មនុស្សជាង១៣០នាក់ស្លាប់ ដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរកើតមាននៅបា៉គីស្ថាននិងអាហ្វហ្គានីស្ថាន

ផ្ទាំងទឹកកក ទឹកជំនន់ និងអាកាសធាតុនារដូវត្រជាក់រងាបានសម្លាប់មនុស្សអស់ជាង ១៣០នាក់ នៅទូទាំងប្រទេសបា៉គីស្ថាននិងអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្រុមមន្ត្រីបាននិយាយដូច្នេះកាលពីថ្ងៃអង្គារ ខណៈពេលដែលអាជ្ញាធរកំពុងខ្នះខ្នែងស្វែងរកមនុស្សដែលជាប់គាំងដោយសារព្រិលធ្លាក់យ៉ាងក្រាស់។

នៅទូទាំងប្រទេសបា៉គីស្ថានវិញយ៉ាងហោចមនុស្ស៩៣នាក់ស្លាប់ និង៧៦នាក់រងរបួស ដោយនៅមានមួយចំនួនទៀតបាត់ខ្លួននៅឡើយ នៅពេលដែលមនុស្ស៣៩នាក់ទៀតបានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរបានរាយការណ៍។ ផ្នែកឧតុនិយមបានលើកឡើងថា អាកាសធាតុដ៏ធ្ងន់ធ្ងរកំពុងតែបន្តកើតមានទៀត។

តំបន់កាស្មៀរបា៉គីស្ថានរងការប៉ះពាល់ដ៏ធ្ងន់ធ្ងរជាងគេបំផុត ដោយមានមនុស្ស៦២នាក់ស្លាប់ និង១០នាក់ទៀតកំពុងបាត់ខ្លួន។ នេះជាការលើកឡើងនៅក្នុងសេចក្តីប្រកាសមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចាំរដ្ឋ៕ អា.អេហ្វ.ប៉េ

ប្រែសម្រួល៖ ស.ប.ឆ