ព្រឹត្តិការណ៍​កីឡា​សិស្ស​និស្សិត​អាស៊ាន​ចំនួន​២ ទំនងជា​លុបចោល​មួយ​ ដោយសារ​កូ​វីដ​-១៩

ព្រឹត្តិការណ៍​កីឡា​សិស្ស និស្សិត​អាស៊ាន​ចំនួន​២​ក្នុង​ឆ្នាំ​២០២០​នេះ ទំនងជា​ត្រូវ​លុបចោល​មួយ ឬ ចោល​ទាំងស្រុង​តែម្ដង​ដោយសារតែ​ជម្ងឺ​ផ្លូវដង្ហើម​Covid-19 ដែល​នៅតែ​មិនទាន់​ស្រាក​ស្រា​ន​នៅឡើយ។

លោក​ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​នាយ​បេសកកម្ម​សម្រាប់​ព្រឹត្តិការណ៍​កីឡា​សិស្ស និង សាកលវិទ្យាល័យ​អាស៊ាន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០​នេះ​សម្រាប់​ហ្គេម​សិស្ស គឺមាន​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​អាស៊ីអាគ្នេយ៍​លើក​ទី​១១ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន។

ព្រឹត្តិការណ៍​នេះ ត្រូវបាន​ដាក់​កាល​បរិ ច្ឆេ​ទ​ធ្វើ​នៅ​ខែកក្កដា តែ​ពេលនេះ​វា​កៀក​នឹង​ខែមេសា​ទៅហើយៗ​ប្រសិនបើ​ជំងឺ Covid-19​នេះ នៅ​មិនទាន់​ស្រាកស្រាន្ដ​ទេ​នោះ ព្រឹត្តិការណ៍​ទំនងជា​លុបចោល​។

លោក​បន្ត​ថា​ ប្រទេស​ហ្វីលីពីន​ពេលនេះ​ក៏​កំពុងតែ​ច្របូកច្របល់​ពី​ជំងឺ​នេះ​ផង​និង ស្ថានភាព​សន្តិសុខ​ក៏​មិនសូវ​ជា​ល្អ​ដែរ​។ ហេតុនេះ​ព្រឹត្តិការណ៍​នេះ​ទំនងជា​លុបចោល​។ សូម​បញ្ជាក់​ថា សម្រាប់​ការប្រកួត​កីឡា​បឋមសិក្សា​នេះ កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​បាន​ចំនួន​៣​លើក​ដែរ​ហើយ។

សម្រាប់​ការប្រកួត​នៅ​ឆ្នាំ​នេះ​ដែរ គឺ​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​(ASEAN University Games) លើក​ទី​១៩​ដែល​ធ្វើ​នៅ​ប្រទេស​ថៃ។

ដំបូង​ឡើយ​ព្រឹត្តិការណ៍​នេះ ត្រូវធ្វើ​នៅ​ប្រទេស​ហ្វីលីពីន តែ​ដោយសារ​តែ​មាន​បញ្ហា​ខ្លះៗ​នោះ ទើប​គណៈកម្មការ​រៀប​ចំការ​ប្រកួត សម្រេចចិត្ត​ផ្ទេរ​មក​ប្រកួត​នៅ​ប្រទេស​ថៃ​វិញ។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​នេះ នឹង​ធ្វើ​ឡើង​នៅ​ខែវិច្ឆិកា​នា​ចុងឆ្នាំ​នេះ។ រយៈពេល​នៅ​វែងឆ្ងាយ​ហេតុនេះ​ព្រឹត្តិការណ៍​នេះ ប្រហែលជា​មិន​លុបចោល​នោះទេ ។ ពេលនេះ​អ្វី​ដែល​កម្ពុជា​ត្រូវធ្វើ​នោះ គឺ​ពិចារណា​ឲ្យ​អត្ត​ពលិក​បាន​ហ្វឹកហាត់ តែ​អ្វីៗ​ត្រូវ​ស្វែងរក​គំនិត​រួម​មួយ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អត្ត​ព​លិ​ក​បាន​វិល​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ៕
វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114