BREAKING NEWS
Search

ពុទ្ធបរិស័ទ​ជាង​៥ពាន់​នាក់ ​បាន​ចូលរួម​ក្នុង​ពិធី​មាឃបូជា​ចំនួន​៣​ថ្ងៃ​និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៥០០​អង្គ ​ក្នុង​ប្រាសាទបន្ទាយឆ្មា

បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ​២០១៩​ ពុទ្ធបរិស័ទ​ជាង​៥.០០០​នាក់​បាន​ចូលរួម​ក្នុង​ពិធី​មាឃបូជា​ចំនួន​៣​ថ្ងៃ ចាប់​ថ្ងៃទី​១៧-១៨-និង​១៩ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ និង​រាប់បាត្រ​ដល់​ព្រះសង្ឃ​ចំនួន​៥០០​អង្គ ​ក្នុង​បរិវេណ​ប្រាសាទ​បន្ទាយឆ្មា ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ឆ្មា ឃុំបន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ពិធី​នេះ​មានការ​ចូលរួម ពី​លោកជំទាវ​ញ៉ែម សា​ខន ភរិយា​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោកជំទាវ​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ លោក​សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ លោកជំទាវ​សុង​ ផល្លី​ន​ ភរិយា​លោក​សួន​ បវរ ​អភិបាលខេត្ត លោក អ៊ុំ​រាត្រី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោកជំទាវ​អមដំណើរ រដ្ឋបាល​សាលាខេត្ត មន្ទីរ​គ្រប់​អង្គភាព និង​ប្រជាពលរដ្ឋ​ជាង​៥.០០០​នាក់​ បាន​ចូលរួម​ផង​ដែរ​។

ក្នុង​ពិធី​មាឃបូជា​នោះ​ លោក​សួន ​បវរ ​បាន​មានប្រសាសន៍ថា​ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន អង្គភាព​កងកម្លាំង​ប្រដាប់អាវុធ​ប្រជាពលរដ្ឋ​ទាំងមូល​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ប្រារព្ធ​ធ្វើ​ពិធី​មាឃបូជា​នេះ​ឡើង​ ដើម្បី​រំលឹក​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ​គ្រប់​ជំនាន់​និង​វិញ្ញាណក្ខន្ធ​បុព្វបុរស​យុទ្ធជន យុទ្ធ​នារី ប្រជាពលរដ្ឋ ដែល​បាន​បូជាជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​កម្ពុជា និង​បួងសួង​ចំពោះ​ព្រះ​បារមី​ដ៏​ស័ក្តិសិទ្ធិ​ទាំងអស់ ពិសេស​បារមី​ប្រាសាទបន្ទាយឆ្មារ​សូម​ប្រោស​ប្រទាន​សព្វ​សាធុការ​ពរជ័យ​ និង ​ផ្តល់​សេចក្តី​សុខ ​សេចក្តីចម្រើន​ សម្រាប់​ប្រទេសជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​។ ​លោក​សួន​ បវរ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​កម្មពិធីបុណ្យ​នៅ​ល្ងាច​ថ្ងៃទី​១៧-១៨-១៩ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ មានការ​ជួបជុំ​ញាតិមិត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ធ្វើ​ពិធីសែនក្រុងពាលី ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ចម្រើន​ព្រះបរិត្ត និង​និមន្ត​ព្រះសង្ឃ​សម្តែង​ធ​ម៌​ទេសនា​ក្នុង ប្រាសាទបន្ទាយឆ្មា ​ឱកាស​នោះ​ផង​ដែរ។

ក្នុង​ពិធី​នោះ​ដែរ ​លោកស្រី​ឧកញ៉ា​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន និង​ប្រតិភូ​ភរិយា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល​កងកម្លាំង ពុទ្ធបរិស័ទ​បាន​រៀបចំ​ធ្វើ​ពិធី​ថ្វាយ​គ្រឿង​សក្ការៈ​បូជា​គ្រឿងក្រអូប ទៀន ធូប ម្លូ ស្លា បារី ផ្លែឈើ បង្អែម ច​ង្អា​ប គ្រប់មុខ ថ្វាយ​ដល់​ព្រះ​រូប​អវតា​លោ​កិ​ស្វរៈ នៅ​ជញ្ជាំង​ខាងលិច​នៃ​ប្រាសាទ​បន្ទាយឆ្មារ​ដែល​ទើប​សម្រួល​ថ្ម​និង​ជួសជុល​រួច ដើម្បី​សុំ​សេចក្តីសុខ សេចក្តី​ចម្រើន សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្នុងភូមិ​ស្រុក​ខេត្ត​ទូទាំង​ប្រទេស ក្រៅប្រទេស​និង​ដល់​ប្រទេស​កម្ពុជា​ឲ្យ​បន្ត​មាន​សុខ​សន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មាន​លាភ​មានយស​ត​រៀង​តទៅ​និង​សុំ​លាងបាប អំពើអាក្រក់ អំពើ​អកុសល​ទាំង​អម្បាល​មាន​ដែល​បាន​ប្រព្រឹត្ត​កន្លងមក​និង​សុំ​បញ្ចៀស​ឧបទ្រពចង្រៃ​អន្តរធាន​ទៅ​ផង​ដែរ​។

លោក​សួន​ បវរ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​លុះដល់​ព្រឹក​ថ្ងៃទី​១៩ ​ខែ​កុ​ម្ភៈ នឹង​មាន​បទ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល​ម្តង​ទៀត ហើយ​ធ្វើ​សត្តប្បករណ៍​អភិធម្ម បង្សុកូល និង​និមន្ត​ព្រះសង្ឃ​ចំនួន​៥០០​អង្គ​ គោចរ​បិណ្ឌ​បាត្រ​ជា​កិច្ច​បង្ហើយ​បុណ្យ ​ហើយ​ពិធី​នេះ​ផងដែរ​ក៏​សូម​បួងសួង​ចំពោះ​ព្រះ​បារមី​ដ៏​សក្តិ​សិទ្ធិ​ទាំងអស់ ពិសេស​បារមី​ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទ​ជុំវិញ​នោះ សូម​ប្រោស​ប្រទាន​ពរ​សព្វ​សាធុការ​ពរជ័យ​និង​ផ្តល់​សេចក្តីសុខ សេចក្តីចម្រើន​សម្រាប់​ប្រទេសជាតិ ក៏ដូចជា​ខេត្តបន្ទាយមានជ័យ​និង​ប្រជាពលរដ្ឋ​ជា​រៀងរហូត​តទៅទៀត​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114