មនុស្សម្នា​ក់បាន​ស្លាប់​នៅពេល​ព្យុះ​ទី​ហ្វុ​ង Hagibis សំដៅទៅ​ប្រទេស ជប៉ុន

នៅ​ថ្ងៃ​សៅរ៍ ព្យុះ​ទី​ហ្វុ​ង Hagibis ដ៏​មាន​ឥទ្ធិពល​បាន​ឆក់យក​ជីវិត​មនុស្ស​ដំបូងបង្អស់​មុនពេល​បង្ក​ឲ្យ​មានការ​បាក់​ដី​ខណៈ​ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​ខ្លាំង​បាន​ជំរុញ​ឲ្យ​មានការ​បញ្ជា​ជម្លៀស​ប្រជាជន​ជាង​១.៦​លាន​នាក់​។​

ដោយ​ត្រូវបាន​ចាត់ថ្នាក់​ថា​ជា​ព្យុះ “​ធំ​និង​ខ្លាំង​បំផុត​”, ព្យុះ​នេះ​ក៏បាន​បង្ខំ​ឲ្យ​លុបចោល​ការប្រកួត​បាល់ឱប​ពិភពលោក​ចំនួន​២​ប្រកួត​ផងដែរ​ហើយ​រំខាន​ដល់​ការប្រណាំង​រថយន្ត Japanese Grand Prix និង​រាំងស្ទះ​ជើងហោះហើរ​ជាង​១,៦០០​ជើង​។​

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន (JMA) បាន​និយាយថា ព្យុះ​នេះ​ត្រូវបាន​ព្យាករណ៍​ថា​នឹង​វាយប្រហារ​ដីគោក​កណ្តាល​ឬ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ដោយ​នាំមក​ជាមួយ​នូវ​កម្លាំង​ខ្យល់​បក់​អតិបរមា​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​មុនពេល​ព្យុះ​ដ៏​អាក្រក់​បំផុត​នេះ​មកដល់ ព្យុះ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ទី​១​នៅ​ខេត្ត Chiba ភាគ​ខាងកើត​ទីក្រុង​តូ​ក្យូ​។​

អ្នកនាំពាក្យ​នៅ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ Ichihara ក្នុង​ខេត្ត Chiba លោក Hiroki Yashiro បាន​ប្រាប់ AFP ថា “​បុរស​អាយុ​៤៩​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រថយន្ត​ដឹកទំនិញ​ខ្នាតតូច​មួយគ្រឿង​។ គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ត្រូវបាន​បញ្ជាក់ថា​ស្លាប់​”​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ព្យុះ Hagibis ត្រូវបាន​គេ​ព្យាករណ៍​ថា​ជា​ព្យុះ​ទី​១​ដែល​គេ​ចាត់ថ្នាក់​ថា “​មាន​កម្លាំង​ខ្លាំង​” ដែល​វាយប្រហារ​កោះ Honshu ចាប់តាំងពី​ឆ្នាំ​១៩៩១​មក​នៅពេល​ប្រព័ន្ធ​កំណត់​ប្រភេទ​ព្យុះ​ត្រូវបាន​គេ​ណែនាំ​។​

នៅពេល​ថ្ងៃត្រង់ ប្រជាជន​១.៦៤​លាន​នាក់​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​គឺ​ស្ថិតនៅក្រោម​បទបញ្ជា​ជម្លៀស​ដែល​មិនចាំបាច់​ខណៈ​អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​មនុស្ស​ចាស់ជរា ជនពិការ​និង​អ្នក​ដែល​មានកូន​ចាក​ចេញទៅ​មុនគេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114