ពិធី​សូត្រ​មន្ត​រំដោះគ្រោះ ​និង​ឧទ្ទិស​កុសល​ ជូន​ទៅដល់​ជនរងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ លើ​ជាតិ​លេខ​៤​ និង​ផ្លូវ​នានា​

​កំពង់ស្ពឺ ៖ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា​ ឆ្នាំ​២០២០​នេះ​ បាន​រៀបចំ​ពិធី​សូត្រមន្ត​រំដោះ​គ្រោះ​ និង​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ជនរងគ្រោះ​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​បង់​ជីវិត​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ ​និង​ផ្លូវ​សំខាន់​នានា​ក្នុង​ខេត្ត​កំពង់ស្ពឺ។​

ពិធី​សូត្រ​មន្ត​រំដោះគ្រោះ​ និង​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​នេះ ​ក្រោម​វត្តមាន​ លោក​យឹម​ សុខុម​ ប្រធាន​ក្រុមប្រឹក្សា​ លោក​វ៉ី​ សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​និង ​លោកស្រី​ សៀង ​ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ ដែល​រៀបចំ​ធ្វើឡើង​នៅមុខ​បរិវេណ​សាលាខេត្ត​កំពង់ស្ពឺ​តែម្ដង​។​

ពិធី​បែប​សាសនា​នេះ ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ បាន​និមន្ត​ព្រះសង្ឃ​រាប់រយ​អង្គ​ និង​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក្រុង/​ស្រុក ​កងកម្លាំងប្រដាប់អាវុធ ​លោកតា​ លោកយាយ​ លោកគ្រូ​អ្នកគ្រូ​ សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ​ផងដែរ​។​

លោក​ វ៉ី​ សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​លើកឡើងថា ​«​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​រំដោះគ្រោះ ​និង​ឧទ្ទិស​កុសល​ជូន​ទៅដល់​ជនរងគ្រោះ​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ​និង​ផ្លូវ​នានា​តាម​បណ្ដា​ក្រុង​/ស្រុក​ទាំង​៨​ ដោយសារ​តែមួយ​រយៈពេល​ចុង​ក្រោយនេះ ​សង្កេតឃើញ​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​ទាំងនោះ​កើតមាន​ស្ទើរ​រាល់ថ្ងៃ​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រងរបួស​ នាំឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ​ និង​ឯកជន​អស់​ជាច្រើន​។​

លោក ​វ៉ី ​សំណាង ​ក៏បាន​ក្រើនរំលឹក​ដល់​អ្នក​បើកបរ​លើ​ផ្លូវ​ទាំងអស់​ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ក្នុង​ការ​បើកបរ​ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ​មិន​ថា​ផ្លូវ​ជិត ​ឬ​ឆ្ងាយ​បែបណា​ក្តី​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​ ពេល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ ដើម្បី​ឈានទៅ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​ថយចុះ​។​

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ឆ្នាំ​២០១៩​ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២០ នៅ​អគារ​S នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២១ ​ខែមករា​ ឆ្នាំ​២០២០​កន្លង​មក​នេះ ​ក្រោម​អធិបតីភាព​ សម្ដេច​ក្រឡា​ហោម ​ស ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​បង្ហាញថា ​«​សម្រាប់​ឆ្នាំ​២០១៩​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១៩៨១​នាក់​ ដែល​ចំនួន​នេះ​មានការ​កើន​លើសពី​ឆ្នាំ​២០១៨ ​ចំនួន​២២០​នាក់​។​ ចំណែក​អ្នករងរបួស​មាន​ចំនួន​ ៦ ១៤១ ​នាក់ ​កើន​ជាង​ឆ្នាំ​២០១៨ ​ចំនួន​១ ៣៧១​ នាក់​»។​

ជុំវិញ​ការកើនឡើង ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ដោយសារ​បញ្ហា​ចរាចរណ៍​មាន​ភាព​មមាញឹក​ខ្លាំង​កំណើន​យានយន្ត​មានការ​កើនឡើង​រហូត​ដល់​៣៧​ភាគរយ ​ដែល​ក្នុងនោះ​ការអភិវឌ្ឍ​ប្រទេស​ និង​សេដ្ឋកិច្ច​ក៏មាន​ការ​រីកចម្រើន​ផង​ដែរ​។ ​ហេតុដូច្នេះ ​ទើប​ធ្វើ​ឲ្យ​មានការ​កើនឡើង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​២៦​ភាគរយ​ និង​ចំនួន​អ្នកស្លាប់​មានការ​កើនឡើង​ចំនួន​២២០​នាក់ ​ស្មើនឹង​១២​ភាគរយ​ និង​អ្នករបួស​កើន​ឡើង​២៩​ភាគរយ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។​

របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា ​កត្តា​ដែល​នាំ​ឲ្យ​មានការ​កើន​ឡើង​ នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ដូចខាងក្រោម​ ៖
ទី​១-​ដោយសារ​កត្តា​សត្យានុម័ត​ចរាចរណ៍​មាន​ភាព​មមាញឹក​ខ្លាំង​។​
ទី​២-​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អ្នកបញ្ជា​យានជំនិះ​នៅមានកម្រិត​ដែល​ក្នុងនោះ​រួមមាន ​៖​ការ​បើកបរ​លើស​ល្បឿន​កំណត់​, ការមិន​គោរព​សិទ្ធិ​អាទិភាព​, បញ្ហា​វ៉ា​ជែង​, បត់​ខ្វះ​ការប្រុងប្រយ័ត្ន​ និង​បញ្ហា​បើកបរ​ពេល​ស្រវឹង​…… ។​ល​។​
ទី​៣-​កត្តា​ផ្លូវថ្នល់​ក៏​ជា​ដើមចម​ខ្លះៗ ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។​

ចំពោះ​ផ្លូវជាតិ​លេខ​៤ ជា​ចំណោទ​មួយ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ នេះ​ផង​ដែរ ដោយសារតែ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនសូវ​ខាន​ទើប​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ រួមជាមួយ​កងកម្លាំង​នគរបាល អាជ្ញាធរ​ពាក់ព័ន្ធ និង​រៀបចំ​ពិធី​សាសនា ប្រោះព្រំ​ទឹកមន្ត ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ជៀសវាង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្ត​តែម្ដង​។​

សូម​បញ្ជាក់​ថា បន្ទាប់​បញ្ចប់​កម្ម​ពិធី​នៅមុខ​សាលាខេត្ត​ អាជ្ញាធរ​តាម​បណ្តា​ស្រុក/ក្រុង​ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ប្រោះព្រំ​ទឹកមន្ត​តាម​ដង​ផ្លូវ​សំខាន់ៗ​ ដើម្បី​រំងាប់​ព្រាយ​បិសាច និង​ជើងកប​តាម​គោលដៅ​រៀងៗ​ខ្លួន​៕


អត្ថបទ ៖ រដ្ឋ​ឋានៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114