ភ្លៀង​កក់ខែ​១​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោកបក់​លើ​ផ្ទះ ​ប្រជាពលរដ្ឋ​ខូចខាត​អស់​ជាច្រើន​ខ្នង​ក្នុង​ខេត្ត​បាត់ដំបង

បាត់ដំបង ៖ យោងតាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​ ដែល​កម្ពុ​ជាថ្មី​ទើប​ទទួល​បាន​បន្ថែម​ពាក់ព័ន្ធ​និង​ករណី​មាន​ភ្លៀង​កក់ខែ​១​មេ​ លាយឡំ​និង​ខ្យល់​កន្ត្រាក់​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​កន្លង​ថ្មីៗ​នេះ​ថា​ បាន​បោកបក់​គ្រប​ដណ្ដប់​លើ​ស្រុក​ចំនួន​២​ នៃ​ខេត្ត​បាត់ដំបង​ គឺ​ស្រុក​ថ្មគោល​និង​ស្រុក​ភ្នំព្រឹក​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៣០​ខ្នង ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​របើក​ដំបូល​អស់។

​បើ​តាម​របាយការណ៍​ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​បាត់ដំបង ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​២៥ ​ខែមីនា ​ឆ្នាំ​២០២០​កន្លងមក​ថ្មីៗ​នេះ ​មាន​ឧបទ្ទវហេតុ​ខ្យល់​កន្ត្រាក់​និង​ភ្លៀង​កក់ខែ​មួយ​មេ​ធំ​ បាន​គ្រប​ដណ្ដប់​លើ​មូលដ្ឋាន​ស្រុក​ចំនួន​២​ ក្នុង​ខេត្ត​បាត់ដំបង​ ដែល​បង្ខំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ទីតាំង​ខាងលើ​ជម្លៀស​ខ្លួន​ទាំង​យប់​ ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាព​រៀងៗ​ខ្លួន​ដោយ​សារ​តែ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង​។

​ដោយហេតុ​ការ​នេះ​បាន​កើតឡើង​ក្នុង​ករណី​ទី​១ ​នៅ​វេលា​ម៉ោង​៦:៤០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែ​មីនា​ឆ្នាំ​២០២០​ ត្រង់​ចំណុច​ឃុំ​បួរ​និង​ឃុំ​បារាំង​ធ្លាក់​ ក្នុងស្រុក​ភ្នំព្រឹក​បណ្ដាល​ឲ្យ​របើក​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នង​ផ្ទះ ​ក្នុង​នោះ​ឃុំ​បួរ​រង​ការ​ប៉ះពាល់​ចំនួន​១៣​ខ្នង​ និង​ឃុំ​បារាំង​ធ្លាក់​ចំនួន​១២​ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​ចាប់ពី​៤x៥​ម៉ែត្រ​និង​មួយ​ចំនួន​ទៀត​មាន​ទំហំ​៧x៩​ម៉ែត្រ​។

ចំណែក​ករណី​ទី​២​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៧និង០០​នាទី​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២០​ ប៉ះពាល់​ប៉ើង​របើក​ដំបូល​ផ្ទះ​អស់​ចំនួន​០៩​ខ្នង ​និង​រោង​គោ​១​ខ្នង​ទៀត​ខូចខាត​អស់ទាំង​ស្រុង​ក្នុង​ឃុំ​អន្លុង​រុន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយពី​បាន​ស្រង់​តួលេខ​សរុប​រួចមក ​មន្ត្រី​មូលដ្ឋាន​នឹង​កំពុង​រាយការណ៍​ដល់​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្ត​បាត់ដំបង​ផង​ដែរ​រង់ចាំ​ការរៀបចំ​អំណោយ​ជួយ​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​ខាងលើ​ដែល​បាន​រង​ផល​ប៉ះពាល់​ក្នុង​ហេតុ​ការ​ខាង​លើ​នេះ​៕​

អត្ថបទ៖ សៅ សារិទ្ធ​