ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ថ្មើរជើង​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​តាម​តំបន់​ប្រវត្តិសាស្ត្រ​

​ឧ​ត្ត​រ​មានជ័យ​ ៖​ ក្រសួងទេសចរណ៍​បាន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ​ក្នុង​ស្រុក​អន្លង់វែង​ដែល​ជា​តំបន់​បន្សល់ទុក​នៅ​ស្លាក​ស្នាម​ចុងក្រោយ​ ជា​ប្រវត្តិសាស្ត្រ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ លើក​ទី​២ ក្រោម​ប្រធានបទ​ថ្មើរជើង​ប្រវត្តិសាស្ត្រ មាន​រយៈពេល​បី​ថ្ងៃ​។​

​ព្រឹត្តិការណ៍​នេះ​បាន​សហការ​គណៈកម្មាធិការ​​អន្តរក្រសួង​ ដើម្បី​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា អាជ្ញាធរ​គ្រប់គ្រង​តំបន់ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៧ ៨ ៩ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ខាងមុខ​។​

​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ សក្ដានុពល​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដែល​ទទួល​បាន​ជោគជ័យ​នូវ នយោបាយ​ឈ្នះ​ឈ្នះ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​និង​នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ប្រទេសជាតិ​ទាំងមូល​។​

​បញ្ជាក់​ថា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មាន​រយៈ​៣​ថ្ងៃនេះ​ និង​មានការ​ប្រកួត​កីឡា​ជាច្រើន​ប្រភេទ ​រួមមាន ​ការ​រត់​កម្សាន្ត​តាម​ផ្លូវ​ ឡើង​ភ្នំ​ដងរែក​ មាន​រយៈ​ចម្ងាយ​៤​គីឡូម៉ែត្រ ការ ប្រណាំង​ទូក​នៅ​បឹង​តា​ម៉ុក ការ​ប្រណាំង​ជិះ​កង់​យឺត ការ​ប្រ​កួត​បាល់ទាត់/បាល់ទះ​រវាង​កម្ពុជា​ថៃ ការ​ប្រ​កួត​ចំបាប់​បុរាណ​រួម​និង​មាន​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត​។​ ក្នុង​នោះ​មាន​សមាជិក​ចូលរួម ភាគី​កម្ពុជា ៨០០ នាក់ ភាគី​ថៃ​៨០៥ នាក់ ៕​

អត្ថបទ៖​ ចាន់ ធី​