មនុស្ស​៤​នាក់​បាន​រង​របួស​ធ្ងន់​ ស្រាល​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្រុង​កំពង់ឆ្នាំង

កំពង់ឆ្នាំង​ ៖​ មនុស្ស​៤​នាក់​រង​របួស​ធ្ងន់ ​ស្រាល​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ ៣​គ្រឿង កង់​១ គ្រឿង ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​ពី​ទិស​ត្បូង​ទៅ​ជើង និង​ពី​ទិស​កើត​ទៅ​លិច កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ ២០២០ វេលា​ម៉ោង ១៦.០៥​នាទី ។​

​ហេតុការណ៍​ខាង​លើ​នេះ​កើតឡើង​នៅ លើ​ផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ (87-88) ចំណុច​ខាងមុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិត​ក្នុង​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បណ្ដាល​មកពី​រថយន្ត​ម៉ាក​នី​សា​ន់ (​ណា​វ៉ា​រ៉ា​) ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-7436 បើកបរ​ពី​ទិស​ខាង ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជាន់​ហ្វ្រាំង​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​៣​គ្រឿង និង​កង់​១​គ្រឿង​ដែល​បម្រុង​នឹង​ឆ្លងកាត់​ផ្លូវ​បណ្ដាល​ឲ្យកើ​ត​មាន​គ្រោះថ្នាក់​តែម្ដង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​របួស​មនុស្ស​ចំនួន ៤​នាក់ (​ស្រី​ម្នាក់​របួសធ្ងន់​) ។ រង​ការខូចខាត​ដូចជា ៖ ខូច​ម៉ូតូ ៣​គ្រឿង កង់​១​គ្រឿង រថយន្ត ១​គ្រឿង បង្គោល​ភ្លើង ១​ដើម​ខូច​កំពិត និង​ធ្លាក់​អំពូល​បែក​ចំនួន ១ ។​

​ក្រោយ​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​វាស់វែង​ប្រមូល​មធ្យោបាយ​ជា​វត្ថុតាង​និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ១​នាក់​ឈ្មោះ លី ហួត ឋានន្តរសក្ដិ​អនុសេនីយ៍ឯក​ជា​យោធា ក្នុង​អង្គភាព​វិស្វកម្ម​ក្រសួងការពារជាតិ ។

​វត្ថុតាង និង​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕


អត្ថបទ៖ ថ្លាង ទូច​