BREAKING NEWS
Search

ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ ​ក្នុង​ខេត្តបាត់ដំបង​ ​

បាត់ដំបង ៖ នៅ​ថ្ងៃទី​២៦ ​ខែឧសភា​ ឆ្នាំ​២០១៧ ​នេះ​ក្រុមហ៊ុន​(​កូ​កា​កូ​ឡា​)​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​បើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​នា​រដូវ​កាល​ទី​២​ និង​បញ្ជ្រាប​​ការយល់ដឹងពី​ប្រព័ន្ធ​សុ​វត្ថិ​ភាព ​ចំណីអាហារ​នៅ​កម្ពុជា​ក្រោម​អធិបតីភាព​លោកប៉ា​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ ​និង​លោក​ច័ន្ទ សុផល ​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​បាត់ដំបង​ ព្រមទាំង​មន្ត្រី​មកពី​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្តបាត់ដំបង​ បាន​ចូលរួម​ផងដែរ​។​

សិក្ខាសាលា​នេះ​ បាន​ប្រព្រឹត្តទៅ​នៅ​សាលា​សាកលវិទ្យាល័យ​បាត់ដំបង ហើយ​ក្នុង​អង្គពិធី​នោះដែរ​ក៏មាន​បណ្តា​ក្រុម​ម​ហ៊ុន​,​អាជីវករ​រួម​ និង​សិស្សានុសិស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​។ ​

លោក​ច័ន្ទ​ សុផល​អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​បាត់​ដំបង​ បាន​លើកឡើងថា​ ៖ អង្គពិធី​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ ​និង​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក ឲ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ទំនិញ​ពី​បរទេស ​និង​ជំរុញ​ការនាំចេញ​នៅ​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​អន្ត​រ​ជាតិ​ឲ្យ​កាន់តែ​កើនឡើង​ក្នុង​រដូវ​កាល​ទី​២​នេះ​។​

លោក​បន្តថា ៖ ​ទន្ទឹម​នឹង​ការជំរុញ​លើ​ការនាំចេញ​នេះ​ក៏​ចាំបាច់​ត្រូវការ​លើកកម្ពស់​នូវ​ការផ្សព្វផ្សាយ​ ដើម្បី​ចែករំលែក​ចំណេះដឹង​ស្តីពី​ប្រព័ន្ធ​សុ​វត្ថិ​ភាព​ចំណីអាហារ​ស្របតាម​ស្តង់ដារ​ជាតិ ​និង​អន្ត​រ​ជាតិ​ផងដែរ​។​

ក្នុង​អង្គពិធី​នេះដែរ​លោកប៉ា​ន់ ​សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​សំណូមពរ​ដល់​មន្ត្រី​កាំកុងត្រូល​តាម​ច្រក​ព្រំដែន​នានា​ក្នុង​ខេត្ត​ ត្រូវតែ​រឹត​បន្តឹងបន្ថែម​លើ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​នូវផលិតផល​ចំណីអាហារ​ចំពោះ​គុណភាព​,​សុ​វត្ថិភាព​លើ​ចំណីអាហារ​រួមមាន​ ៖ សារធាតុ​គីមី​,​ សំបក​វេច​ខ្ចប់​ត្រូវមាន​អនាម័យ​ប្រកបដោយ​កាលបរិច្ឆេទ​ត្រឹមត្រូវ​។ ​ស្របពេល​ជាមួយ​ពិធី​បើក​សិក្ខាសាលា​នេះដែរ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ក៏មាន​ដាក់តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​ដែលជា​ផលិតផល​ក្នុងស្រុក​មាន​រយៈពេល ​៤​ថ្ងៃ​ផងដែរ ​ដោយ​ចាប់ពី​ថ្ងៃទី​២៥​ ដល់​ថ្ងៃទី​២៨​ ខែ​ឧ​សភា ​នេះ ​ដែលមាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​តារាង​បាល់ទាត់​វាល​បែក​ចាន​ក្នុង​ក្រុង​បាត់ដំបង​។​

លោក​រដ្ឋមន្ត្រីក្រសួង​ពាណិ​ជ្ជ​កម្មបាន​បន្តថា ៖ ​ការរៀបចំ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ថ្នាក់ជាតិ​នាពេលនេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុងការ​ដាស់​ស្មារតី​មហាជន​ទូទៅ​ឲ្យ​ងាក​មក​ចូលរួម​គាំទ្រ​ដើម្បី​ចាប់ផ្តើម​ទ​ទួល​ស្គាល់ ​និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់​តែមាន​កំណើន​ខ្ពស់​ក្នុងទិសដៅ​លើកស្ទួយ​ផលិតផល​ក្នុងស្រុក​ និង​លើកកម្ពស់​លើ​វិស័យ​កសិកម្ម​នេះ​កាន់​តែមាន​សន្ទុះ​ទ្វេ​ឡើង​ជាង​រដូវ​កាល​ទី​១​ឆ្ពោះទៅរក​ការរីកចម្រើន ​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​តំបន់​នានា​តាម​បណ្តា​ស្រុក​ជុំវិញ​ខេត្ត​មួយៗ​។​

លោក​ក៏បាន​ជំរុញ​ឲ្យ​ផលិតករ​,​សិប្បករ​,​ម្ចាស់​រោងចក្រ​ សហគ្រាស​ទាំងអស់​យកចិត្តទុកដាក់​លើ​ការផលិត​ទំនិញ​ឲ្យ​មាន​សោ​ភ័​ណភាព​មាន​ស្លាក​សញ្ញា​ត្រឹម​ត្រូវមាន​គុណភាព​ និង​អនាម័យ​ខ្ពស់​រួម​នឹង​សុ​វត្ថិភាព​សម្រាប់​បម្រើ​ដល់​អ្នកប្រើប្រាស់​ទូទៅ​។​ ក្នុង​អង្គសិក្ខាសាលា​នោះដែរ ​លោកស្រី​ អឹម ដា​នី​ ជា​វាគ្មិន​មកពី​ក្រុមហ៊ុន​កូកាកូឡា​បានធ្វើ​បទ​បង្ហាញជូន​ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ចំនួន​ ៥០០​នាក់​ ដើម្បី​ឲ្យ​យល់ដឹង​បន្ថែម​ពី​ប្រព័ន្ធ​ត្រួតពិនិត្យ​សុ​វត្ថិភាព​,​ គុណភាព​ចំណីអាហារ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684