BREAKING NEWS
Search

ពៅ ស័ក្តិ​សិទ្ធ ​ជួប ​Kamlai Phit, សរ រាជសីហ៍ ជួប​ Chhuok Chhai នៅ ​SEATV

​ពៅ ស័ក្តិ​សិទ្ធ ខ្លា​ចាស់នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ និង សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ នៅ​ថ្ងៃ​សៅ​រិ៍​ ទី​២២ ​ខែមេសា ឆ្នាំ​២០១៧​នេះ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ​លើស​ង្វៀន​ SEATV។

​អ្នក​ប្រដាល់​ថៃ​ដែល​មក​ប្រកួត​ជាមួយ​ ពៅ ស័ក្តិ​សិទ្ធ​ នោះ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ និង​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​មកហើយ នោះ​គឺ ​Kamlai Phit។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​លើ​ប្រភេទ​ទម្ងន់ ​៧១គីឡូក្រាម។ នេះ​ជា​គូប្រកួត​ដ៏​អស្ចារ្យ​មួយ​ ដែល​គេ​ជឿថាអ្នក​ប្រដាល់​ថៃ​រូបនេះ​ គឺជា​គូប្រកួត​ដ៏​ខ្លាំង​សម្រាប់​ ពៅ ស័ក្តិ​សិទ្ធ ហើយ។

ពៅ ស័ក្តិ​សិទ្ធ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​អស់​ច្រើន​នាក់​មកហើយ មុន​បាត់​មុខ​ពីស​ង្វៀន។ គេ​បាន​វិល​មក​ប្រកួត​វិញ​នា​ថ្ងៃទី​០៥ ​វិច្ឆិកា ​២០១៦ ដោយ​ផ្តួល​ថៃ​ អ៊ិន​ស៊ី​ឌែ​ង វិ​រិ​យ៉ះ​ហ្វា​ម ក្នុង​ទឹក​ទី​៤។ ហើយ​ការប្រកួត​ចុងក្រោយ​នេះ ​ស័ក្តិ​សិទ្ធ បាន​ផ្តួល ឆាន​ឆ័យ ស៊ីត​ណា​យុគ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ទៀត កាលពី​ថ្ងៃទី​២១​ មករា​ ២០១៧។

​ចំពោះអ្នក​ប្រដាល់​ថៃ Kamlai Phit វិញ​នោះ គេ​ជា​អ្នក​ប្រដាល់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ជាងគេ គឺ​ប្រមាណ​ជិត​២០​លើក ដោយ​វាយ​ឈ្នះ​១១លើក ស្មើ​១​លើក និង​ចាញ់​៥​លើក តែ​មិនដែល​ប៉ះ​ជាមួយ​ ពៅ សក្តិ​សិទ្ធ​នោះទេ។ Kamlai Phit មាន​ប្រវត្តិ​ប្រកួត​១០២​លើក ឈ្នះ​៨២​លើក ចាញ់​១៨​លើក និង​ស្មើ​០២​លើក ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​រវាង Kamlai Phit និង​ពៅ សក្តិ​សិទ្ធ​ លើក​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​រំពឹងថា ពៅ សក្តិ​សិទ្ធ​ មិនដឹងថា​អាច​យកឈ្នះ Kamlai Phit បាន​ឬ​អត់​នោះឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះវាយ​មាន​ផ្លែ​ល្អ​។ Kamlai Phit មាន​កម្លាំង​កាយសម្បទា​រឹងមាំ និងមាន​កណ្តាប់ដៃ​ខ្លាំង។

​យ៉ាងណាជួប​ជាមួយ ​ពៅ ស័ក្តិ​សិទ្ធ ​លើក​នេះ Kamlai Phit ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ​ស័ក្តិ​សិទ្ធ​ គេ​ជោគជាំ​ហើយ ក្នុងការ​ប្រកួត​ជាមួយ​បរទេស ហើយក៏​ពុំសូវ​ជួប​បរាជ័យ​ដែរ។ ក្នុង​ប្រវត្តិ​ប្រកួត​ជាង​១០០​លើក គេ​វាយ​ចាញ់​តែ​ជាង​១០​លើក​ប៉ុណ្ណោះ។ លក្ខ​ណៈ​ពិសេស​របស់ ​ពៅ ស័​ក្ត​ស័ក្តិ​សិទ្ធ គឺ​ស្នៀត​ទាត់​របស់គេ ដែល​ខ្លាំង​ហើយ​ធ្ងន់កម្រ​មាន​អ្នក​ដែល​អាច​ទប់​សន្ទុះ​ជើង​គេ​បាន​ណាស់។​
​ចាំមើល Kamlai Phit គេ​អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់ ​ពៅ ស័ក្តិ​សិទ្ធ បាន​ឬ​អត់​? ក្នុងជំនួប​លើកដំបូង​របស់​ពួកគេ​នេះ។

​ចំណែក សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ គេ​នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ​ Chhuok Chhai ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ សរ រាជសីហ៍ ​ត្រូវបាន​គេ​ផ្តល់ឱ​កាស​ជាច្រើនលើក​ហើយ ដើម្បីឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ។ ក្នុង​ការជួប​ថៃ​១៨​លើក​កន្លងមក​នោះ រាជសីហ៍​ វាយ​ឈ្នះ៧លើក ស្មើ​០៤​លើក និង​ចាញ់៧​លើក ។

​ ​អ្នក​ប្រដាល់​ថៃ Chhuok Chhai​ នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដង​ហើយ ដោយ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ច្រើន​នាក់។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦១​លើក ចាញ់​១៣​លើក និង​ស្មើ​០៣​លើក និង​ធ្លាប់​ផ្តួល​គូប្រកួតឱ្យ​សន្លប់​០៦​លើក។​ ថ្វីត្បិតតែ​អ្នក​ប្រដាល់​ថៃ​រូបនេះមាន​ប្រវត្តិ​ប្រកួត​ប៉ុណ្ណឹង ប៉ុន្តែ​ សរ រាជសីហ៍ បែប​ពិបាក​ទប់​ជាមួយ​គេ​ហើយ។​ សរ រាជសីហ៍ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៦​លើក ឈ្នះ៤៦លើក ចាញ់០៧លើក និង​ស្មើ​០៣ លើក ។

​ទោះជា​យ៉ាងណាក្តី គូ​នេះ​គេ​ទស្សន៍ទាយ​មុន​ថា Chhuok Chhai ​នឹង​ឈ្នះ សរ រាជសីហ៍ ដោយសារ​អ្នក​ប្រដាល់​កម្ពុជា​យើង​រូបនេះ មាន​សមត្ថភាព​ និង​បច្ចេកទេស​មិន​ដល់​អ្នក​ប្រដាល់​ថៃ​នោះទេ។ ចាំមើល សរ រាជសីហ៍​ អាច​យកឈ្នះ​ថៃ​បានដែរ ​ឬ​អត់​នោះ​? ។

​ដោយឡែកសម្រាប់​ការប្រកួត​គូ​ពិសេស​ខ្មែរ​ និង​ខ្មែរ​វិញ រិ​ទ្ធ មុន្នី អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ នឹង​ជួប​ប្រកួត​ជាមួយ ជា សំនៀង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ នេះ​ជាការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា។ តែ ​រិ​ទ្ធ មុន្នី ប្រហែលជា​យ៉ាប់​ជាមួយ ​ជា សំនៀង ហើយ ត្បិត​អ្នក​ប្រដាល់ ​ជា សំនៀង​ នេះគេ​ល្អ​ និង​ខ្លាំង​។ ​ចាំមើល រិ​ទ្ធ មុន្នី ឬ ជា សំនៀង ដែល​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ? ។

​លី ជិន​ហឺរ អ្នក​ប្រដាល់​ក្លិប​សាមគ្គី​កូន​ខ្មែរ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ ណ​ក់ ស៊ីនួន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់។ ណ​ក់ ស៊ីនួន នេះជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង ​រឹងមាំ ប៉ុន្តែ​ក៏​ពិបាក​នឹង​ឈ្នះ​ លី ជិន​ហឺរ ដែរ ព្រោះ​ លី ជិន​ហឺរ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត​។ តែ​យ៉ាងណា ជិន​ហឺរ ចង់​បង្ក្រាប​យកឈ្នះ​គេក៏​មិនជា​ងាយស្រួល​ប៉ុន្មាន​ដែរ ។ ​ចាំមើលតើ លី ជិន​ហឺរ ឈ្នះ ឬ​ ណ​ក់ ស៊ីនួន ឈ្នះ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ? ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114