ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​បុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​ ខេត្ត​រតនគិរី​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ មកលេង​កម្សាន្ត​ជិត​២​ម៉ឺន​នាក់

រតនគិរី​ ៖​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែត​ប្រទីប​ សំពះ​ព្រះ​ខែ​ និង​អក​អំបុក ​រយៈពេល​៣​ថ្ងៃ​(១០-១១-១២​វិច្ឆិកា​ឆ្នាំ​២០១៩)​ បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ និង​ការ​សប្បាយរីករាយ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

ដោយឡែក​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ព្រះ​រាជ​ពិធី​ខាង​លើ​នេះ ​​ខេត្ត​រតនគិរី​ទទួលបាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ចំនួន​១៩,៥៤២​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​ បាន​ឲ្យ​ដឹងថា មាន​កត្តា​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​ អញ្ជើញ​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​រតនគិរី​ នា​ឱកាស​ពិធីបុណ្យ​ធំៗ​ ទី​១ កត្តា ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ បាន​ត​ភ្ជាប់​មកកាន់​ខេត្ត​រតនគិរី មាន​ភាព​ងាយស្រួល។ ទី​២ កត្តា​សុខ​សន្តិភាព បើ​គ្មាន​សុខសន្តិភាព និង​សុវត្ថិភាព​ទេ ប្រាកដ​ណាស់​ថា នឹង​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចង់​ដើរលេង​កម្សាន្ត​នោះទេ។ ទី​៣ កត្តា​សេដ្ឋកិច្ច បើ​ប្រជាពលរដ្ឋ​គាត់​គ្មាន​លុយ​ទេ គឺ​គាត់​មិន​អាច​ដើរលេង​បានទេ។ ទី​៤ កត្តា​ពេលវេលា បើ​គ្មាន​ពេល​ឈប់សម្រាក​រយៈពេល​វែង ឫ​រយៈពេល​ខ្លី​ណាមួយ​នោះ​ទេ ក៏​ពួកគាត់​មិន​ដើរលេង​ដែរ​។ កត្តា​ទី​៥ សក្ដានុពល​ទេសចរណ៍ ខេត្តរតនគិរី មាន​តំបន់​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន​១៤​កន្លែង ជាពិសេស​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ខ​ឡោម ដែលជា​រមណីយដ្ឋាន​មួយ​មានការ​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​​ជាតិ​និង​អន្តជាតិ។

លោក​ថា កត្តា​ទាំង​៥​យ៉ាងនេះ បានធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តរតនគិរី មានការ​រីកចម្រើន​គួរ​ឲ្យ​មោទនៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​បានរួម​ចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត តាមរយៈ​កំណើន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​ឥត​ឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង​រយៈពេល​៣​ថ្ងៃ (១០-១១-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩) នៃ​ការ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ បាន​មក​កម្សាន្ត​សប្បាយ​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ មាន​ចំនួន​១៩,៥៤២​នាក់។

ក្នុងនោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១៩,២១១​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​៣៣១​នាក់​។ បើ​ប្រៀបធៀប​ទៅនឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០១៨​ភ្ញៀវទេសចរ​សរុប​មានការ​កើន​ឡើង​៥.៣% ភ្ញៀវ​ជាតិ​កើន​៥.៥% និង​ភ្ញៀវ​អន្តរជាតិ​ធ្លាក់​ចុះ ៣.៥%​។​

​លោក ង៉ែត ពិ​ទូ បាន​បន្ដទៀតថា ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​តាម​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោក​បាន​ចាត់​ឲ្យ​ក្រុម​ការងារ​របស់លោក​ចុះ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​មិន​ឲ្យ​មានការ​ដំឡើងថ្លៃ​នាឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នោះទេ​។ ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា ​នៅមាន​សេវាកម្ម ម្ហូបអាហារ និង​សណ្ឋាគារ ផ្ទះសំណាក់ មួយចំនួន​បាន​ដំឡើងថ្លៃ​លើស​ការ ​​កំណត់​របស់​មន្ទីរ​បន្តិចបន្តួច​ផងដែរ​។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​​អញ្ជើញ​ចូលមក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី​រយៈពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០១៩​នេះ មាន​សភាព​ច្រើន​កុះករ ហើយ​ពួកគាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃលែង​និង​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ បាន​នាំមក​នូវ​សន្តិភាព​ជូន​ប្រទេសជាតិ ធ្វើ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114