Asean Worker

មនុស្ស​រាប់សិបលាន​នាក់​នៅ​អាស៊ាន នឹង​បាត់​បង់​ការងារ​ដោយ​សារវីរុស​កូវីដ ១៩

ពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​អាស៊ាន រាប់​សិប​លាន​នាក់ កំពុង​ប្រឈម​បាត់​បង់​ការងារ ស្រប​ពេល​បណ្តា​ប្រ​ជាជាតិ​អាស៊ាន​ទាំង ១០ កំពុងតែ​ផ្តោត​ខ្លាំង​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង ទប់​ស្កាត់​ការ​រីក​រាល​ដាល​វីរុស​កូវីដ ១៩ ខណៈ​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ប្រព័ន្ធ​សុខាមាលភាព​សង្គម​ទន់​ខ្សោយ នឹង​ប្រឈម​កាន់​តែ​ខ្ពស់។

របាយការណ៍​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ ហៅកាត់ Escap លើក​ឡើង​ថា រដ្ឋាភិបាល​ក្នុង​តំបន់ គួរ​តែ​ពង្រឹង​គោល​នយោបាយ រក្សា​ និង​សន្សំ​ទីផ្សារ​ការងារ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ទៅ​ដល់​ពលរដ្ឋ​មាន​កម្រិត​ជីវភាពក្រីក្រ​ក្នុង​ប្រទេស​របស់​ខ្លួន។

គោលនយោបាយ​ដាក់​ចេញ​ដោយ Escap កាល​ពី​ថ្ងៃ​ទី ២៦ មីនា បាន​គូស​បញ្ជាក់​ថា ស្រប​ពេល​ទិន្នន័យ​ជាក់​លាក់​ពី​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ ១៩ នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ជាក់​លាក់​នៅ​ឡើយ​នោះ ផល​ប៉ះពាល់​ភាគ​ច្រើន ទំនងនឹង​ធ្លាក់​ទៅ​លើវិស័យ​សេវាកម្ម ផលិត​កម្ម ដែល​ពឹង​ផ្អែក​កម្លាំង​ពលកម្ម​ក្នុង​តំបន់​អាស៊ាន ក្នុង​នោះ​ច្រើន​ជាង ៨០% គឺ​ជា​វិស័យ​ពាណិជ្ជ​ក្រៅ​ប្រព័ន្ធ រួម​ទាំង​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​ជា​វិស័យ​រួម​ចំណែក​ដល់​ទី​ផ្សារ​ការងារ​យ៉ាង​ច្រើន​ក្នុង​ប្រទេស​ទាំង​នោះ។

នាយក​ផ្នែក​អភិវឌ្ឍគោល​នយោបាយ​មីក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ Escap លោកបណ្ឌិត Hamza Ali Malik លើក​ឡើង​ថា ការ​ងារ​រាប់សិប​លាន កំពុង​បាត់​បង់​ជា​បណ្តើរៗ​នៅ​ពេល​នេះ គ្រាន់​តែ​ទិន្នន័យ​ច្បាស់​ការ ត្រូវ​ការ​ពេល​វេលា​តាម​ដាន​ប៉ុណ្ណោះ។

លោក​ថា សហគ្រាស​ខ្នាត​តូច និង​ធម្យម នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ ហេតុ​នេះ​អ្វី​ពួក​គេ​ត្រូវការ​ជា​ចាំ​បាច់ គឺ​ជា​ជំនួយ​ដើម្បី​ស្តារ​លទ្ធភាព​ការងារ ដោះ​ស្រាយ​ជា​មួយ​ស្ថានការណ៍​លំ​អោន​ភាព​សេដ្ឋ​កិច្ច​កំពុង​កើត​មាន​នៅ​ពេល​នេះ។

លោក Hamza Ali Malik បញ្ជាក់​ដែរ​ថា សម្រាប់​ប្រទេស​មាន​ប្រព័ន្ធ​សុខាមាលភាព​សង្គម​ល្អ​ប្រសើរ ពួក​គេ​អាច​នឹង​មាន​លទ្ធភាព​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ប៉ុន្តែ​ប្រជាជាតិ​កំពុង​អភិវឌ្ឍ​ជាច្រើន មិន​មាន​ប្រព័ន្ធ​សុខាមាលភាព​សង្គម​ប្រសើរ​នោះ​ឡើយ ដូច្នេះ​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​នោះ គឺ​ជា​ក្រុម​មនុស្ស​ងាយ​រងគ្រោះ នៅ​ពេល​ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ឬបាត់​បង់​ការ​ងារ។

នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ដែរ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ ADB បាន​ចេញ​របាយការណ៍​ថ្មី​មួយ ដោយ​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​អាស៊ាន នឹង​ធ្លាក់​ចុះ​ពី ៤,៤% ក្នុង​ឆ្នាំ ២០១៩ មក​នៅ​ត្រឹម ១% ក្នុង​ឆ្នាំ ២០២០ នេះ មុន​នឹង​បន្ត​ឡើង ៤,៧% នៅ​ឆ្នាំ ២០២១។ ADB បញ្ជាក់ថា បញ្ហា​នេះ គឺ​ដោយ​សារ​​សេដ្ឋកិច្ច​ប្រជាជាតិ​អាស៊ាន​ភាគ​ច្រើន គឺ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Straits Times