BREAKING NEWS
Search

ភ្លៀង​នាំ​ខ្យល់​កន្ត្រាក់ ​បោក​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជិត ៨០ខ្នង​

​បាត់ដំបង ៖​ ភ្លៀង​មួយ​មេ​យ៉ាង​ធំ បានអូសបន្លាយ​ពេល​រាប់​ម៉ោង ព្រមទាំង​បាន​នាំមក​ជាមួយ​នូវ​ខ្យល់​កន្ត្រាក់ ព្រមទាំង​បាន​បោកបក់​ទៅលើ​ស្រុក​ចំនួន​៣ ដោយ​បាន​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​អស់​ជិត៨០ខ្នង រួម​ជាមួយ​នឹង​ដើមឈើ​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ​ទេ។

ភ្លៀងខ្យល់​នេះ​ បាន​បោកបក់​ដំណាលៗ​គ្នា នា​រសៀល​ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​២០១៧ ទៅលើ​ស្រុក​ចំនួន​៣ គឺ​ស្រុក​មោងឬស្សី ស្រុក​គាស់ក្រឡ និង​ស្រុក​បាណន់។ បើ​យោង​ទៅលើ​របាយការណ៍​របស់​សមត្ថកិច្ច​ គឺ​បាន​បញ្ជាក់ថា ស្រុក​មោងឬស្សី បាន​ប៉ះពាល់​ទៅ​​លើ​ភូមិ​សួស្តី ក្នុង​ឃុំ​តា​លាស់ និង​ភូមិ​ទួល​ព្រំ​១ ក្នុង​ឃុំ​កកោះ ដោយ​បាន​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​១៩​ខ្នង ក្នុង​នោះ​របើក​ដំបូល និង​ជញ្ជាំង ចំនួន១៥​ខ្នង រលំ​ខូចខាត​ទាំងស្រុង​ចំនួន​១​ខ្នង និង​ធ្លាក់​ពីលើ​ជើង​តាង​ចំនួន​៣​ខ្នង។​

ដោយឡែក​នៅក្នុង​ស្រុក​បាណ​ន់ គឺ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ទៅលើ​ឃុំ​ស្នឹង និង​ឃុំ​ភ្នំ​សំពៅ ដែល​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​សរុប​ចំនួន ២៩ខ្នង ក្នុងនោះរបើក​ដំបូល​ និង​ជញ្ជាំង​ចំនួន ២៥ខ្នង ខូចខាត​ទាំងស្រុង​ចំនួន ៣ខ្នង និង​ធ្លាក់​ពីលើ​ជើងតាង​អស់​ចំនួន​១​ខ្នង។​

របាយការណ៍​បាន​បន្តថា ចំណែក​នៅក្នុង​ស្រុក​គាស់ក្រឡ គឺ​ខ្យល់​កន្ត្រាក់​ក៏បាន​បោកបក់​ទៅលើ​ភូមិ​គោក​រកា ក្នុង​ឃុំ​ដូន​បា ដោយបាន​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​២៩​ខ្នង ក្នុង​នោះ​​គឺ​របើក​ដំបូល និង​ជញ្ជាំង អស់​ចំនួន​២៥​ខ្នង និង​រលំ​ទាំងស្រុង​អស់​ចំនួន​៤​ខ្នង។

ក្រោយពេល​ស្ងប់ កម្លាំង​សមត្ថកិច្ច​ទាំងពីរ​អង្គភាព បានដាក់​កម្លាំង​ឲ្យ​ចុះជួយ​ប្រជាពលរដ្ឋ​ ដើម្បី​ជួសជុល​ឡើងវិញ​នូវ​ផ្ទះ​ណា​ដែល​រង​ការខូចខាត​បន្តិចបន្តួច ដោយឡែក​ផ្ទះ​ណា​ដែល​ធ្ងន់ធ្ងរ ត្រូវបាន​រាយការណ៍​ទៅ​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114