BREAKING NEWS
Search

ភ្លើងឆេះព្រៃនៅក្បែរទីក្រុង Marseille បង្ខំឲ្យមានការជម្លៀសមនុស្សរាប់រយនាក់

ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះព្រៃកាលពីថ្ងៃអង្គារបានបំផ្លាញផ្ទៃដីចំនួន ៨០០ ហិកតានៅជិតទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំងដោយបង្ខំឲ្យមានការជម្លៀសមនុស្សជាង ២០០ នាក់ ។

មិនមានការស្លាប់ ឬរងរបួសណាមួយពីការឆាបឆេះដែលបានកើតឡើងនៅភាគខាងលិចនៃទីក្រុង Marseille នោះទេ ខណៈដែលក្រុមពន្លត់អគ្គីភ័យចំនួន ១,២០០  នាក់ និងយន្តហោះទម្លាក់ទឹកត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង ។

មនុស្សចំនួន ២២៥ នាក់ដែលភាគច្រើនជាអ្នកទេសចរ និងអ្នកបោះជំរុំត្រូវបានជម្លៀសចេញតាមទូកទៅកាន់ភូមិនេសាទដែលនៅក្បែរនោះ ហើយបន្ទាប់មកត្រូវបានដឹកតាមរថយន្តក្រុងទៅកាន់ជម្រកបណ្តោះអាសន្ននៅក្នុងទីក្រុង Martigues ។

អ្នកនាំពាក្យផ្នែកពន្លត់អគ្គីភ័យនៅក្នុងនាយកដ្ឋាន Bouches du Rhone បាននិយាយថា “យើងត្រូវបានត្រៀមសម្រាប់ការប្រយុទ្ធដ៏លំបាកពេញមួយយប់” ។

ភ្លើងឆេះព្រៃនេះបានផ្ទុះឡើងនៅពេលរសៀលដោយបញ្ចោញផ្សែងពេញផ្ទៃមេឃ ។ សេវាកម្មពន្លត់អគ្គីភ័យបាននិយាយថា វាបានឆេះរាលដាលចម្ងាយ ៨ គីឡូម៉ែត្រក្នុងរយៈពេល ២ ម៉ោងជាមួយនឹងខ្យល់បក់ខ្លាំង ។

ក្រុមមន្រ្តីបាននិយាយថា យន្តហោះទម្លាក់ទឹកចំនួន ៧ គ្រឿងក៏ដូចជាឧទ្ធម្ភាគចក្រមួយចំនួន និងយន្តហោះផ្សេងទៀតត្រូវបានដាក់ពង្រាយដើម្បីជួយអ្នកពន្លត់អគ្គីភ័យចំនួន ១,២០០ នាក់ ។

ទន្ទឹមនោះផ្នែកមួយចំនួននៃផ្លូវហាយវេពីទីក្រុង Marseille ទីក្រុង Martigues ត្រូវបានបិទផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP