ព្រះ​ចៅ​អធិរាជ​ជប៉ុន​ប្រកាសឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​ក្នុង​ពិធី​បែប​បុរាណ

ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន​ព្រះនាម Naruhito នៅ​ថ្ងៃ​អង្គារ​បាន​ឡើង​គ្រងរាជ្យ​បល្ល័ង្ក Chrysanthemum ជា​ផ្លូវការ​នៅក្នុង​ពិធី​ដ៏​អធិកអធម​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​ឥស្សរជន​រាប់រយ​នាក់​នៅក្នុង​ព្រះបរមរាជវាំង​។​

ព្រះអង្គ Naruhito មានបន្ទូល​ពី​ខាងក្នុង​រចនា​សម្ព​ន្ធ័​ដែល​តុបតែង​យ៉ាង​ល្អិតល្អន់​នៅក្បែរ​អធិរាជ​នី​របស់​ទ្រង់​ព្រះនាម Masako ថា “​ខ្ញុំ​សូម​ប្រកាស​អំពី​ការឡើង​គ្រងរាជ្យ​របស់ខ្ញុំ​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​”​។​

ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​មួយ​ដែល​វាយប្រហារ​ប្រទេស​ជប៉ុន​កាលពី​ដើមខែ​នេះហើយ​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​បាន​បង្ខំ​ឲ្យ​លុបចោល​នូវ​ក្បួន​ដង្ហែ​ដ៏​ធំ​មួយ​ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​នៅសល់​បាន​បន្ត​ធ្វើឡើង​ជាមួយនឹង​ប្រពៃណី​ដែលមាន​អាយុកាល​ជាង​២,០០០​ឆ្នាំ​។​

ព្រះ​ចៅ​អធិរាជ Naruhito បាន​ស្លៀកពាក់​រ៉ូ​ប​ពណ៌​ទង់ដែង​និង​មួក​ពណ៌​ខ្មៅ​ដ៏​កម្រ​បានឃើញ​ខណៈ​ព្រះ​នាង Masako ពាក់​ឈុត​គី​ម៉ូ​ណូ​។​

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ភាគច្រើន​នៅក្នុង​ភាព​ស្ងៀមស្ងាត់​ដោយមាន​តែ​សំឡេង​ស្គរ​និង​គង​ប៉ុណ្ណោះ​។ ភ្ញៀវ​ប្រមាណ​២,០០០​នាក់​រួមទាំង​ឥស្សរជន​បរទេស​និង​អ្នក​ស្មោះស្ម័គ្រ​ផងដែរ​បាន​ក្រោកឈរ​នៅពេល​សំឡេង​ស្គរ​បន្លឺឡើង​មុនពេល​ការប្រកាស​ចាប់ផ្តើម​។​

ព្រះអង្គ Naruhito បាន​បន្ថែមថា “​ខ្ញុំ​សូម​សន្យាថា ខ្ញុំ​នឹង​បន់ស្រន់​ជានិច្ច​ចំពោះ​សុភមង្គល​របស់​ប្រជាជន​ជប៉ុន​និង​សន្តិភាព​ពិភពលោក​ហើយដោយ​ខាង​ប្រជាជន​ជប៉ុន​។ ខ្ញុំ​នឹង​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុងនាម​ជា​និមិត្តរូប​នៃ​ប្រទេស​ជប៉ុន​និង​ការរួបរួម​របស់​ប្រជាជន​ជប៉ុន​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​ប្រាប់​ព្រះ​ចៅ​អធិរាជ​ថា “​យើង​ជា​ប្រជាជន​ជប៉ុន​នឹង​គោរព​ព្រះ​ចៅ​អធិរាជ​ក្នុងនាម​ជា​និមិត្តរូប​នៃ​រដ្ឋ​និង​ឯកភាព​របស់​ប្រជាជន​ជប៉ុន​”​។​

គួរ​បញ្ជាក់ថា ព្រះ​ចៅ​អធិរាជ Naruhito បាន​បំពេញ​មុខងារ​ជា​ព្រះ​ចៅ​អធិរាជ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១​ខែឧសភា​ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​បិតា​របស់​ទ្រង់​បាន​ក្លាយជា​ព្រះមហាក្សត្រ​ដំបូងបង្អស់​របស់​ជប៉ុន​ដែល​បានដាក់​រាជ្យ​ក្នុង​រយៈពេល​ពីរ​សតវត្ស​រ៍​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114