ពោធិ៍សាត់​GDP​ប្រជាជន​ម្នាក់​កើន​ពី​៩៨០ ដុល្លារ ដល់ ១៣៤១​ដុល្លារ​នៅ​ឆ្នាំ ២០១៩

ភ្នំពេញ​ ៖​ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​បាន​បង្ហាញ​អំពី​វឌ្ឍនភាព​ក្នុង​ឆ្នាំ ២០២៩ និង​ទិសដៅ​ការងារ​របស់​ខេត្តពោធិ៍សាត់​សម្រាប់​ឆ្នាំ ២០២០ និង​ឆ្នាំ ខាងមុខ​ទៀត ។

ក្នុងនោះ​លោក​បានបង្ហាញ​វឌ្ឍនភាព​មួយ​ដែល​ទាក់ទង​ទៅ​និង​កំណើន​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ម្នាក់ៗ​ដែល​បាន​កើនឡើង​ពី ៩៨០ ដុល្លារ នៅ​ឆ្នាំ​២០១៥ មកដល់ ១៣៤១ ដុល្លារ​នៅ​ឆ្នាំ ២០១៨-២០១៩។

អភិបាលខេត្ត​ពោធិ៍សាត់​បានបញ្ជាក់​ថា ​យ៉ាង​ដូច្នេះ​នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​របស់​ខេត្តពោធិសាត់​»​ដែល​រៀបចំ​ដោយ​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី ២១ ខែឧសភា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ លោក ម៉ៅ ធនិន បាន​មានប្រសាសន៍ថា​៖​ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ រដ្ឋបាល ខេត្ត​ទទួលបាន​ប្រាក់ចំណូល​សរុប​ចំនួន​២៨,៨៧៨,៨០០,០០០​រៀល​ហើយ​បាន​ចំណាយ​លើ​ការងារ​អភិវឌ្ឍ​ចំនួន​២១,៣២៧,៣០០,០០០​រៀល ។​ប្រាក់ចំណូល ប្រជាជន​ម្នាក់ៗ​មាន​ប្រមាណ ១៣៤១ ដុល្លារ ក្នុង​ឆ្នាំ ២០១៩ បើ​ធៀប​ឆ្នាំ ២០១៥ មាន​ប្រមាណ ៩៨០ ដុល្លារ​ក្នុង​ម្នាក់។

លោក ម៉ៅ ធនិន បាន​បង្ហាញថា​សេដ្ឋកិច្ច​សំខាន់​របស់​ខេត្ត​គឺ​ពឹងផ្អែក​សំខាន់​ទៅលើ​វិស័យ​កសិកម្ម ដែលមាន​ប្រជាជន​ប្រមាណ ៧៥​ភាគរយ​ជា​កសិករ​ប្រក​បរបរ កសិកម្ម ,​ក្រៅ​វិស័យ​កសិកម្ម​ខេត្ត​មាន​វិស័យ​ទេសចរណ៍​ដែលជា​សក្តានុពល​មួយ​ដ៏​សំខាន់​សម្រាប់​បង្កើន​នូវ​ប្រាក់ចំណូល​បន្ថែម​ដល់​ប្រជាជន​និង​មួយទៀត​គឺ​វិ​ស័ យ​ឧស្សាហកម្ម សិប្បកម្ម និង ពាណិជ្ជកម្ម។

​ដោយឡែក​សម្រាប់​វិស័យ​កសិកម្ម​ខេត្ត​មាន​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ប្រមាណ​ជាង ១៥ ម៉ឺន​ហិកតា ដែល​ទទួលផល​ជា​មធ្យម​ប្រមាណ​ពី ៣៨ ម៉ឺន​តោន​ទៅ​៤០ ម៉ឺន​តោន ក្នុង​១​ឆ្នាំៗ ។ ក្រៅពី​ទុក​ពូជ ចំណី​សត្វ និង ការហូបចុក​ប្រមាណ ១៦ ម៉ឺន​តោន ខេត្តពោធិ៍សាត់​នៅ​ផល​ស្រូវ​អង្ករ​សម្រាប់​នាំចេញ​ទៅកាន់​ខេត្ត​ផ្សេ​ងៗ​និង​ក្រៅ ប្រទេស​ផងដែរ ដោយសារ​ខេត្ត​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ប្រមាណ ១៦ កន្លែង​ក្នុងនោះ ៥ កន្លែង​ជា​រោង​ម៉ាស៊ីនកិនស្រូវ​ដែលមាន​លទ្ធភាព​នាំចេញ​អង្ករ​ទៅ​ក្រៅ ប្រទេស ។ ក្នុងនោះ​នាំចេញ​អង្ករ​បាន​ប្រមាណ ២៣,៥០០ តោន​ក្នុង​១​ឆ្នាំៗ។

បើតាម​លោក ម៉ៅ ធនិន ឆ្នាំនេះ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​សម្រេច​បាន​សរុប​សន្ទូង និង​ពង្រោះ​បាន​ចំនួន ១៥៣,៧២៥ ហិក​តា​ស្មើនឹង​១២៣.៤៧%​នៃ ផែនការ​ប្រចាំឆ្នាំ​ចំនួន ១២៤,៥០០​ហិកតា ,​ក្នុង​នោះ​ស្រូវស្រាល​ចំនួន ៩៥,០០៨​ហិកតា ស្រូវ​កណ្តាល ចំនួន​៣៥,៣២៨​ហិកតា​ស្រូវធ្ងន់​ចំនួន​១៩,២២៧​ហិកតា ស្រូវចំការ​ចំនួន ៧៩៤​ហិកតា ស្រូវ​ឡើង​ទឹក​ចំនួន​៣,១៦១​ហិកតា​និង​ស្រូវ​បង្កើន​រដូវ​ចំនួន ២០៧​ហិកតា ។ ផ្ទៃដី​ប្រមូល​ផល​មាន ១៣៩,៨២៤ ហិកតា​ក្នុងនោះ ស្រូវស្រាល​មាន ៨១,៣១៩ ហិកតា​ស្រូវកណ្តាល ៣៥,៣២៨ ហិកតា​ស្រូវធ្ងន់​១៩,២២៧​ហិកតា ស្រូវចំការ​៧៩៤​ហិកតា និង​ស្រូវ​ឡើង​ទឹក ៣,១៥៦​ហិកតា ។

ក្រៅ​ពី​នេះ​នៅមាន​ដំណាំ​រួម​សមជា​ច្រើន​ទៀត​ក្នុងនោះ​ខេត្តពោធិសាត់​ក៏​នៃ​មាន​ដំណាំ​ក្រូចពោធិសាត់​ដែលជា​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​របស់​ខេត្ត ដែល ប្រជាកសិករ​ដាំ​បាន​រហូត​១២,០០០ ហិច​តា ដោយបាន​ចងក្រង​ជា​សហគមន៍​ក្រូច​អង្គ្រង​ដែល​បាន​នាំចេញ​ទៅកាន់​ខេត្ត​ប្រមាណ​១០​ក្នុងប្រទេស​កម្ពុជា​។ ជាមួយ នេះ​ខេត្តពោធិសាត់​នៅមាន​ផល​ត្រី​ទឹកសាប​ដោយសារតែ​ខេត្ត​ផ្ទៃដី​ជាប់​ជាមួយ​បឹង​ទន្លេសាប​ប្រមាណ​៨៦ គីឡូម៉ែត្រ ដូចនេះ​ផល​ត្រី​ទទួលបាន​ក្នុង​១​ឆ្នាំ​ប្រមាណ ៤១,២០០ តោន សម្រាប់​ផ្គត់​ផ្គង​ក្នុង​ខេត្ត និង នាំចេញ​ផងដែរ ។

លោក​អភិបាលខេត្ត​ពោធិ៍សាត់​ក៏បាន​បង្ហាញ​អំពី​វឌ្ឍនភាព​ថ្មី​មួយទៀត​របស់​ខេត្ត​គឺ​ផ្លូវ​លេខ ៥៥ ដែល​ជា​ផ្លូវ​មួយ​ភ្ជាប់​ខេត្តពោធិ៍សាត់​ទៅកាន់​តំបន់​ព្រំដែន​ជាមួយ ប្រទេស​ថៃ ដែល​បាន​បង្ក​នូវ​ការ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ធ្វើការ​ដឹកជញ្ជូន​ផលដំណាំ​ពី​ជនបទ​មកកាន់​ទីប្រជុំ​ជន និង ការដោះដូរ​ទំនិញ​ជាមួយ ប្រទេសជិតខាង ។

បើ​តាម​លោក​អភិបាលខេត្ត​ផ្លូវ​នេះ​អាច​ចាត់ទុកជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​របស់​ខេត្តពោធិ៍សាត់​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ផ្លូវ​នេះ​ទៀត ក៏បាន​នាំ​យើង​ទៅកាន់​តំបន់​ដ៏​មាន​សក្តានុពល​មួយ​គឺ​នៅជាប់​ព្រំដែន​ថៃ គឺ​ឃុំ​អូរ​សោម ដែល​នៅ​ទីនោះ​ជា​តំបន់​ធុងអាគុយ​ផង និង ជា​តំបន់​អេកូ​ទេសចរណ៍​ធម្ម ជាតិ​មួយ​ដ៏​ត្រកាល ដែលមាន​ព្រៃឈើ ជ្រោះ​ជ្រលង​ដងអូរ និង​អាកាសធាតុ​ដ៏​ល្អ គឺ​ជាទី​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ហើយ​អ្វីដែល​ទាក់ទាញ​ខ្លាំង​ទៀត​នោះ គឺ​សត្វ​ក្រពើ​ភ្នំ ដែល​ពិភពលោក​ស្ទើរ​ផុត​ពូជ​ទៅហើយនោះ ។

​លោក​អភិបាលខេត្ត​បាន​បន្ថែម​ថា​ វិស័យ​ធនធានទឹក​និង​ឧតុនិយម​ក្នុង​ខេត្ត​មាន​ប្រព័ន្ធធារាសាស្ត្រ​តូចធំ​ចំនួន​២៩​ប្រព័ន្ធ​សំណង់​បង្ហៀរ​ចំនួន ៥ កន្លែង ប្រឡាយ​មេ និង​ប្រឡាយ​រង​ចំនួន​១២៦​កន្លែង​ដែល​អាច​ផ្គត់ផ្គង់​សម្រាប់​ការស្រោចស្រព​ដំណាំ​ទាំង​រដូវប្រាំង​និង​រដូវវស្សា​លើ​ផ្ទៃដី​ចំនួន ៨០,០៦០ ហិកតា​។ ក្នុង​នោះ​ខេត្ត​មាន ទំនប់ទឹក​ខ្នាត​យក្ស​ចំនួន ២ គឺ​ទំ​បន់​ទី​៣ និង ទំនប់​ទី​៥ ដែល​ស្តុក​ទឹកបាន​ប្រមាណ ៥៥ លាន​ម៉ែត្រគូប។

ទាក់ទិន​ទៅ​វិស័យ​ទេសចរណ៍​របស់​ខេត្តពោធិ៍សាត់​លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ថា​ខេត្ត​បាន​បែងចែក​ប្រភេទ​ទេសចរណ៍​ជា​បី​ផ្នែក​ដោយ​មួយផ្នែក​គឺ​ទេសចរ ណ៍​តាម​វាលទំនាប​បឹង​ទន្លេសាប ,​ទី​២.​ទេសចរណ៍​កំសាន្ត​តាម​ក្រុង ស្រុក ទីប្រជុំជន និង ទី​៣.​គឺ​ទេសចរណ៍​ព្រៃភ្នំ ។ ទេសចរណ៍​តាម​វាលទំនាប​បឹង​ទន្លេសាប គឺជា​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ដែល​កន្លងមក​ពុំទាន់​សូវ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់អារម្មណ៍​នៅឡើយ​ទេ ។ លោក​បាន​លើកឡើងថា​ខេត្ត​មាន​ផ្ទៃដី​ជាប់​នឹង​បឹង ទន្លេសាប​ប្រវែង​៨៦ គីឡូម៉ែត្រ​ការធ្វើដំណើរ​ទៅកាន់​បឹង​ទន្លេសាប​គឺត្រូវធ្វើ​ដំណើរ​តាម​ទូក​កាត់​តាម​ដងស្ទឹង ដែល​អាចអោយ​ភ្ញៀវ​ទេសចរណ៍​អាច​គយគន់​សម្រក់ ធម្មជាតិ និង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​ដងស្ទឹង ។ នៅក្នុង​រដូវប្រាំង​ទេ​ចរណ៍​អាច​ទៅលេង​ចំការ​ដើម​រាំង និង ចំការ​ដើម​សណ្តាន់ និង សត្វ​ស្លាប​ដ៏ សំបូរបែប​នៅ​ទីនោះ និង មើល​ពី​ជីវភាព​អ្នកនេសាទ​និង​ការនេសាទ​ត្រី​ផងដែរ នៅ​ទីនោះ​ក៏មាន​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ​គួរ​ឲ្យ​គយគន់ ។ លោក​អភិបាលខេត្ត​បាន ព័ណ៌នា​ថា​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ​នោះ​នៅ​រដូវវស្សា​វា​បាន​លូត​ទៅតាម​កំពស់​ទឹក​នៅពេល​ទឹកទន្លេ​មាន​កំពស់​៧​ម៉ែត្រ​ស្មៅ​នោះ​ក៏​លូត​កំពស់​៧​ម៉ែត្រ​ដែរ​ធ្វើ​ឲ្យ​តំបន់​នោះ​សំបូរ​ទៅដោយ​ត្រី​ពង​កូន ។

​ចំណែក​ទេសចរណ៍​តំបន់​ភ្នំ​វិញ​ គឺ​យើង​មាន​ស្ទឹង​អា​រ៉ែ​ង ដែលមាន​ជ្រោះ​ជ្រលង​ដងអូរ និង​ព្រៃឈើ​ដ៏​ស្រស់ស្អាត ។ បើតាម​លោក​អភិបាលខេត្ត​ស្ទឹង​អា​រ៉ែ​ង​នេះ​ជា​ប្រវ​ត្តិ​នៃ​ការថត​ភាពយន្ត​ខ្មែរ​រឿង​ទឹក​រាំ​ផ្កា​រាំ ប្រជាជន​ជនជាតិដើម​នៅ​តំបន់​នេះ​មាន​អាយុ​វែងៗ​ណាស់​គឺ​អ្នកខ្លះ​អាយុ​ជាង ១០០ ឆ្នាំ ហេតុដែល​ឲ្យ​ពួកគាត់​មាន​អាយុ វែង​ក៏ដោយ​សារ​នៅក្នុង​ខែ ១០ ដល់ ខែ ១២ ពួកគាត់​មិនដែល​ហូប​ទឹកអូរ​នោះ​ទេ​ពួកគាត់​ហូប​តែ​ទឹកសន្សើម​និង​ហូប​ផ្លែ​ក្រវ៉ា​ញ។

ក្រៅ​ពី​នោះ​យើង​នៅ​មាន​តំបន់ ទេស​ចរណ៍​ជា​ច្រើន​កន្លែង​ទៀត​ដែល​បង្កប់ខ្លួន​នៅតាម​ជួរ​ភ្នំ​ក្រវ៉ា​ញ។​ឆ្នាំ​កន្លងទៅ​ខេត្ត​ទទួល​បាន​ទេសចរណ៍​ក្នុងស្រុក​ប្រមាណ​ជិត​៦០​ម៉ឺន​នាក់​និង ទេសចរ​បរទេស ប្រមាណ​ជាង ១ ម៉ឺន​នាក់។

ក្រៅ​ពី​នេះ​ ខេត្តពោធិ៍សាត់​ក៏​នៅ​មាន​ចម្លាក់​ថ្មកែវ ដែល​ជា​ប្រភព​រ៉ែ​ដ៏​សំខាន់​មួយ​មាននៅ​ក្នុង​ខេត្ត ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ធ្វើ​អាជីវកម្ម​ចម្លាក់​ថ្ម​កែវជា វត្ថុ​អនុស្សាវរីយ៍ ជា​រូប​ព្រះ លក់​នៅក្នុង​ខេត្ត​ផង និង ទៅ​ក្រៅ​ខេត្ត​ផង​ថែ​ទាំង​មាន​ការ​បញ្ជាទិញ​ពី​ក្រៅប្រទេស​ទៀត​ផង មាន​ដូច​ជា​ថៃ វៀតណាម​និង ស្រីលង្កា​។​ បើ​យោង​តាម​លោក ឈុន សេរី​រ័ត្ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ពី​ដំបូង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ប្រមាណ​ជាង ១០០ គ្រួ​សារបាន​ប្រកប​របប ចម្លាក់​ថ្មកែវ​នេះ ក៏ប៉ុន្តែ​នៅពេល​ប​ច្ចុ​ប្បន្ន​នៅសល់​ប្រមាណ ៣០ គ្រួសារ​ប៉ុណ្ណោះ ។ ជា​មួយ​នេះ​ក៏​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្មកែវ​នេះ​ផងដែរ។

សម្រាប់​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គិត​មកដល់​ដើមឆ្នាំ​២០២០​នេះ​នៅក្នុង​ខេត្ដ​ពោធិ៍សាត់​មាន​រោងចក្រ​ធុន​ធំ​សរុប​ចំនួន ០៥ មូលដ្ឋា​ន​និង​សហគ្រាស​ធុន​តូច មធ្យម ដែល​បាន​សុំច្បាប់​មាន​ចំនួន ២៧០​មូលដ្ឋាន​និង​សិប្បកម្ម​ដែលមាន​ដើមទុន​សមមូល​តិចជាង ៣,០០០​ដុល្លារ​ដែល​គិត​ជា​ស្ថិតិ មាន​ចំនួន ១,៨៦៤​មូលដ្ឋាន ។ ខណៈ​វិស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ខេត្តពោធិ៍សាត់​ចំនួន​ភ្ញៀវ​ជាតិ ៥៤៧,៤៥៨ នាក់​ភ្ញៀវ អន្តរជាតិ​៨,០១១​នាក់។

អភិបាលខេត្ត​ពោធិ៍សាត់​រូបនេះ បាន​សង្កត់ធ្ងន់ថា សមិទ្ធផល​ទាំងនេះ គឺ​បានរួម​ចំណែក​កែលម្អ​សោភ័ណភាព​ទីក្រុង ឲ្យ​មាន​ភាព​ទាក់ទាញ​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ និង​កំណើន​សេដ្ឋកិច្ចសង្គម៕
កម្ពុជាថ្មី

                



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114