ព័ត៍មានទាន់​ហេតុការណ៏
Search

ភាព​ខ្វែងគំនិត​គ្នា​គ្របដណ្តប់​លើ​កិច្ចប្រជុំ​កំពូល​ខួប​លើក​ទី​៧០​របស់​អង្គការ ណា​តូ​

បណ្តា​មេដឹកនាំ​អង្គការ​ណា​តូ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​អង្គារ​សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​សម្ព័ន្ធភាព​នេះ​ប៉ុន្តែ​ស្រប​ពេលដែល​មេដឹកនាំ​ទាំងអស់​កំពុងមាន​ជម្លោះ​និង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​បញ្ហា​លុយកាក់​និង​យុទ្ធសាស្ត្រ​នោះ កិច្ចប្រជុំ​នេះ​ហាក់ដូច​ជាមាន​ភាព​សោះកក្រោះ​។​

សម្ព័ន្ធមិត្ត​ទាំង​២៩​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ដើម្បី​ជជែក​ពិភាក្សាគ្នា​ស្តីអំពី​ការចំណាយ​និង​វិធី​ដោះស្រាយ​ជាមួយ​រុស្ស៊ី​នៅក្នុង​ការសាកល្បង​ដ៏​ធំ​មួយ​នៃ​ការ​ឯកភាពគ្នា​ចំ​ពេលដែល​អង្គការ​ណា​តូ​កំពុង​ព្យាយាម​អះអាង​អំពី​សារសំខាន់​របស់ខ្លួន​។​

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ទៅដល់​ទីក្រុង​ឡុង​ដ៍​ជាមួយ​គោលបំណង​ចង់ឃើញ​ភស្តុតាង​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​បង្កើន​ការចំណាយ​ខាង​យោធា​របស់​ពួកគេ​បន្ទាប់ពី​លោក​បាន​ស្តីបន្ទោស​ពួកគេ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​អ្វីដែល​លោក​ចាត់ទុកថា​ជាការ​កេងប្រវ័ញ្ច​លើ​អាមេរិក​សម្រាប់​ការពារជាតិ​របស់​ពួកគេ​។​

មន្ត្រី​ណា​តូ​សង្ឃឹមថា សេចក្តីប្រកាស​ស្តីពី​ការចំណាយ​ជា​បន្តបន្ទាប់​ដែល​រៀបចំឡើង​ដោយ​អគ្គលេខាធិការ​លោក Jens Stoltenberg កាលពី​សប្តាហ៍​មុននឹង​ធ្វើ​ឲ្យ​លោក Trump ស្ងប់ចិត្ត​។​

កាលពី​ថ្ងៃ​សុក្រ លោក Stoltenberg បានចង្អុលបង្ហាញ​ថា នៅ​ឆ្នាំក្រោយ ប្រទេស​ដែល​មិនមែនជា​សម្ព័ន្ធមិត្ត​អាមេរិក​នឹង​បង្កើន​ការចំណាយ​ផ្នែក​ការពារជាតិ​របស់​ពួកគេ​ដល់​១៣០​ពាន់​លាន​ដុល្លារ​។​

វា​ក៏មាន​ការគាំទ្រ​យ៉ាងច្រើន​ផងដែរ​ជុំវិញ​កិច្ចសន្យា​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​បាន​ចុះហត្ថលេខា​កាលពី​សប្តាហ៍​មុន​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​យន្តហោះ​ស៊ើបការណ៍ AWACS របស់​អង្គការ​នេះ​។​

សមាជិក​ណា​តូ​ក៏បាន​យល់ព្រម​កាត់បន្ថយ​ការចូលរួម​វិភាគទាន​របស់​សហរដ្ឋអាមេរិក​ចំពោះ​កញ្ចប់​ថវិកា​ប្រតិបត្តិការ​ចំនួន​២.៥​ពាន់​លាន​ដុល្លារ​របស់​សម្ព័ន្ធភាព​នេះ​ផងដែរ​ដែល​មានន័យថា អាល្លឺម៉ង់​និង​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ដទៃទៀត​នឹងត្រូវ​ចំណាយ​ច្រើនជាង​នេះ​លើកលែងតែ​ប្រទេស​បារាំង​ប៉ុណ្ណោះ​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114