BREAKING NEWS
Search

ព្រឹក​នេះ សម្តេច​តេ​ជោ​ ហ៊ុន សែន អញ្ជើញ​ប្រារព្ធ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (២០-មិថុនា-១៩៧៧)​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​

ត្បូងឃ្មុំ ​៖ នៅ​វេលាម៉ោង​៧ ព្រឹក​ ថ្ងៃទី២១ ខែមិថុនា​នេះ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ទិវា​នៃ​ដំណើ​រឆ្ពោះទៅ​រំដោះប្រទេស​ពី​របប​ប្រល័យ​ពូជ​សាស​ន៍ ​ប៉ុល ពត។​

នៅក្នុង​ពិធីនោះ មានវត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ បាន​អញ្ជើញ​ទៅកាន់​ទីតាំង​ស្លាកស្នាម​អនុស្សាវរីយ៍​ដ៏​ជូរចត់​ទាំង ៧​ទីតាំង​នេះ ហើយក៏​មានការ​ថ្លែង​សារ​រំលឹក​ពី​ភាពជូរចត់ និង​ព្រឹត្តិការណ៍​កាលពី ៤០​ឆ្នាំមុន​នោះ​ផងដែរ​។​

​ដំណើរ​អញ្ជើញ​ចុះមក​កាន់​ទីតាំង​តស៊ូ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​ការ​វាយ​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បាន​រយៈពេល ៣៨​ឆ្នាំនេះ ត្រូវបាន​គេ​មើលឃើញថា ជា​គាស់​រំលើង និង​បង្ហាញ​នូវ​ពលី​កម្ម​ ដ៏​សែន​លំបាក ប្រកបដោយ​ភាព​អង់អាច​របស់​សម្តេច តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ព្រមទាំង​ឥស្សរជន អ្នកស្នេហាជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរំដោះ​ប្រទេសជាតិ​ចេញ​របប​វាល​ពិ​ឃា​ត និង នាំមក​នូវ​ការរស់រៀនមានជីវិត​ជាថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ដំណើរ​ពិនិត្យ​ទីតាំង​តស៊ូ​នេះ ក៏​ជា​សារ​ដាស់សតិ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បានដឹង​ផងដែរ​ថា មុនពេល​កម្ពុជា​វិវឌ្ឍន៍​មករក​ស្ថានភាព​ដូច​ពេល បច្ចុប្បន្ន​មិនមែន​កើតចេញ​ការប្រទាន​របស់​ទេវតា និង​ការប្រើ​សី​ល្បិ៍​មន្តអាគម​ជប់​ឡើង​នោះឡើយ ផ្ទុយទៅវិញ​គឺ​កើតចេញពី​ការតស៊ូ ការលះបង់ និង​ការបូជា​កម្លាំងកាយ រួមទាំង​ជីវិត​ផងដែរ របស់​ឥស្សរជន​ខ្មែរ អ្នកតស៊ូ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​កាលពី​សម័យមុន​។​

២០-មិថុនា ៤០ឆ្នាំមុន​សម្តេច​តេ​ជោ និង យុទ្ធ​មិត្ត ៤ រូប​ទៀត​បាន​ភៀសខ្លួន​ចូលទៅក្នុង​ទឹកដី​វៀតណាម ដើម្បី​បង្កើត​ចលនា តស៊ូ​រំដោះជាតិ៕​

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684