ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះករុណា ព្រះមហាក្សត្រ​បាន​យាង​និវត្តន៍​មក​មាតុប្រទេស​វិញ​ហើយ កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែតុលា​នេះ​

ភ្នំពេញ​ ៖​ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទី​គោរព​សក្ការ​ដ៏ ខ្ពង់​ខ្ពង់​បំផុត បាន​យាង​និវត្តន៍​មកដល់​រាជធានី​ភ្នំពេញ​ហើយ​កាលពី​វេលា​ម៉ោង ៦និង៣០ នាទី​ព្រលប់​ថ្ងៃទី​២៤ ខែ តុលា ឆ្នាំ ២០១៩​នេះ​បន្ទាប់ពី​ព្រះអង្គ​បាន​យាង ចូលរួម​ព្រះ រាជពិធី​យាង​ឡើង​គ្រង​រាជ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណា​រ៉ុ​ហ៊ី​តូ រយៈពេល​៤​ថ្ងៃ​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

ក្នុង​ការ​គង់​ប្រថាប់​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​នា​វេលា​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេចព្រះ​បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ទទួល​ជួប​ព្រះរាជ សវនាការ​ជាមួយ​លោក Shinzo Abe នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​ក្នុង​ឱកាស​ស្តេច​គង់​ប្រថាប់​បំពេញ​ព្រះរាជកិច្ច​ក្នុងប្រទេស​ជប៉ុន​ពីថ្ងៃ​ទី​២១ ដល់ ២៤ ខែតុលា ឆ្នាំ​២០១៩​។

ស្ថិតក្នុង​ព្រះរាជសវនាការ​ដ៏​ឧត្តុង្គឧត្តម​នេះ​លោក Shinzo Abe នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន​បានទូល​ថ្វាយ​នូវ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ជាទីបំផុត​ចំពោះ ព្រះរាជដំណើរ​មកកាន់​ប្រទេស​ជប៉ុន​ក្នុងឱកាស​នេះ​និង​បាន​ចូលរួម​អបអរសាទរ​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ​ចំពោះ ព្រះករុណា ព្រះមហាក្សត្រ​ក្នុង​ឱ​កា ស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​នៃ​គម្រប់​ខួប​ទី ១៥ ឆ្នាំ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​របស់​ព្រះអង្គ​។​លោក Shinzo Abe ក៏បាន​ថ្លែង​នូវ​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការទទួល​រងគ្រោះ​ធម្មជាតិ​ក្នុងប្រទេស​ជប៉ុន​កាលពីពេល​ថ្មីៗ​នេះ ។ ក្នុងពេលដែល​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​នូវ​ខួប​ទី​៧​ឆ្នាំ​ការយាង​ចូល​ព្រះ​ទីវ​ង្គិ​តនៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំ ផុត លោក Shinzo Abe បាន​លើកឡើងថា « ព្រះករុណា ព្រះ​បរមរ​រន​កោដ្ឋ ព្រះអង្គ​មិន​ត្រឹមតែ​បាន​នាំមក​ជូន​កម្ពុជា​នូវ​សន្តិភាព និង ការអភិវឌ្ឍ​តែ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​បង្កើតឡើង​នូវ​ទំនាក់ទំនង​សាមគ្គីភាព​រវាង​ប្រទេស​យើង​ទាំងពីរ​កម្ពុជា -​ជប៉ុន​»។ បន្ថែម​ពីលើ​នេះ​លោក​បាន​បន្តថា​ ប្រទេស​ជប៉ុន​និង​កម្ពុជា​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ចាប់​តាំងពី​ឆ្នាំ​២០១៣​ហើយ​ប្រទេស​ជប៉ុន​តែងតែ​ឈរ​នៅ​ជាមួយ​ប្រ​ទេ ស​កម្ពុជា​លើ​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ ។ ប្រទេស​ជប៉ុន​និង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ក្រោម​ការឯកភាព​របស់​ប្រជាជន ។ ប្រទេស​ជប៉ុន​ក៏បាន​គាំទ្រ​ដល់​ការអភិរក្ស​ប្រាសាទ​អង្គរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយនឹង​បន្ត​គាំទ្រ​ការផ្លាស់ប្តូ​រលើ​វិស័យ​វប្បធម៌​និង​ពង្រឹង​ទំនាក់ ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​រីកចម្រើន​។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សព្វព្រះរាជហឫទ័យ​មាន​ព្រះរាជឱង្ការ​ថា​ព្រះអង្គ​មាន​មហា​កិត្តិ​យស​បាន​យាង​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជ្យសម្បត្តិ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito ក្នុង​ឱកាស​នេះ​និង​សូម​ថ្វាយ​នូវ​ព្រះ​សព្ទ សាធុការពរ​ថ្វាយ​ដល់​ព្រះ​ចៅ​អិរាជ ។​ព្រះអង្គ​ក៏បាន​សម្តែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការអភិវឌ្ឍ​ប្រ​ទេ ស​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​និង​បាន​អបអរសាទរ​ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ដែល កំពុង​ឈាន​ទៅ​មុខ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី Naruhito បាន​ឡើង​គ្រង​រាជសម្បត្តិ Chrysanthemum Throne កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ​បន្ទាប់ពី​ព្រះ បិតា​របស់​ទ្រង់ Akihito មាន​ព្រះជន្ម​៨៥​ព្រះវស្សា​បានសម្រេច​ព្រះទ័យ​ដាក់រាជ្យ​ដោយសារតែ​បញ្ហា​ព្រះ​រាជ​សុខភាព។ នៅ​ថ្ងៃទី​២២​ខែតុលា ឆ្នាំ​២០១៩ ព្រះ​រាជពិធី​ឡើង​គ្រងរាជ្យ​សម្បត្តិ​នៃ​ព្រះរាជ​ប​ល្ល័​ង​គ្រី​សាន់​ធី​ម៉ាំ (Chrysanthemum) នឹង​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​តាម​ព្រះរាជ​ប្រពៃណី​របស់​ប្រ​ទេស​ជប៉ុន។

សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០១៩ ជប៉ុន​បាន​រៀប​ចំ​ព្រះរាជ​ពិធី​ដ៏​ធំ​មួយ​សម្រាប់​ការ​ឡើង​គ្រង​រាជសម្បត្តិ​ជា​ផ្លូវការ​របស់​ព្រះ​ចៅ​អធិរាជ Naruhito នៅ​ចំពោះ​មុខ​ឥស្សរជន​មកពី​បណ្តា​ប្រទេស​ជិត ២០០ ប្រទេស​ជុំវិញ​ពិភពលោក។ ចំពោះ​ការចំណាយ​សម្រាប់ពិធី​ឡើង​គ្រង​រាជសម្បត្តិ​នេះ អាចមាន​ចំនួន​ប្រមាណ​២.៧​ពាន់​លាន​យេន​ស្មើនឹង ២៤​លាន​ដុល្លារ។

​រជ្ជទាយាទ​ជប៉ុន​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណា​រ៉ូ​ហ៊ី​តុ បាន​ក្លាយជា​អធិរាជ​ទី ១២៦ របស់​ជប៉ុន​ដោយ​ស្នង​តំណែង​ពី​បិតា​របស់​ទ្រង់​គឺ​អធិរាជ អាគី​ហ៊ី​តុ ដែល​ដាក់រាជ្យ​ជា​ផ្លូវការ កាលពី​ថ្ងៃទី ៣០ មេសា​កន្លងមក​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114