ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​សម្ពោធ​ឧបករណ៍​ក្មេង​លេង​នៅ​សួន​ព្រះ​នាង​ប្រាជ្ញា​បារមី និង​ពិព័រណ៍​រូបថត​អបអរ​ខួប​៤០​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖ ​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ លោក ឃួ​ង ស្រេង និង ​លោក​ ព្យែ​រ ប៊ៃ​យ៉េ លេខាធិការ​អចិន្ត្រៃយ៍​ នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) កាលពី​រសៀល​ថ្ងៃ​ទី​១​ធ្នូ​​​ បាន​អញ្ជើញ​សម្ពោធ​ឧបករណ៍​ក្មេង​លេង​នៅ​លើ​សួន​ព្រះ​នាង​ប្រាជ្ញា​បារមី ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​ និង​បន្ត​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​រូបថត​ខួប​៤០​ឆ្នាំ​ នៃ​ការ​ស្តារ កសាង​ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឡើងវិញ​ ដែល​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​តាម​បណ្ដោយ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ​ក្នុង​ខណ្ឌ​ដូនពេញ ស្រប​ពេល​ដែល​ទីក្រុង​ភ្នំពេញ​កំពុង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ នៃ​មហា​សន្និបាត​លើក​ទី​៣៩​ របស់​សមាគម​AIMF​ នៅ​រាជធានី​ភ្នំពេញ។

ឧបករណ៍​ក្មេង​លេង និង​ពិព័រណ៍​រូបថត​នេះ ​ត្រូវបាន​សហការ​ឧបត្ថម្ភ​ពី​សមាគម​AIMF ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​អបអរសាទរ​ខួប​៤០​ឆ្នាំ ​នៃ​ដំណើរ​ការ​កសាង និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ និង​ខួប​លើក​ទី​៤០ ​នៃ​ការ​បង្កើត សមាគម​AIMF។

លោក ​ព្យែ​រ ប៊ៃ​យ៉េ មាន​ប្រសាសន៍​ថា លោក​មើល​ឃើញ​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​ជា​ដំណាក់​កាល​ក្នុង​រយៈពេល​៤០​ឆ្នាំ​មកនេះ​ និង​មាន​កិច្ចសហការ​ល្អជា​មួយ​AIMF​ ដែល​រាជធានី​ភ្នំពេញ​ជា​សមាជិក​។​ លោក​ចង់​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយ​ជា​ទីក្រុង​គំរូ​សម្រាប់​បណ្ដា​ទីក្រុង​នៅ​ទ្វីប​អាហ្វ្រិក និង​ជា​គំរូ​សម្រាប់ ទីក្រុង​ទី​កាលី​ នៃ​ប្រទេស​រា​វ៉ានដា​ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​វិនាសកម្ម​ប្រហាក់​ប្រហែល​គ្នា​។

លោក​បន្ថែម​ថា យើង​នឹង​ជួបគ្នា​ម្តងទៀត​នៅទីនេះ ​ក្នុង​រយៈពេល​១០​ឆ្នាំក្រោយ។ លោក ​ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា ការ​សម្ពោធ​ពិព័រណ៍ រូបថត​នាពេលនេះ​ក្នុង​គោលបំណង​បង្ហាញ​ពី​ប្រវត្តិ​ នៃ​ការ​កកើត​រាជធានី​ភ្នំពេញ ជាពិសេស​ដំណើរការ​ស្តារ កសាង និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងទៅ ពោល​គឺ​ចាប់ពី​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ​រហូតដល់​បច្ចុប្បន្ន ដើម្បី​បង្ហាញ​ជូន​ដល់​សាធារណជន ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ បាន​ស្វែងយល់​បន្ថែម​ពី​ទីក្រុង​ដ៏​ចំណាស់​នេះ និង​សមិទ្ធផល​ហេដ្ឋារចនា​រូបវន្ត​សំខាន់ៗ​ដែល​យើង​ខិតខំ​សម្រេចបាន​ក្នុងស្ថានភាព​ដ៏​លំបាកលំបិន​ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ និង​កំពុង​ឈាន​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព និង​ជា​អនាគត​ទីក្រុង​វៃឆ្លាត​(Smart City)​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ​៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114