ព្រឹក​ថ្ងៃ​អាទិត្យ​ សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី ​វិល​ត្រឡប់​ពីបេសកកម្ម​ក្នុង​កិច្ចប្រជុំ​នានា​នៃ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក
BREAKING NEWS
Search

ព្រឹក​ថ្ងៃ​អាទិត្យ​ សម្ដេច​តេជោ ​នាយករដ្ឋមន្ត្រី ​វិល​ត្រឡប់​ពីបេសកកម្ម​ក្នុង​កិច្ចប្រជុំ​នានា​នៃ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចប់​កិច្ចប្រជុំ​នានា ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​រៀបចំឡើង​នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស​ហើយ​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៧​នេះ​ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ត្រឡប់​ឆ្ពោះ​មក​កម្ពុជា​វិញ។ តាម​ការ​គ្រោង​សម្តេច​តេ​ជោ ​និង​ប្រតិភូ ​នឹង​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Facebook របស់​សម្តេច​នាយករដ្ឋមន្ត្រី។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ បាន​អញ្ជើញ​ចូលរួម​វេទិកា​ស្តីពី «​តើ​អាស៊ាន​ជា​សហគមន៍​មួយ​ហើយ​ឬ​នៅ​?» ដែល​មាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen XuanPhuc, លោក Riady​មន្ត្រី​សម្របសម្រួល​វេទិកា​, លោកស្រី Pangestu​មន្ត្រី​ស្ថាប័នឯកជន​,​លោក Razak​និង លោក Chipman​នៅ​សាល Congress Center, Sanada​ដែលជា​កម្មវិធី​ចុងក្រោយ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង Davos, Switzerland​។

ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់ថា​ សម្តេច​តេ​ជោ​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៧ ដែល​ត្រូវ​ធ្វើដំណើរ​តាម​រថយន្ត​ចេញពី Davos ទៅ Zurich ហើយ​បន្តដំណើរ​ទៅ Hong Kong និង​ឆ្ពោះ​មក​កម្ពុជា​វិញ។

ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​៤៧​រយៈពេល​៤​ថ្ងៃ​ពីថ្ងៃ​ទី​(១៧​ដល់​២០​ខែមករា ២០១៧)​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​កិច្ចប្រជុំ​ចំនួន​៨ ក្នុង​នោះ​រួមមាន ​៖ ទី​១.​ការ​ដាក់​ដំណើរការ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៖ ការ​បើកចំហ​កិច្ច​សហប្រតិបត្តិការ​រដ្ឋាភិបាល ​និង​ឯកជន។ ទី​២.​ចក្ខុវិស័យ​ថ្មី​មួយ​សម្រាប់​វិស័យ​កសិកម្ម​ ៖ ការ​កសាង និង​ការ​ពង្រឹង​ភាពជា​ដៃគូ​ពហុភាគី​ពាក់ព័ន្ធ។ ទី​៣. ការប្រជុំ​ពហុភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ពិភពលោក​។ ទី​៤. ការប្រជុំ​ក្រៅផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក​៖​ការឆ្លើយតប​នឹង​ការទទួលខុសត្រូវ​រប​ស់​ថ្នាក់ដឹកនាំ​នៅក្នុង​ពហុភាគី​ប៉ូល​នៅក្នុង​ពិភពលោក​។ ទី​៥. អាស៊ាន​ក្នុង​រយៈពេល​៥០​ឆ្នាំ​៖ តើ​អាស៊ាន​មានដំណើរ​ទៅមុខទៀត​យ៉ាងដូចម្តេច​?​។ ទី​៦.​ការពិភាក្សា​ឯកជន​នៃ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក ស្តីពី​ការស្រាវជ្រាវ​ឲ្យ​មាន​ដំណើរការ​ដោយ​រលូន​នៃ​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​៤​។ ទី​៧. វិថី​អាស៊ាន ឬ​ផ្លូវ​ហាយវ៉េ​ក្នុង​ពិភពលោក​ពោរពេញ​ដោយ​ភាព​បែកបាក់ និង​ទី​៨ ការបង្ហាញ​ពី​ការផលិត​៖ តើ​អាស៊ាន​ជា​សហគមន៍​មួយ​ហើយ​ឬ​នៅ​?​។​

ក្រៅពី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅបាន​ជួប​ជា​លក្ខណៈ​ទ្វេភាគី ជាមួយ​ប្រធានាធិបតី​សហព័ន្ធ​ស្វី​ស ,​នាយករដ្ឋមន្ត្រី​ស៊ុយអ៊ែត​, ប្រធាន​ធនាគារ​អាមេរិក​ប្រចាំ​ក្រុង​ហុងកុង​,​ជួប​លោក George Yeo អ្នកប្រាជ្ញ​របស់​សាកលវិទ្យាល័យ​Lee Kuan Yew (National University of Singapore),​ជួប​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia និង បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ស្វី​ស បារាំង អាល្លឺម៉ង់ ឆេ​កូ និង ប្រទេស​បែលហ្ស៊ិក​។​

សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​“​មូលនិធិ​ហិរញ្ញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព ”​។ ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​ស្វី​ស​ និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​, ចូលរួម​ពិសា បាយ​ការងារ។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​កម្មវិធី​“​មូលនិធិ​ហិរញ្ញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​” ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារ​ពិភពលោក​(WB) រួម​ជាមួយ​អង្គការ​សហ​ប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (OECD)។

ជាងនេះទៀត​ដោយសារ​នៅ​អំឡុង​ខែឧសភា​ឆ្នាំនេះ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​នៅ​ឆ្នាំ​២០១៧​ផង​នោះ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឆ្លៀត​យក​ឱកាស​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​ដើម្បី​បង្ហាញ​ពី​អាស៊ាន​និង​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា នៅក្នុង​កម្មវិធី​ពិសេស​មួយ​ដែលមាន​ចំណងជើង​ថា «​កម្ពុជា​៖​ផ្កាយ​កំពុង​រះ​របស់​អាស៊ាន​»​។ ក្នុង​នោះ​កម្ពុជា​ក៏​នឹង​ដាក់​បង្ហាញ​ជូន​នូវ​វីដេអូ​ខ្លី​មួយ​ស្តីពី​ការរៀបចំ​របស់​កម្ពុជា​សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ផងដែរ។

គួរ​បញ្ជាក់​ថា​ កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ គឺជា​ការ​ជួប​ប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​កម្រិត​ខ្ពស់​បំផុត រវាង​រដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់​ដើម​ឆ្នាំ ដើម្បី​កំណត់​របៀបវារៈ​ស្តីពី​ពិភពលោក តំបន់ និង​ឧស្សាហកម្ម​។​

សូមបញ្ជាក់​ថា ​គណៈប្រតិភូ​ជាន់ខ្ពស់ ដែល​អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វី​ស​នា​ពេល​នេះ​ រួមមាន ​៖ ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយចំនួនទៀត​។​

វេទិកា​សេដ្ឋកិច្ចពិភពលោក « World Economic Forum » បានចាប់កំណើត​ឡើង​ក្នុង​ឆ្នាំ ១៩៧១ ហើយ​អ្នក​ដែល​បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន Forum នេះ​ឡើង​គឺ​លោក Klaus Schwab សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​។ តាំងពី​ពេល​នោះមក​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​រៀបចំ​កិច្ចប្រជុំ​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ទីក្រុង​ដា​វ៉ូស​ប្រទេស​ស្វី​ស​។

ជាទូទៅ​មាន​ប្រធានបទ​ច្រើន​ និង​ចម្រុះ​ដែល​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទៅ​ជជែក​។ ក្រៅពី​ប្រធានបទ​ទាក់ទង​នឹង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​ពិភពលោក ក៏មាន​ប្រធានបទ​ទាក់ទង​នឹង​ផ្នែក​ផ្សេងៗ​ទៀត​រួមមាន ៖ បញ្ហា​អាកាសធាតុ​ក្នុង​ភពផែនដី ការប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត បញ្ហា​មនុស្សធម៌ ឬមួយ​ក៏​ជម្លោះ​ប្រដាប់អាវុធ​។ ជារួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​គឺជា​កន្លែង​ដែល​អ្នកចូលរួម​ត្រូវ​លើកយក​ទៅ​ជជែក​នូវ​បញ្ហាសំខាន់ៗ​និង​បន្ទាន់​ដែល​កំពុង​កើតមាន​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​។​

ក្រៅពី​ជា​វេទិកា​សាធារណៈ « World Economic Forum » ក៏​ជា​វេទិកា​នៃ​ជំនួប​ក្រៅផ្លូវការ​ជា​លក្ខណៈ​ពហុភាគី​រវាង​ប្រមុខរដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល​ដែល​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។ ក៏ដូចជា​រៀងរាល់​ឆ្នាំ លើក​ទី​៤៧​ឆ្នាំនេះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ២.៥០០​នាក់​មកពី​ជាង​១០០​ប្រទេស​ក្នុង​ពិភពលោក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114