ព្រះ​មហាវិមលធម្ម សិរី​សុ​វ​ណ្ណោ ពិន សែម និមន្ត​ពិនិត្យ​សកម្មភាព​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់

​នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ព្រះមហា​វិមលធម្ម សិរី​សុ​វ​ណ្ណោ ពិន សែម ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​សង្ឃ ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ អមដំណើរ​ដោយ​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​និមន្ត​ស្វែងយល់​ការវិវត្ត​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​។

​ការ​និមន្ត​របស់​ព្រះមហា​វិមលធម្ម​នាពេល​នេះ​គឺ​ស្រប​នឹង​ការរកឃើញ​ជា​បន្តបន្ទាប់​នូវ​បុរាណវត្ថុ​ដែលជា មរតក​វប្បធម៌​ដ៏​មានតម្លៃ​ដូចជា ត្រីសូល៍ គ្រាប់​ខ្វាត​ព៌​ណស (​គ្រី​ស្តា​ល់​?) ចម្លាក់​សត្វ​នាគ ចម្លាក់​អណ្តើក​។​ល​។ ជាពិសេស​នៅ​រសៀល​ថ្ងៃនេះ​ក្រុមការងារ​ទើបនឹង​បាន​ប្រទះឃើញ​ចម្លាក់​សត្វ​អណ្តើក​ថ្មី​មួយទៀត​។

នាឱកាស​នោះ ព្រះមហា​វិមលធម្ម​បាន​សម្តែង​នូវ​ទឹក​ព្រះទ័យ​សប្បាយរីករាយ​និង​បាន​ថ្លែង​នូវ​អំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាង​ខ្ជាប់ខ្ជួន​និង​ទទួលបាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ​។ ព្រះមហា​វិមលធម្ម​ក៏បានផ្តល់​ឱវាទ​និង​ប្រសិទ្ធិ​ពរជ័យ​បវរ​មហាប្រសើរ​ដល់​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមការងារ​ទាំងអស់​ក្នុងការ​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ៕
ប្រភព​ ៖ អាជ្ញាធរអប្សរា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114