ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញាក់ផ្អើល​ថា ​ចិន​ បាញ់​ប្លន់​ក្នុង​ហាង​លក់​គជ់​ ហឺ​ហឺ ដល់​ចាប់​បាន​ សមត្ថកិច្ច​ថា​មិនទាន់​ច្បាស់

ភ្នំពេញ ៖ ​ជន​ជាតិ​ចិន​ម្នាក់ ​ដែល​សង្ស័យ​ក្នុង​ករណី​បាញ់​ប្លន់​ក្នុង​ហាង​ចិន​លក់​គជ់​ ​យីហោ«​ហឺ​ហឺ» ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ប៉ុន្តែ​ក្រោយពេល​ចាប់​បាន​​ជនសង្ស័យ​ជនជាតិ​ចិន ​និង​ជនរងគ្រោះ, ​ម្ចាស់​ហាង ​ហាក់ដូចជា​មិន​ចង់​សហការ​ជាមួយ​សមត្ថកិច្ច​ និង ​អាជ្ញាធរ​ដែនដី ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ ដោយ​មុនដំបូង​ថា​ ជា​ករណី​ប្លន់​ ដល់ពេល​ចាប់​បាន​ហាក់​ចង់​បង្វែរ​រឿង​អី​ផ្សេង​វិញ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល។

ចំពោះ​ហាង​នេះ ​កន្លងមក ​ក៏​ធ្លាប់​កើតរឿង​ស្មុគស្មាញ​បែបនេះ​ម្ដង​ហើយ ​កាលនោះ​ថា​ មាន​ដាក់​បង្កប់​គ្រាប់បែក​កែច្នៃ​របៀប​លេង​សើច​ផ្អើល​ប្រជាពលរដ្ឋ ​និ​ង​សមត្ថកិច្ច​ទៀត​ផង។ នេះ​បើតាម​ លោក​យឹម សារ៉ាន់ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ប្រាប់​ឲ្យ​ដឹង កាលពី​រសៀល ​ថ្ងៃទី​៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៩។

ប្រភព​ដំបូង​បាន​ឲ្យ​ដឹង​ថា ​មាន​ករណី​ជន​ជាតិចិន​ បានធ្វើ​សកម្មភាព​បាញ់​ប្លន់ នៅ​ក្នុង​ហាង​លក់​គជ់​ ហឺ​ហឺ មួយ​កន្លែង ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​​​ព្រឹក​ថ្ងៃទី​៧ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩។

ប្រភព​បានបញ្ជាក់​ទៀតថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ មាន​ជនជាតិ​ចិន​២​នាក់ បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​ចំនួន​២​គ្រាប់​​ ហើយ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន និង​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន នៅ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ខណៈ​ដែល​កម្លាំង​នគរបាល​ កំពុង​ធ្វើការ​ឡោមព័ទ្ធ​។​

ជា​មួយ​គ្នា​នេះ​ដែរ ពេលនេះ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល នាំខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​១​ ដើម្បី​សួរនាំ ដោយ​មុនដំបូង​ឆ្លើយថា ​គ្នា​២​នាក់ ​ដល់ពេល​សួរនាំ​ដេញដោល​ចុះ​ឡើងៗ​បែរជា​ថា​តែម្នាក់ឯង​ទេ។

ដូច​គ្នា​នេះ​ដែរ​ ជនជាតិ​ចិនដែល​ជា​ម្ចាស់​ហាង​ក៏​ឆ្លើយ​ត្រឡប់ត្រឡិន​មិនអាច​យកជាការ​បាន​ដែ​រ​ ព្រោះ​មុន​ដំបូង​ថា​ជា​ករណី​ប្លន់​ ដល់​ក្រោយមក ​បែរជា​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ទៅវិញ ហើយ​កន្លងមក​ហាង​នេះ​ធ្លាប់​មានរឿង​ដាក់​គ្រាប់បែក​ច្នៃ​ម្ដង​ហើយ។​

លោក​យឹម សារ៉ាន់ ​បញ្ជាក់ថា ​ពេលនេះ ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋាន ​ឬ​វាយតម្លៃ​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​ ដោយសារ​មិនទាន់បាន​ចម្លើយ​ពិត​ពី​ភាគី​ទាំងសងខាង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114