BREAKING NEWS
Search

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ ១០

ខេត្តពោធិសាត់៖ នៅព្រឹកថ្ងៃទី ៩ ខែ មីនា ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ ១០ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជាគឺផ្លូវជាតិលេខ៥៥តភ្ជាប់ពីផ្លូវ ជាតិលេខ៥ ពីទីរួមខេត្តពោធិសាត់ឆ្ពោះទៅកាន់ព្រំដែនថ្មដាជាប់ជាមួយខេត្តត្រាតប្រទេសថៃ ។

ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦ គីឡូម៉ែត្រតភ្ជាប់ពីក្រុងពោធិសាត់ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ ចំណាយថវិកាសាងសង់ សរុប ១៣២.៨០ លានដុល្លារអាមេរិកជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពន្ធអាករផ្សេងៗ។ផ្លូវជាតិលេខ៥៥ប្រើពេលសាងសង់៣៨ខែចាប់ពីខែមីនាឆ្នាំ២០១៥ដល់ខែឧសភាឆ្នាំ២០១៨ ។

ទន្ទឹមនឹងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ ៥៥ សម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានប្រកាសបើកការដ្ឋាន សាងសង់ផ្លូវមួយខ្សែថ្មីទៀតគឺផ្លូវជាតិលេខ១០។ ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូតខេត្តបាត់ដំបង់ឆ្លងកាត់វាលវែង អូរសោម ខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះ កុងមានប្រវែងសរុប ១៩៨.៧១គីឡូម៉ែត្រ ។ ផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសរុបប្រមាណ១៨៨.៣៨លានដុល្លារអាមេរិកជាហិរញ្ញប្បទានពីរដ្ឋាភិបាល ចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពន្ធអាករផ្សេងៗនិង សួយសារ។

ផ្លូវមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation)និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

ផ្លូវទាំងពីរខ្សែនេះនឹងជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងនិងខេត្តកោះកុងក៏ដូចជាការធ្វើសមាហរណកម្មត ភ្ជាប់ផ្ទៃក្នុងប្រទេសនិងជាមួយតំបន់សំដៅចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័សនិងចំណាយតិច ។ ជាពិសេសជាមួយប្រទេសជិតខាងតាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃនៅថ្មដាខេត្តពោធិសាត់នៅចាំយាមខេត្ត កោះកុង និងកំពង់ផែសមុទ្រទឹកជ្រៅរបស់យើងនៅខេត្តព្រះសីហនុ និងខេត្តកោះកុង៕