ​ព្រឹ​ត​ទៅ​ដោយ​រលូន​ក្នុង​រយៈពេល​៤​ថ្ងៃនេះ។​ជាមួយគ្នា​នោះ ពិធី​ប្រណាំង​ទូកង នៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ មានការ​ចូលរួម​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​យ៉ាងច្រើន​កុះករ ហើយ​ប្រជាពលរដ្ឋ​លើកឡើងថា ព្រឹ​ត្ដិការណ៍​នេះ បង្ក​ភាពសប្បាយ​រីករាយ និង​មានការ​រៀបចំ​បានល្អ​ប្រសើរ ទាំង​បរិស្ថាន សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅតាម​ដងផ្លូវ​។​ ជាពិសេស​នៅ​ការរៀបចំ​សោណ្ឌភាព​ នៅ​កន្លែង​ពិធី​។ ​ពួកគាត់​បាន​បន្ដថា ការតុបតែង​ព្រះរាជ​ពិធីបុណ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​មាន​ភាព​ទាក់ទាញ​ពី​អ្នក​ទេសចរណ៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាពិសេស​ការថែរក្សា​បរិស្ថាន​បានល្អ ដែល​បង្ហាញថា ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​។​

នៅពេល​រាត្រី​ក៏បាន​តុង​តែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គ្រប់​ប្រភេទ ការប្រគំ​តន្ដ្រី ការតាំង​ពិព័រណ៍​ជាដើម ធ្វើ​ឲ្យ​ទាក់ភ្នែក​អ្នក​ទេសចរណ៍​បាន​ទៅ​កម្សាន្ត ​ហើយ​ចង់ទៅ​ទស្សនា​ម្ដងទៀត​ដោយ​មិន​ជិនណាយ។ ពួកគាត់​បន្ថែមថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ នឹង​មាន​ការ​អភិវឌ្ឍ​​​ទៅមុខ​ជាប់​ជានិច្ច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114